en     km
en     km

អតីតគរុនិស្សិត កែវ សុវណ្ណឫទ្ធិ៖ ក្រសួងអប់រំអនុវត្តមិនតម្លាភាព ទុកតែបក្សពួកខ្លួន

Share

ឈានដល់សប្ដាហ៍ទី១៤ នៃការតវ៉ា ដោយសន្ដិវិធីនៅមុខក្រសួងអប់រំ យុវជន និងកីឡា អតីតគរុនិស្សិតឯកទេសអប់រំកាយ កែវ សុវណ្ណឫទ្ធិ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឈរកាន់បដាដោយសរសេរថា ក្រសួងអប់រំអនុវត្តមិនតម្លាភាព ទុកតែបក្សពួកខ្លួន។ ប្រយោគដែលលោកសរសេរបែបនេះ ដោយសារគរុនិស្សិត៣នាក់ផ្សេងទៀត ដែលខុសលក្ខខណ្ឌនៃការជ្រើសរើសរបស់ក្រសួងអប់រំដូចគ្នា តែអាចបន្ដការសិក្សានៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ខណៈលោកបែរជាចំណាយពេលមួយថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីតវ៉ាទៅវិញ។

គរុនិស្សិត៣នាក់ដែលបានបន្ដការសិក្សា មានម្នាក់អាយុ៤០ឆ្នាំ ម្នាក់អាយុ៣៩ ឆ្នាំ និងម្នាក់ទៀតអាយុ២៧ឆ្នាំ។ លក្ខខណ្ឌនៃការជ្រើសរើសលេខ៥៨ អយក.សជណ បានកំណត់យ៉ាងច្បាស់ថា បេក្ខជនត្រូវមានអាយុចន្លោះពី ១៧ ទៅ២៥ឆ្នាំប៉ុណ្ណោះ។ ត្រង់ចំណុចនេះ ត្រូវបានអតីតគរុនិស្សិត កែវ សុវណ្ណឫទ្ធិ លើកឡើងមកជាហូរហែរ និងបានចោទសួរទៅកាន់ក្រសួងអប់រំដែរ តែមិនបានចម្លើយនោះទេ។

ការណ៍នេះបានបន្ដឱ្យលោកនៅតែតវ៉ាមកដល់បច្ចុប្បន្ន ដើម្បីរកយុត្តិធម៌សម្រាប់ខ្លួនឯង។ យ៉ាងណាសកម្មភាពតវ៉ារបស់លោក ក៏ជួបឧបសគ្គនានាពីអាជ្ញាធរមានសមត្ថកិច្ចដែលឃ្លាំមើលផងដែរ។ ឧបសគ្គមួយដែលមិនទាន់បានដោះស្រាយ និងអាចឈានឡើងដល់តុលាការ គឺរឿងសមត្ថកិច្ចវាយឱ្យលោកដួលសន្លប់កាលពីសប្ដាហ៍ទី១០ នៃការតវ៉ា និងឃាត់សម្ភារៈរបស់លោកទុកមានទូរសព្ទ និងកាមេរ៉ាជាដើម។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកមិញនេះ លោក កែវ សុវណ្ណឫទ្ធិ ថា អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យលោកទៅយកសម្ភារៈនៅសាលាខណ្ឌដូនពេញវិញយ៉ាងងាយស្រួល ទាំងដែលសំណុំរឿងរបស់លោកជាករណីព្រហ្មទណ្ឌ។ លោកមិនទទួលយកការដោះស្រាយបែបនេះនោះទេ និងចាត់ទុកថាអគ្គស្នងការដ្ឋាន មិនមានសមត្ថភាពដោះស្រាយរឿងក្ដីលោកឡើយ ទើបត្រូវបញ្ជូនទៅតុលាការបន្ដទៀត។

វិទ្យុស្ដ្រីមិនទាន់ទទួលបានការឆ្លើយតបពីលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបាននោះទេនៅរសៀលថ្ងៃនេះ។

គួររម្លឹកថា ឈ្មោះរបស់លោក កែវ សុវណ្ណឫទ្ធិ និងអតីតគរុនិស្សិត១១ រូបផ្សេងទៀតត្រូវបានលុបចេញពីបញ្ជីក្រសួងអប់រំកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ កាលពីអំឡុងតវ៉ាដំបូងៗ ទាំងវិទ្យាស្ថានជាតិអប់រំកាយ និងក្រសួងអប់រំបានផ្ដល់ឱ្យលោកនូវការសិក្សានៅសាកលវិទ្យាល័យដោយឥតថ្លៃ និងជាមន្ដ្រីកិច្ចសន្យានៅតាមក្រសួងណាមួយផងដែរ តែលោកមិនទទួលយក សុំត្រឹមបកស្រាយរឿងគរុនិស្សិត៣នាក់ដែលខុសលក្ខខណ្ឌដែលអាចបន្ដការសិក្សាប៉ុណ្ណោះ៕

Share

Image
Image
Image