en     km
en     km

កម្មករមួយចំនួននៃរោងចក្រ ML ក្រុងប៉ោយប៉ែតត្រូវបញ្ឈប់ការងារភ្លាមៗក្រោយតវ៉ារឿងបើកប្រាក់ខែយឺត

Share

កម្មករមួយចំនួន នៃរោចក្រ ML រងការចោទប្រកាន់ ពាក់ព័ន្ធនឹងការតវ៉ា ទាមទារបើកប្រាក់ឈ្នួលតាមកាលកំណត់ និងទៀងទាត់កាលពីដើមខែវិច្ឆិកា កន្លងទៅ ត្រូវបានថៅកែក្រុមហ៊ុន បញ្ឈប់ពីការងារដោយមិនប្រាប់ជាមុន។ ករណីនេះ មន្ទីរការងារថា កំពុងបញ្ជូនក្រុមការងារតាមដានរកដើមចមនៃការបញ្ឈប់កម្មករ មិនទាន់អាចសន្មត់លើភាគីណាមួយបានឡើយ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

កម្មកររោងចក្រ អឹម អេល អ៊ីនធីមេត អាប់ផារេលមួយចំនួន (ML Intimate Apparel) ត្រូវបានរដ្ឋបាលនៃរោងចក្របញ្ឈប់ភា្លមៗដោយគ្មានការជូនដំណឹងជាមុន បន្ទាប់ពីពួកគេបានតវ៉ារឿងបើកប្រាក់ខែយឺត កាលពីដើមខែវិច្ឆិកា។

កម្មករថា ការបញ្ឈប់កម្មករដែលមានកិច្ចសន្យាការងារពេញសិទ្ធិ មានថេរវេលាមិនមានកំណត់ (UDC) ជារឿងមិនត្រឹមត្រូវតាមច្បាប់។ នេះបើយោងតាមមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស សង់ត្រាល់។ ប្រភពដដែលបន្ដថា ថៅកែក្រុមហ៊ុន និងរដ្ឋបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស អូរនាង ប៉ោយប៉េត ខេត្តបន្ទាយមានជ័យ បានចោទប្រកាន់កម្មករ ករណីពាក់ព័ន្ធនឹងការតវ៉ាទាមទារបើកប្រាក់ឈ្នួលតាមកាលកំណត់ និងទៀងទាត់។

យោងតាមកម្មករម្នាក់ មិនបញ្ចេញឈ្មោះ បានប្រាប់ដំណឹងតាមប្រព័ន្ធតេឡេក្រាម ទៅក្រុមការងារអង្គការសង់ត្រាល់ថា កាលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៣:៤០នាទីល្ងាច រដ្ឋបាលក្រុមហ៊ុននៃរោងចក្រអឹមអិល (ML) បានហៅលោក  គឹម តូនិច ចូលទៅជួបនិយាយរឿងធ្វើការតវ៉ាទាមទារប្រាក់ខែដែលធ្វើឡើងកាលពីថ្ងៃទី០៨ ខែវិច្ឆិកា។ ខាងរដ្ឋបាលរបស់ក្រុមហ៊ុនML បានចោទប្រកាន់លោក គឹម តូនិចថាជាអ្នកដឹកនាំកម្មករធ្វើការតវ៉ាទាមទារប្រាក់ខែ។

ហេតុការណ៍នេះផ្ទុះឡើង ដោយភាគីក្រុមហ៊ុន បានលើកថ្ងៃបើកប្រាក់ខែឲ្យកម្មករចំនួនពីរថ្ងៃ។ ខាងកម្មករទាំងអស់មិនយល់ស្របការចោទប្រកាន់នោះទេ ព្រោះអីមូលហេតុដែលកម្មករទាំងអស់ធ្វើការតវ៉ាទាមទារប្រាក់ខែ គឺម្នាក់ៗ ធ្វើដោយការស្ម័គ្រចិត្តមិនមានអ្នកណា បង្ខំអ្នកណាឡើយ។

ផ្អែកតាមកម្មករដែលអង្គការសង់ត្រាល់លើកឡើងមកដដែលនោះ ថាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ វេលាម៉ោង 3:50 នាទីក្រុមហ៊ុនបានប្រកាសហៅឈ្មោះកម្មករទាំងអស់ ដែលពាក់ព័ន្ធធ្វើការតវ៉ាទាមទារប្រាក់ខែនៅថ្ងៃមុននោះចំនួន៥នាក់ ក្នុងនោះមានកម្មករ៣នាក់ ដែលជាកម្មករមានកិច្ចសន្យាការងារពេញសិទ្ធិឬ យូឌីស៊ី (UDC) ត្រូវបានខាងរដ្ឋបាលបញ្ឈប់ភ្លាមៗ ដោយគ្មានការជូនដំណឹងទុកជាមុន។

រដ្ឋបាលក្រុមហ៊ុននៃរោងចក្រអឹមអិល (ML) បានបញ្ជាក់ថា អ្នកដែលបានធ្វើការតវ៉ាទាមទារប្រាក់ខែនៅថ្ងៃនោះ ដែលចេញមុខជាងគេ នឹងត្រូវបញ្ឈប់កិច្ចសន្យាមិនថាកម្មករពេញសិទ្ធិ ជាUDC (កិច្ចសន្យាមិនមានកំណត់)និង FDC (កិច្ចសន្យាមានកំណត់)ក៏ដោយ តែក្រុមហ៊ុននឹងសងសំណងជាលុយ។ នេះបើយោងតាមសង់ត្រាល់ដដែល។

លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ ប្រាប់វិទ្យុស្ដ្រីថា លោកទើបទទួលបានដំណឹងនេះដែរ កំពុងចាត់ក្រុមការងារទៅតាមដាន និងសាកសួរនៅក្រុមហ៊ុន ML។ តែចំពោះរឿងយ៉ាងណា លោកត្រូវពិនិត្យរកឬសគល់នៃការបញ្ឈប់ជាមុនសិន មិនអាចថាភាគីណាមួយខុសឬត្រូវនោះទេ។

យ៉ាងណា ចំពោះករណីតវ៉ាលើកមុន រឿងបើកប្រាក់តែជូនកម្មករយឺតយ៉ាវ លោកបញ្ជាក់ថា ក្រសួងការងារបានឆ្លើយតបមកមន្ទីរការងារវិញហើយ។ មន្ទីរនឹងបន្ដនីតិវិធីតាមផ្លូវច្បាប់ អាចនឹងមានលទ្ធផលឆាប់ៗនេះ។ លោក នួន ស៊ីណា អះអាងថា ក្រុមហ៊ុនមិនរួចខ្លួននោះទេ។

គួររម្លឹកឡើងវិញថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្មករ កម្មការិនីនៃរោងចក្រកាត់ដេរសម្លៀកបំពាក់ML Intimate Apparel ជាច្រើនរយនាក់បានតវ៉ាឱ្យថៅកែក្រុមហ៊ុនបើកប្រាក់ខែទៀងទាត់ និងគ្មានកាត់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ។ មជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្សសង់ត្រាល់ បានឱ្យដឹងថា ការផ្ទុះធ្វើសកម្មភាពតវ៉ារបស់កម្មករ លើបញ្ហាទាមទារប្រាក់ខែនេះ  ដោយសារខាងក្រុមហ៊ុន បានពន្យាពេលការបើកប្រាក់ខែជាញឹកញាប់ និងកាត់អត្ថប្រយោជន៍របស់កម្មករដូចជា ប្រាក់រង្វាន់ទៀងទាត់ប្រចាំខែ និងប្រាក់រង្វាន់លើតួនាទីផងដែរ៕

Share

Image
Image
Image