en     km
en     km

🟢ផ្ទៀងផ្ទាត់៖តើកម្ពុជាមានថាមពលកកើតឡើងវិញ ឬថាមពលស្អាត ចំនួនជាង៦២% មែនដែរឬទេ?

Share

ប្រទេសកម្ពុជា មានថាមពលស្អាត ឬថាមពលកកើតឡើងវិញជាង៦២% គិតត្រឹមឆ្នាំ២០២២។ នេះបើតាមការលើកឡើងពីលោករដ្ឋមន្ក្រីក្រសួងរ៉ែ និងថាមពល ក្នុងវេទិការស្ដីពី គោលនយោបាយរ៉ែ និងថាមពលនាថ្ងៃម្សិលមិញនេះ។ តើកម្ពុជាពិតជាមានថាមពលកកើតឡើងវិញ ឬថាមពលស្អាត ចំនួនជាង៦២% មែនដែរឬទេ?

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

លោក កែវ រតនៈរដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា នៅកម្ពុជា គិតត្រឹមឆ្នាំ២០២២ មានថាមពលកកើតឡើងវិញ ឬថាមពលស្អាតមានប្រមាណជាង៦២% នៃថាមពលប្រើប្រាស់សរុបរបស់ប្រទេស។

លោករដ្ឋមន្ដ្រីបានលម្អិតថា ជាង៤០ភាគរយ នៃថាមពលស្អាតបានមកពីវារីអគ្គិសនី  ជាង១០ភាគរយ បានមកពីថាមពលពន្លឺព្រះអាទិត្យ នៅសល់ជាថាមពលបានពីជីវម៉ាស និងនាំចូលពីប្រទេសឡាវ។

លោក ហេង គឹមហុង ប្រធានស្រាវជ្រាវ និងតស៊ូ​មតិ​នៃសមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN) បានប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ដ្រីថា ប្រទេសកម្ពុជា គឺពិតជាបានប្រើប្រាស់ថាមពលស្អាត​ដែលបានផលិតនៅក្នុងស្រុកយ៉ាងច្រើនមែន ដោយក្នុងនោះថាមពលស្អាត គឺបានមកពីសូឡា(ថាមពលពន្លឺព្រះអាទិត្យ) និងជីវម៉ាសជាដើម។ តែជាមួយគ្នា ក៏នៅមានថាមពលព្រួយបារម្ភមួយចំនួនផងដែរ ដូចជាថាមពលដើរដោយឥន្ធនៈផូស៊ីល និងធ្យូងថ្ម ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន។

គោលការណ៍សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ គឺរដ្ឋជាសមាជិកទាំងអស់គួរតែប្រើប្រាស់ថាមពលកកើតឡើងវិញ ឬថាមពលស្អាតឱ្យបាន៣៥% នៅឆ្នាំ២០៣០។ តែកម្ពុជានៅត្រឹមឆ្នាំ២០២២ មានថាមពលស្អាតដល់ទៅជាង៦២%។ លោករដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ថាបច្ចុប្បន្នកម្ពុជាមានលទ្ធភាពផលិតថាមពលប្រមាណ ៤០០០មេហ្គាវ៉ាត់ក្នុងមួយឆ្នាំ ប៉ុន្ដែការប្រើប្រាស់ប្រចាំឆ្នាំមានប្រមាណ២៤០០ មេហ្គាវ៉ាតប៉ុណ្ណោះ។ លោក កែវ រតនៈថា ប្រទេសកម្ពុជាកំពុងពិចារណានាំចេញថាមពលរបស់ខ្លួនទៅកាន់ប្រទេសតំបន់នាពេលអនាគត។

លោក ហេង គឹមហុង គិតថា ជារឿងប្រសើរនិងជាគម្រូភាពមួយ ដែលកម្ពុជាគ្រោងនាំយកថាមពលទៅកាន់ប្រទេសក្នុងតំបន់។ យ៉ាងណាលោកនៅតែមានការព្រួយបារម្ភដដែល ពាក់ព័ន្ធដល់ប្រភពថាមពលដែលកកើតឡើងវិញ ជាពិសេសវារីអគ្គិសនី។ ទោះជាវារីអគ្គិសនីមិនបង្កផលប៉ះពាល់ដល់បរិយាកាស តែវាបង្កផលប៉ះពាល់ដល់បរិស្ថានសហគមដែលរស់នៅផ្នែកខាងលើ ខណៈរាជរដ្ឋាភិបាលនៅតែមានគម្រោងកសាងវារីអគ្គិសនីបន្ថែមទៀតតាមដងទន្លេ។

ដើម្បីឱ្យមានការផលិតថាមពលកកើតឡើងវិញ ឬថាមពលស្អាតគ្រប់គ្រាន់ រាជរាដ្ឋាភិបាលគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍មិនសាងសង់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ គឺជារឿងចាំបាច់។ នេះជាការលើកឡើងបន្ថែមពីប្រធានស្រាវជ្រាវ និងតស៊ូ​មតិ​នៃសមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN)ដដែល។ លោកស្នើឱ្យរាជរដ្ឋាភិបាល គួរតែមិនកសាងរោចក្រដែលដើរដោយធ្យូងថ្ម និងបញ្ចុះតម្លៃលើថាមពលពន្លឺព្រះអាទិត្យ តាមរយៈការបន្ថយពន្ធនាំចូល ដើម្បីឱ្យសូឡាចុះថោក។ ចំណែករឿងនាំចូលថាមពលពីប្រទេសឡាវ លោកបញ្ជាក់ថា ទោះចង់ឬមិនចង់ក៏ជាផ្នែកមួយដែលគាំទ្រឱ្យមានផលិតថាមពលអគ្គិសនី ពីវារីអគ្គិសនីតាមតួទន្លេមេគង្គ ដែលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងអរិយធម៌តាមដងទន្លេផងដែរ៕

Share

Image
Image
Image