កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ដែលជាសកម្មជនសង្គមកំពុងភៀសខ្លួននៅប្រទេសថៃ បានបង្ហោះរូបថត ព្រះភិក្ខុ សយ សាត ដោយសរសេរខ្លឹមសារថា «ព្រះភិក្ខុ ព្រអង្គ សយ សាត ដែលកន្លងមកព្រះសង្ឃ ធ្លាប់និមន្តដើរធ្វើធម្មយាត្រា លើកកម្ពស់សីលធម៌ និងយុត្តិធម៌សង្គម ឥឡូវនេះព្រះអង្គ សយ សាត ត្រូវបានក្រុមមន្ត្រីអាជ្ញាធរនៅខេត្តកំពង់ធំចាប់ឃាត់ព្រះកាយភ្លាមៗដោយមិនដឹងមូលហេតុ យើងនៅមិនទាន់ដឹងច្បាស់ថាអាជ្ញាធរចាប់យកព្រះអង្គទៅឃុំនៅទីណានៅឡើយទេ»។ លោក គីម ចាន់ចាវ រាយការណ៍
ព្រះតេជគុណ សយ សាត កន្លងមកអំឡុងខែមីនា ឆ្នាំ២០២៣ធ្លាប់ធ្វើធម្មយាត្រាថ្មើជើងជាមួយសកម្មជនសង្គមមួយចំនួនទៀតពីភ្នំពេញទៅកាន់ព្រំដែនខ្មែរ-ថៃ ខេត្តបន្ទាយជ័យ ដើម្បីលើកកម្ពស់សីលធម៌ និងយុត្តិធម៌សង្គម ត្រូវបានចាប់បង្ខំឲ្យសឹកដោយស្ម័គ្រចិត្ត ក្រោមហេតុផលថា ជាសង្ឃក្លែងក្លាយ បួសពុំត្រឹមត្រូវតាមច្បាប់ និងពុំមានបណ្ណសម្គាល់ជាព្រះសង្ឃ។ ក្រោយឲ្យសឹកពីព្រះសង្ឃ ព្រះតេជគុណ សយ សាត ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងចាប់ឃាត់ខ្លួន ក្រោយហេតុផល ដើម្បីយកទៅសួរនាំ និងធ្វើការអប់រំ មុននឹងដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ។ ក៏ប៉ុន្តែថ្មីៗ លោក សយ សាត បានបួសជាថ្មីវិញ ដើម្បីបំពេញគោលដៅរបស់ខ្លួន។
ដំណឹងដែលកញ្ញា សូ មេត្តា ផ្សព្វផ្សាយថាព្រះអង្គត្រូវបានចាប់ខ្លួនលើកនេះបានធ្វើឱ្យមានការងឿងឆ្ងល់ថាតើអាជ្ញាធរខេត្តកំពង់ធំ បានចាប់ខ្លួនព្រះសង្ឃ សយ សាត មែនដែរឬយ៉ាងណា? ដ្បិតកន្លងមកព្រះអង្គធ្លាប់ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងចាប់ឃាត់ខ្លួន និងផ្សិក ក្រោមហេតុផលថា ជាសង្ឃក្លែងក្លាយ បួសពុំត្រឹមត្រូវតាមច្បាប់ និងពុំមានបណ្ណសម្គាល់ជាព្រះសង្ឃ។ ក្នុងនោះដែរប្រិយមិត្តរបស់វិទ្យុស្ត្រី ឈ្មោះ ភាន់ ចាន់រស្មី ក៏បានខមិនជាសំណួរដែរតាមបណ្ដាញសង្គមតេឡេក្រាម អំពីដំណឹងនៃការចាប់ខ្លួននេះថាពិតឬមិនពិតផងដែរ។
ជុំវិញបញ្ហានេះ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រីបានព្យាយាមទាក់ទងសួរនាំកញ្ញា សូ មេត្តា ដើម្បីស្វែងយល់ពីប្រភពព័ត៌មានឱ្យបានច្បាស់លាស់។ កញ្ញាអះអាងតាមការសម្ភាសនៅថ្ងៃទី២១ ខែវិច្ឆិកានេះថា សកម្មជនគណបក្សភ្លើងទៀនម្នាក់ដោយសុំមិនបញ្ចេញឈ្មោះ បានទាក់ទងផ្ដល់បច្ច័យដល់ព្រះអង្គកាលពីថ្ងៃទី២០ ខែវិច្ឆិកា។ សកម្មជននោះទាន់ទងលើកទី១ជួបនឹងព្រះភិក្ខុ សយ សាត ជាធម្មតា។ ប៉ុន្តែក្រោយមកទាក់ទងលើកទី២ ក៏បានជួបនឹងបុរស់ម្នាក់ដែលអះអាងថាជាអាជ្ញាធរខេត្តកំពង់ធំ បានព្រមានថា ពេលនេះ ព្រះភិក្ខុ សយ សាត ត្រូវបានចាប់ខ្លួនហើយ ហើយបុរសនោះក៏ព្រមានចាប់ខ្លួនអ្នកពាក់ព័ន្ធសកម្មភាពជាមួយព្រះអង្គផងដែរ។
ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានបានព្យាយាមទាក់ទងសុំលេខសកម្មជនគណបក្សភ្លើងទៀនម្នាក់នោះ ពីកញ្ញា សូ មេត្តាដើម្បីបំភ្លឺបន្ថែម ប៉ុន្តែទូរសព្ទខលចូលជាច្រើនដងមិនមានអ្នកទទួល គិតត្រឹមល្ងាច ថ្ងៃទី២១ ខែវិច្ឆិកានេះ។ ក៏ប៉ុន្តែ កញ្ញា សូ មេត្តា បានអះអាងថា សកម្មជនបានខលទូរសព្ទទៅព្រះតេជគុណ សយ សាត ជាលើកទី២ជួបបុរសដែលគំរាមកំហែងនោះតែម្ដង ដែលកញ្ញាអះអាងថាជាអាជ្ញាធរខេត្តកំពង់ធំ។
«ខ្ញុំបញ្ជាក់គាត់(សកម្មជនបក្សភ្លើងទៀនដែលទាក់ទងផ្ដល់បច្ច័យដល់ព្រះអង្គសយ សាត) ហើយគាត់អះអាងថាច្បាស់ការ តែគាត់អត់ដឹងថាគេចាប់នៅតំបន់ណាទេ តែគាត់គ្រាន់តែប្រាប់ថា គេចាប់គាត់ហ្នឹងនៅខេត្តកំពង់ធំ ហើយភ្លាមៗហ្នឹងគឺគាត់ទាក់ទងទៅលោកអត់បានថានៅភូមិ-ឃុំអីចឹង ហើយលោកអត់ទាន់ទាំងប្រាប់ផងគេក៏ចាប់បាត់ទៅ ហើយដាច់ទំនាក់ទំនង»
កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា
ទោះយ៉ាងណា ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រី ក៏បានព្យាយាមទាក់ទងសុំការបំភ្លឺបន្ថែមពីស្នងការនគរបាលខេត្តកំពង់ធំផងដែរ។ លោក ហាវ ហេង ប្រធានការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានអះអាងប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រីថា មិនមានការចាប់ខ្លួនព្រះភិក្ខុ សយ សាត ឡើយ។
«អត់ៗ អត់មានទេបងអត់មានចាប់ព្រះសង្ឃឯណាទេបង! ព្រោះឃើញមានផុសព័ត៌មានថាមានចាប់ព្រះសង្ឃឈ្មោះ សយ សាត កាលពីម្សិលមិញ ថ្ងៃទី២០ ខែវិច្ឆិកា ម្សិលមិញណាបង។ អត់មានផងបង អត់មានទេបង…»
លោក ហាវ ហេង ប្រធានការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
ព្រតេជគុណ សយ សាត មានព្រជន្ម៧២ព្រះវស្សា បានបួសជាលើកទី២ អំឡុងឆ្នាំ២០២២ នៅវត្តភ្នំផ្លោច ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប៉ុន្តែព្រះតេជគុណត្រូវបានព្រះចៅអធិការវត្ត បណ្ដេញចេញពីវត្ត កាលពីថ្ងៃទី៩ ខែកុម្ភៈ ក្រោយចូលរួមធម្មយាត្រាលើកកម្ពស់សីលធម៌សង្គមជាមួយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ព្រះតេជគុណ សយ សាត ធ្លាប់បានបួសជាសង្ឃម្ដងរួចហើយអំឡុងឆ្នាំ២០០២ ដោយកាលនោះលោកបួសរយៈពេល៥ឆ្នាំទើបលាចាកសិក្ខាបទវិញ ដើម្បីធ្វើសកម្មភាពការពារព្រៃឈើ ក្រោយមានការចូលរុករាននិងកាប់ទន្ទ្រានដីព្រៃធម្មជាតិនៅស្រុកឱវ៉ាល់ ខេត្តកំពង់ស្ពឺ និងចូលរួមសកម្មភាពការពារព្រៃឈើនៅតំបន់អារ៉ែងខេត្តកោះកុង៕