en     km
en     km

UN៖ មនុស្សជាង២៨០,០០០នាក់ព្រាត់ប្រាសផ្ទះសម្បែង ក្រោយការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាថ្មីៗនេះ

Share

អង្គការសហប្រជាជាតិ(UN) បានឱ្យដឹងថា មនុស្សសរុបកើនដល់ជាង២៨៦,០០០នាក់ហើយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែការប្រយុទ្ធគ្នាប៉ុន្មានសប្តាហ៍មកនេះ ​រវាងក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច ជាមួយកងកម្លាំងរដ្ឋាភិបាលយោធា។ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Farhan Haq អ្នកនាំពាក្យរងតំណាងឱ្យអគ្គលេខាធិការ UN លោក Antonio Guterres មានប្រសាសន៍ថា ក្រុមភ្នាក់ងារ​កិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថាការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងយោធាមីយ៉ាន់ម៉ា កំពុងតែបន្ត ដែលបានរាលដាលទៅកន្លែងជាច្រើនទៀត រួមមានទាំងតំបន់ទីប្រជុំជន​ផងដែរ។

អ្នកនាំពាក្យរូបនេះឱ្យដឹងទៀតថា កន្លែងដែលមានការប្រយុទ្ធគ្នាខ្លាំងធ្ងន់ធ្ងរជាងគេ គឺស្ថិតនៅរដ្ឋ Shan, Sagaing, Kayah, Rakhine និង Chin ដែលត្រឹមថ្ងៃទី២២ វិច្ឆិកា មនុស្សកើនដល់ជាង ២៨៦,០០០នាក់ ត្រូវបានបង្ខំរត់ភៀសខ្លួនពីផ្ទះសម្បែង គិតចាប់តាំងពីការកើនឡើង​នៃការប្រយុទ្ធគ្នា កាលចុងខែតុលា ហើយតួលេខនេះ ត្រូវបានរំពឹងថា នឹងបន្តកើនឡើងថែមទៀត។ ទន្ទឹមនឹងអ្នកជម្លៀសខ្លួនពីផ្ទះសម្បែងកាន់តែកើនឡើង លោក Haq អំពាវនាវឱ្យមានការជួយផ្តល់មូលនិធិ​ជាបន្ទាន់ សម្រាប់ជំនួយមនុស្សធម៌ ដល់ពួកគេ។

ការប្រយុទ្ធគ្នាខ្លាំងបានផ្ទុះឡើងកាលពីថ្ងៃទី២៦ ខែតុលា នៅរដ្ឋ Shan ភាគខាងជើង កៀកព្រំប្រទល់ប្រទេសចិន នៅពេលចលនាប្រដាប់អាវុធជនជាតិភាគតិច ចំនួន៣ក្រុម បានសហការគ្នាបើកការវាយប្រហារប្រឆាំងកងកម្លាំងរបស់របបយោធា។ ក្រោយមក ចលនា Arakan Army (AA) ដែលស្ថិតក្នុងសម្ព័ន្ធភាពខាងលើ ក៏បានបើកការវាយប្រហារកាលពីដើមសប្តាហ៍មុន នៅរដ្ឋ Rakhine ភាគខាងលិច ហើយការប្រយុទ្ធគ្នាកើតមានឡើង នៅរដ្ឋ Kayah ភាគខាងកើត មានទីតាំងមិនឆ្ងាយប៉ុន្មានពីព្រំប្រទល់ថៃ៕

 

Share

ព័ត៌មានទាក់ទង

Image