en     km
en     km

មន្ទីរវប្បធម៌ខេត្តកំពង់ចាម កោះហៅម្ចាស់ហ្វេសប៊ុក បង្ហោះចម្រៀងប៉ះពាល់តម្លៃសីលធម៌សង្គម ធ្វើកិច្ចសន្យា

Share

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកោះហៅម្ចាស់ហ្វេសប៊ុកមួយដែលបង្ហោះវីដេអូចម្រៀង ដោយមានស្ដ្រីម្នាក់ច្រៀងនៅតាមវង់តន្ដ្រី និងប្រើពាក្យពេចន៍(ប៉ារូលចម្រៀង) ធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ដ្រី  និងតម្លៃវប្បធម៌ជាតិ ទៅធ្វើកិច្ចសន្យា។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ជាក់ថា ការកោះហៅរបស់មន្ទីរវប្បធម៌ខេត្ត ដើម្បីធ្វើការអប់រំ ណែនាំ ដល់ក្រុមតន្ដ្រី និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការប្រើប្រាស់ពាក្យពេចន៍អសីលធម៌ ប៉ះពាល់ប្រពៃណីវប្បធម៌ និងសីលធម៌សង្គមតទៅទៀត។

ការកោះហៅនេះ ធ្វើឡើងក្រោយម្ចាស់ហ្វេសប៊ុកមួយ ឈ្មោះថា កុសល់ ប្រម៉ូតតន្ដ្រី បានបង្ហោះវីដេអូចម្រៀងនោះ និងមានការរិះគន់យ៉ាងចាស់ដៃពីអ្នកបញ្ចេញមតិក្នុងបណ្ដាញសង្គម ថាប៉ះពាល់ដល់តម្លៃស្ដ្រី និងសង្គម។ លោក កាយ សុសល ជាម្ចាស់គណនីហ្វេសប៊ុន បានសន្យាជាមួយមន្ទីរវប្បធម៌ខេត្តកំពង់ចាមថា ឈប់បង្ហោះមាតិកា រូបភាព ឬវីដេអូ និងចម្រៀងដែលមានពាក្យពេចន៍ អសុរោះ ធ្វើឱ្យប៉ះពាល់តម្លៃវប្បធម៌ជាតិខ្មែរ លើបណ្ដាញសង្គមដូចជា ហ្វេសប៊ុក តិកតុក យូធូបទៀតហើយ។ បើសិនមិនគោរពតាមកិច្ចសន្យា លោកព្រមទទួលខុសត្រូវចំពោះមុខច្បាប់។

ទាក់ទងនឹងរឿងប៉ះពាល់សីលធម៌សង្គមនេះ លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យធ្លាប់បានលើកឡើងថា សីលធម៌សង្គមនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការ ប្រើពាក្យសម្ដីអសុរោះក្នុងបណ្ដាញសង្គម មិនថាពីសំណាក់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំមួយចំនួននោះទេ។ លោកស្រីស្នើឱ្យអ្នកនយោបាយ អ្នកដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់ គួរពិចារណាពីទង្វើដែលធ្វើឱ្យប៉ះពាល់ដល់សង្គមឡើងវិញ ដើម្បីលើកកម្ពស់សីលធម៌ក្នុងសង្គមជាតិ និងកុំឱ្យអ្នកជំនាន់ក្រោយយកគម្រូតាម។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ បានលើកទឹកចិត្ត ដល់អ្នកបង្កើតមាតិកាកម្សាន្ត ក្នុងបណ្តាញសង្គម និងសាធារណៈជនទូទៅ ជាពិសេសអ្នកបង្កើតវេទិកាជ្រកក្រោមវីដេអូអប់រំ ឲ្យងាកទៅបង្កើតមាតិកាកម្សាន្ដ ដែលជួយលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម ព្រមទាំងលើកកម្ពស់ស្រ្ដីភេទ និងកុមារផងដែរ។

ក្រសួងក៏ទទួលស្គាល់ថា បច្ចុប្បន្នសីលធម៌សង្គម ធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលបណ្តាលមកពីចរន្តសាកលភាវូបនីយកម្ម បច្ចេកវិទ្យាទំនើប ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយពុំបានគិតគូរ ដល់ផលប៉ះពាល់នានា ខណៈបច្ចុប្បន្ន ស្របជាមួយនឹងការផ្សព្វផ្សាយលើកតម្លៃសីលធម៌សង្គម នៅមានកម្រិត៕

Share

Image
Image
Image