en     km
en     km

ស្ដ្រី Tik Toker វៀតណាមដែលថតនៅប្រាសាទអង្គរ អាចត្រូវហាមមិនឱ្យចូលកម្ពុជា១០ឆ្នាំ

Share

ស្ដ្រីជនជាតិវៀតណាមដែលបង្ហោះវីដេអូដោយកាត់បញ្ចូលរូបប្រាសាទអង្គរ ដែលជាបេតិកភណ្ឌពិភពលោក លើទឹកដីកម្ពុជា ថាជារបស់ប្រទេសថៃកាលពីពេលកន្លងទៅ ត្រូវបានអាជ្ញាធរកម្ពុជាកំពុងពិចារណាដាក់ពិន័យលើរូបនាង។ ក្នុងនោះមន្ដ្រីកម្ពុជាថា អាចជាប់បម្រាមហាមមិនឱ្យចូលទឹកដីកម្ពុជាចន្លោះពី៥ ទៅ ១០ឆ្នាំ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ស្ដ្រីជនជាតិវៀតណាម ដែលជាអ្នកប្រើបណ្ដាណសង្គម TikTok ទៅថតនៅតំបន់ប្រាសាទអង្គរវត្តកម្ពុជា និងបានកាត់វីដេអូបញ្ចូលគ្នា ដោយដាក់ទង់ជាតិថៃ និងព្រះឆាយាលក្ខណ៍ស្ដេចថៃក្នុងវីដេអូរបស់ខ្លួន អាចត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជារយៈពេល១០ឆ្នាំ ពីបទបរិហារកេរ្តិ៍ប្រាសាទអង្គរវត្ត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ប្រាក់ ចិន្ដា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានប្រាប់សារព័ត៌មានអន្ដរជាតិនេះថា វីដេអូដែលស្រ្ដីវៀតណាមកាត់បញ្ចូលគ្នា និងបង្ហាញអត្ដសញ្ញាញថា ប្រាសាទអង្គរវត្តជារបស់ប្រទេសថៃ គឺបានជះឥទ្ធិពលអវិជ្ជមានដល់មុខមាត់ទេសចរណ៍កម្ពុជា។   លោកអនុរដ្ឋលេខាធិការ បាន​បញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា​កំពុង​ពិចារណា​ដាក់​ពិន័យ​លើ​រូប​ស្ដ្រីម្នាក់នោះ ដែល​អាច​ជា​បម្រាមមិនឱ្យ​ចូលទឹកដី​ប្រទេសកម្ពុជា​ពី ៥ ទៅ ១០ ឆ្នាំ។

មេធាវីម្នាក់នៅទីក្រុង ហាណូយ បានលើកឡើងថា សកម្មភាពរបស់ស្ដ្រីម្នាក់នោះធ្វើឡើងនៅលើទឹកដីកម្ពុជា ដូច្នេះមិនស្ថិតក្រោមច្បាប់វៀតណាមនោះទេ។ ដូច្នេះស្ដ្រីម្នាក់នោះ អាច​ទទួល​ទោស​តាមច្បាប់​កម្ពុជា​តែ​ប៉ុណ្ណោះ។ នេះបើផ្អែកតាមការចុះផ្សាយពីសារព័ត៌មាន VN Express ដដែល។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីប្រកាសព័ត៌មានដោយចាត់ទុកវីដេអូរបស់ស្ដ្រីជនជាតិវៀតណាមនោះ មានលក្ខណៈញុះញង់ក្នុងសង្គម។ អាជ្ញាធរជាតិអប្សរា ក៏បានទទួលស្គាល់កំហុសរបស់ខ្លួន ដែលខ្វះចន្លោះក្នុងការតាមដានសកម្មភាពរបស់ស្ដ្រីជនជាតិវៀតណាមម្នាក់នោះផងដែរ។ ដំណាលគ្នាស្ថាប័នមួយនេះ ក៏បានប្ដេជ្ញាចិត្តនឹងពង្រឹងកិច្ចការងារក្នុងការថែរក្សានូវរូបភាពដ៏បវរនៃរមណីរដ្ឋានអង្គរបន្ថែមទៀត។

គួរជម្រាបដែរថា វីដេអូស្ដ្រីជនជាតិវៀតណាមដែលត្រូវបានបង្ហោះក្នុង Tik Tok ត្រូវបានដកចេញពីបណ្ដាញសង្គមមួយនេះភ្លាមៗ បន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានស្នើទៅក្រុមហ៊ុនបញ្ឈប់ការបង្ហោះវីដេអូនោះតទៅទៀត។ ប្រជាជនខ្មែរ មានការខឹងសម្បារយ៉ាងខ្លាំងចំពោះវីដេអូដែលស្ដ្រីវៀតណាមម្នាក់នោះ យកទៅកាត់បញ្ចូលដូច្នេះ។

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ខាងមុខជាខួប៣១ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ ប្រាសាទអង្គរវត្តអនុញ្ញាតឱ្យថតបែបផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬអាជីវកម្មបាន លុះត្រាតែបានដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា ពិនិត្យពីគោលបំណងជាមុនសិន។

តែយ៉ាងណាសម្រាប់ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ និងការថតវីដេអូផ្សាយបន្ដផ្ទាល់ដោយក្រុមហ៊ុនទេសចរណ៍ ដើម្បីផ្សព្វផ្សាយប្រាសាទនានាទៅកាន់អតិថិជន មិនត្រូវបានគិតប្រាក់នោះទេ។ ជាមួយគ្នាសម្រាប់ការថតរូបភាព ឬវីដេអូទុកជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ឱ្យពិភពលោកបានស្គាល់ពីនូវសម្បត្តិដ៏ថ្លៃថ្លារបស់កម្ពុជា ក៏មិនត្រូវបានហាមឃាត់នោះដែរ៕

Share

Image
Image
Image