en     km
en     km

រដ្ឋមន្ដ្រីរ៉ែ៖ការបូបខ្សាច់នៅកោះស្រឡៅត្រូវផ្អាកសិន ក្រោយការអនុញ្ញាតឱ្យធ្វើអាជីវកម្មស្ទួនគ្នា

Share

អាជីវកម្មបូមយកខ្សាច់នៅតំបន់កោះស្រឡៅ ក្នុងភូមិសាស្ដ្រខេត្តកោះកុងត្រូវបានផ្អាកលែងឱ្យមានដំណើរការបណ្ដោះអាស្ននសិន ក្រោយមានបញ្ហាការអនុញ្ញាតពីក្រសួងចំនួនពីរមានភាពស្ទួនគ្នា។ ការអនុញ្ញាតមួយពីក្រសួងរ៉ែ និងថាមពល មានភាពត្រឹមត្រូវតាមតាមការកំណត់ និងមួយទៀតពីក្រសួងបរិស្ថាន គឺការបូមខ្សាច់មានភាពខុសគោលដៅ។ នេះបើតាមការអះអាងពីលោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ក្នុងកម្មវិធីគោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា នាថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការលើកឡើងរបស់លោករដ្ឋមន្ដ្រី ធ្វើឡើងក្រោយសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក សាន់ ម៉ាឡា បានបង្ហោះវីដេអូមួយលើបណ្ដាញសង្គមហ្វេសប៊ុក ពីអាជីវកម្មបូមខ្សាច់ ថាបានត្រឡប់មកវិញ និងខ្លាចប្រវត្តិសាស្ដ្រចាស់វិលមកជាថ្មី ខណៈអាជីវកម្មបូមខ្សាច់ត្រូវបានផ្អាកធ្វើសកម្មភាព៨ឆ្នាំមកហើយ ក្រោយប្រជាពលរដ្ឋក្នុងតំបន់ធ្វើការតវ៉ា ព្រោះប៉ះពាល់ដល់មុខរបរចិញ្ចឹមជិវិតប្រចាំថ្ងៃ ដូចជាការនេសាទត្រី ក្ដាមនិងជលផលសមុទ្រជាដើម។

តែបើតាមការបញ្ជាក់ពីលោក កែវ រតនៈ ថាការដែលក្រសួងរ៉ែ អនុញ្ញាតឱ្យមានការបូមខ្សាច់ឡើងវិញ គឺដោយសារមានការសំណូមពរពីប្រជាពលរដ្ឋឱ្យក្រសួងជួយបូមខ្សាច់ដែលដុះច្រើន គោកតំបន់ដែលពួកគាត់រស់នៅ ពិបាកចូលទូកនេសាទ។ លោករំលេចថា ប្រជាពលរដ្ឋបានផ្ដិតមេដៃស្នើឱ្យរដ្ឋបាលខេត្តកោះកុងជួយអន្តរាគមន៍លើករណីនេះ។ លោករដ្ឋមន្ដ្រីថា បើរដ្ឋធ្វើ គឺត្រូវវិនិយោគទៅលើថ្លៃបូមខ្សាច់ដើម្បីបើកផ្លូវទឹក ទើបអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើអាជីវកម្ម។

យ៉ាងណាអាជីវកម្មនេះ រដ្ឋមន្ដ្រីក្រសួងរ៉ែ ថាអនុញ្ញាតតែ៦ខែប៉ុណ្ណោះ តែបើប្រជាពលរដ្ឋមានឃើញសកម្មភាពបូមខ្សាច់តទៅទៀតក្នុងតំបន់ ត្រូវរាយការណ៍ទៅក្រសួង ដើម្បីអន្តរាគមន៍ ព្រោះក្រសួងបានផ្អាកលែងឱ្យមានការបូមខ្សាច់តទៀតហើយ៕

 

Share

Image
Image
Image