en     km
en     km

ការផលិតសៀវភៅកុមារតាមឌីជីថល ជំរុញការអប់រំស្របតាមសម័យបច្ចេកវិទ្យា

Share

សង្គមកាន់តែទំនើប ការអប់រំក៏ត្រូវបត់បែនទៅតាមនោះដែរ។ ទាក់ទិននឹងចំណុចនេះ ការផលិតសៀវភៅកុមារតាមឌីជីថលជាការអប់រំមួយដែលស្របទៅតាមសម័យបច្ចេកវិទ្យា។  អ្នកផលិតសៀវភៅកុមារតាមឌីជីថលជំរុញអាណាព្យាបាលគ្រប់រូប គួរតែចាប់អារម្មណ៍និងស្វែងយល់ឱ្យកាន់តែច្បាស់ពីរបត់សង្គមក្នុងសម័យឌីជីថល ហើយអាណាព្យាបាល អាចដោនឡូតកម្មវិធីល្អៗមកប្រើប្រាស់ ដើម្បីទទួលបានចំណេះដឹងថ្មីៗនិងបង្កើតទម្លាប់អាន ចៀសវាងប្រើប្រាស់ទូរសព្ទក្នុងផ្លូវអវិជ្ជមាន​។

លោក សរ វីរៈតារា ជាមន្ត្រីកម្មវិធីតោះអាន នៃអង្គការមូលនិធិអាស៊ី បានលើកឡើងថា នៅក្នុងឆ្នាំ២០១៦ កម្មវិធីទូរសព្ទនិងជាបណ្ណាល័យឌីជីថលតោះអាន បានក្លាយជាគំនិតផ្តួចផ្តើម​​មួយក្នុងគោលបំណងបង្កើតសៀវភៅកុមារស្របតាមបរិបទនិងកម្រិតកុមារកម្ពុជា និងបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃលើបណ្ណាល័យឌីជីថលក្នុងគោលបំណងជំរុញឱ្យកុមារកម្ពុជាទទួលបានអក្ខរកម្មដូចៗគ្នា។ លោកបន្តថា មិនថាកុមារនៅទីណានោះទេ អាណាព្យាបាលនិងលោកគ្រូអ្នកគ្រូរបស់ពួកគេ អាចប្រើប្រាស់បណ្ណាល័យតោះអានដើម្បីអានតាមផ្ទះនិងនៅសាលាជាមួយពួកគាត់បាន។ នៅក្នុងបណ្ណា​ល័យឌីជីថលតោះអាន មានសៀវភៅជាច្រើនប្រភេទដូចជា រឿងព្រេងនិទាន វិទ្យាសាស្ត្រ កំប្លែង ក្មេងស្រីអង់អាចក្លាហាន តួអង្គសត្វ ដំណើរផ្សងព្រេង ការត្រិះរិះពិចារណា និងសហគមន៍ជាដើម។ រីឯកម្រិតសៀវភៅវិញ គឺមានចាប់ពីកម្រិត១ដល់កម្រិត៥ និងក្រុមកុមារគោលដៅដែលមានអាយុចាប់ពី៣ឆ្នាំដល់១០ឆ្នាំ។

លោក សរ វីរៈតារា មន្ត្រីកម្មវិធីតោះអាន (អង្គុយនៅខាងឆ្វេង)

លោកបន្ថែមថា ប្រភេទរឿងនីមួយៗគឺល្អទាំងអស់សម្រាប់កុមារ ប៉ុន្តែកុមារភាគច្រើនចូលចិត្តអានរឿងដែលមានតួអង្គសត្វនិងមានគំនូរស្អាត។ ជាក់ស្តែង នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ មានរឿង៣ដែលទទួលបានការអានច្រើនជាងគេ គឺរឿងតោះខ្ញុំទៅដែរ រឿងបើខ្ញុំចេះសន្សំសំចៃ និងរឿងព្រោះខ្ញុំពកក្បាល​។

លោក គង់ សុខកេង ដែលជាអាណាព្យាបាលមួយរូបបានបង្ហាញចំណាប់អារម្មណ៍ថា ការប្រើប្រាស់ app មួយនេះ គឺជាការអប់រំបែបឌីជីថលមួយសម្រាប់កុមារក៏ដូចជាមនុស្សទូទៅ​ ព្រោះវាមិនសម្រាប់តែកុមារអានកម្សាន្តនោះទេ វាក៏ជាកត្តាសំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវនិងបណ្ដាមនុស្សផ្សេងទៀតដែលពួកគេអាចរៀនសូត្របន្ថែម ហើយចំណេញច្រើនក្នុងទិញសៀវភៅទៀតផង។ ជាមួយគ្នានេះដែរ លោកឃើញថាកុមារភាគច្រើនគាត់លេងទូរសព្ទឬមើលកម្មវិធីផ្សេងៗក្នុងន័យកម្សាន្តសប្បាយ​ បើឪពុកម្ដាយរបស់ពួកគាត់ទម្លាប់កុមារឱ្យមកប្រើប្រាស់ app នេះ ឬក៏អានរឿង ឬក៏មើលរូបភាពនៅក្នុង app នេះ នឹងជួយអភិវឌ្ឍន៍គំនិតបញ្ញាស្មារតីរបស់កុមារបានមួយកម្រិតផងដែរ។

លោក គង់ សុខកេង 

ដោយឡែកកញ្ញា ម៉ិល សុភាវត្តី ដែលជាអ្នកអានមួយរូបក្នុង app នេះ បានបញ្ចេញអារម្មណ៍ថា កញ្ញាទទួលបានការរីកចម្រើនអំពីការអានជាមួយនឹងសាច់រឿងដែលមានការអប់រំជាច្រើនផ្នែក។ រឿងដែលកញ្ញាធ្លាប់អាននិងចងចាំមានដូចជាទូលូថតរូប តូរីដ៏ក្លាហាន កូនស្វានិងត្រី។ ចុងក្រោយ កញ្ញាថាការអានជាកត្តាដ៍សំខាន់បំផុតសម្រាប់កុមារក្នុងការបណ្តុះស្មាតីនិងចំណេះដឹងជាច្រើនចំពោះកូនៗ។ ដូច្នេះ​អាណាព្យាបាលគួរតែចំណាយពេលវេលាក្នុងការអានជាមួយកូនៗឱ្យបានច្រើន។

កញ្ញា ម៉ិល សុភាវត្តី (ឈរនៅកណ្តាល)

លោក សរ វីរៈតារា លើក​ទឹកចិត្តដល់អាណាព្យាបាលគ្រប់រូប គួរតែអានសៀវភៅត្រឹម១៥នាទីជារៀងរាល់ថ្ងៃជាមួយកូន ប្រសើរជាងអាន២ម៉ោង ប៉ុន្តែមិនបានរាល់ថ្ងៃ។ មួយវិញទៀត សូមព្យាយាមប្រើទូរសព្ទ ឬថេបប្លេតអានក្នុងបណ្ណាល័យតោះអាន ឬ App ល្អៗផ្សេងទៀតជាមួយកូន ដើម្បីសន្សាំពួកគាត់ជាមួយឌីជីថលចាប់ពីមត្តេយ្យសិក្សា ព្រោះពួកគាត់នឹងត្រូវប្រើប្រាស់ឌីជីថលក្នុងការសិក្សានិងការងាររបស់ពួកគាត់ទៅថ្ងៃអនាគត​។ លោកសង្កត់ធ្ងន់ថា នេះមិនមែនបានន័យថា យើងបណ្តោយឱ្យកុមារអានខ្លួនឯងនោះទេ គឺអាណាព្យាបាលត្រូវអាន ចាក់ស្តាប់ ឬមើលវីដេអូអប់រំក្នុងឌីជីថលជាមួយពួកគាត់ ដោយអាណាព្យាបាលជាអ្នកដឹកនាំ។

មន្ត្រីកម្មវិធីតោះអាន នៃអង្គការមូលនិធិអាស៊ីរូបនេះ បានឱ្យដឹងថា កម្មវិធីតោះអាន បានបោះពុម្ពសៀវភៅរាប់ម៉ឺនក្បាលចែកជូនដល់កុមារទូទាំងប្រទេសកម្ពុជា កាលពីពេលកន្លងមក។ ហើយក៏នឹងមានគម្រោងបោះពុម្ព៥០០០ក្បាលទៀតក្នុងឆ្នាំ២០២៤ខាងមុខនេះ ដើម្បីលើកស្ទួយអក្ខរកម្មសម្រាប់កុមារតាមរយៈការអានសៀវភៅបោះពុម្ពនិងអានសៀវ​ភៅឌីជីថល។ លោកក៏បានបន្ថែមថា កម្មវិធីតោះអាននឹងបន្តផលិតសៀវភៅរឿងកុមារជាច្រើនទៀត ហើយក៏កំពុងវិវឌ្ឍខ្លួនដោយបន្ថែមមុខងារ វិថីអំណាន (Learning Pathway) ដែលជាលក្ខណៈថ្មីនិងសប្បាយសម្រាប់កុមារ។​ លើសពីនេះ ក៏បានផលិតកម្មវិធីសិក្សាសម្រាប់ថ្នាក់មត្តេយ្យកម្រិតខ្ពស់ ហើយនឹងមានគម្រោងធ្វើវឌ្ឍនភាពកម្មវិធីសិក្សានេះជាមួយក្រសួងអប់រំផងដែរ៕

អត្ថបទខ្លីសរសេរដោយ លោក សាត ឌិច សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)

Share

Image
Image
Image