en     km
en     km

បទ​វិភាគ​ ៖​ តើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ជា​ឱកាស​ផាកពិន័យ​ ឬ​ជា​ឱកាស​ផ្លាស់​ប្តូរ​ឥរិយាបថ​អ្នកបើកបរ​នៅ​ក្នុង​សង្គម​ខ្មែរ​?

Share

traffic-phnom-penh-cover
​ភ្នំពេញ​ ៖​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់តាំងពី​ថ្ងៃ​ទី​ ០១​ ខែមករា​ ឆ្នាំ​ ២០១៦​ ពោល​គឺ​នៅ​ដើមឆ្នាំ​ ២០១៦​ នេះ​តែ​ម្តង​។​ មាត្រា​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ មាន​លក្ខណៈ​តឹងតែង​ជាង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចាស់​ ជា​ពិសេស​រាល់​ការ​ប្រព្រឹត្ត​ល្មើស​នៅ​ក្នុង​មាត្រា​ណាមួយ​នៃ​ច្បាប់​ថ្មី​នេះ​ ឬ​ក៏​ជន​ណា​ដែល​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេងៗ​ មិន​បាន​គោរព​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ដែល​ច្បាប់​បាន​កំណត់​នោះ​ នឹង​ត្រូវ​ផាកពិន័យ​ជា​ទឹកប្រាក់​យ៉ាងធ្ងន់ធ្ងរ​ ឬ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ជាដើម​ ដូចដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​នីមួយៗ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោ​គ​ថ្មី​នេះ​។​ ការ​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​សង្ឃឹមថា​ ប្រជាពលរដ្ឋ​កម្ពុជា​អាច​កែប្រែ​ឥរិយាបថ​ខុសឆ្គង​ក្នុង​ការ​បើកបរ​ និង​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បាន​មួយ​ភាគ​ធំ​។​ ទន្ទឹម​ផល​វិជ្ជមាន​ដែល​រដ្ឋាភិបាល​សម្លឹង​ឃើញ​ក្នុង​ការ​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​នេះ​ សំណួរ​មួយ​បាន​សួរ​ថា​ តើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ជា​ឱកាស​សម្រាប់​រដ្ឋ​ផាកពិន័យ​ពលរដ្ឋ​ ឬ​ជា​ឱកាស​ផ្លាស់​ប្តូរ​ឥរិយាបថ​អ្នកបើកបរ​នៅ​ក្នុង​សង្គម​ខ្មែរ​?​
​ជា​បន្ត​សូម​ស្តាប់​បទ​វិភាគ​ ដែល​រៀបចំ​ដោយ​លោក​ម៉ៅ​ សំណាង​ អ្នក​សារព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​អែ​ស​អឹ​ម​ ១០២​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ដូច​តទៅ​៖​

​ដូច​ការ​កំណត់​ទុក​មុន​ថ្ងៃ​ទី​ ០១​ ខែមករា​ ឆ្នាំ​ ២០១៦​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​បាន​ដាក់​ឱ្យ​ប្រជាពលរដ្ឋ​គោរព​ និង​ចាប់ផ្តើម​អនុវត្ត​មាត្រា​ទាំងឡាយ​ដែល​មាន​ចែង​ជា​ធរមាន​ក្នុង​ច្បាប់​នេះ​។​ ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ​ ពលរដ្ឋ​មាន​តួនាទី​ជា​អ្នក​គោរព​ច្បាប់​ រីឯ​នគរបាល​ចរាចរណ៍​មាន​តួនាទី​ជា​អ្នក​ឃ្លាំមើល​ការ​អនុវត្ត​ច្បាប់​។​

​ទន្ទឹម​គ្នា​នឹង​ការ​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​នេះ​ ប្រជាពលរដ្ឋ​ដែល​បាន​បើកបរ​ឈ្មើ​ស​ច្បាប់​ ឬ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​រក​ឃើញ​ផ្ទុយ​ពី​អ្វី​ដែល​ច្បាប់​តម្រូវ​ឱ្យ​មាន​ គឺ​នឹង​ត្រូវ​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​។​ ប៉ុន្តែ​ហេតុផល​នៃ​ការ​ផាកពិន័យ​ទាំងនោះ​ បាន​ក្លាយជា​ក្តី​បារម្ភ​មួយ​របស់​ពលរដ្ឋ​ស្ទើរ​គ្រប់​រូប​ រាល់ពេល​ដែល​ខ្លួន​ចាប់ផ្តើម​ធ្វើ​ដំណើរ​ ឬ​ចរាចរណ៍​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ខ្លួន​នៅ​លើ​ដងផ្លូវ​។​ ចំណែក​ ប៉ូ​លី​ស​ចរាចរណ៍​ឯណោះ​វិញ​ ក៏​ផ្ដើម​បំពេញភារកិច្ច​ និង​តួនាទី​របស់​ខ្លួន​ឱ្យ​ខាង​តែ​បាន​ ក្នុង​ការ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ ដោយ​ផ្តើម​ផាកពិន័យ​ និង​អប់រំ​ប្រជាពលរដ្ឋ​ជា​ហូរហែ​មិន​លុះ​ថ្ងៃ​។​
​ជាក់ស្តែង​ លទ្ធផល​ផ្លូវការ​ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ថ្ងៃ​ដំបូង​ នៅ​ថ្ងៃ​ទី​ ០១​ ខែមករា​ ឆ្នាំ​ ២០១៦​ របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ប្រតិបត្តិការ​ទូ​ទាំង​ប្រទេស​ កម្លាំង​នគរបាល​ចរាចរណ៍​ បាន​ឃាត់​យានយន្ត​ល្មើស​ចំនួន​ជាង​ ៧​ពាន់​គ្រឿង​ ក្នុង​នោះ​បាន​ផាកពិន័យ​ប្រមាណ​ជិត​ ៣​ពាន់​គ្រឿង​។​

ទាំងនេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​មាន​លក្ខណៈ​តឹង​រឹង​ជាង​មុន​ និង​មាន​លក្ខណៈ​ចាប់បង្ខំ​ពលរដ្ឋ​ឱ្យ​អនុវត្ត​ច្បាប់​នៅ​ក្រោម​ហេតុផល​ ការ​ផាកពិន័យ​ជា​ប្រាក់​ ១​ ទ្វេ​ជា​ ៥​ បើ​ធៀប​ទៅ​នឹង​ច្បាប់​ចាស់​ ព្រមទាំង​មានការ​ដាក់ទោស​ទណ្ឌ​ឱ្យ​ជាប់​ពន្ធនាគារ​ជាដើម​។​

​ផ្អែក​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យ​ដឹង​បន្ត​ទៀត​ថា​ លទ្ធផល​នៃ​ការ​ផាកពិន័យ​លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ក្នុង​រយៈពេល​‬‬០៩​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​ ០១​ ដល់​ថ្ងៃ​ទី​ ០៩​ ខែមករា​ ឆ្នាំ​ ២០១៦​ ទទួល​បាន​ថវិកា​ចំនួន​ជាង​ ៥៧៧​ លាន​រៀល​ ។​ ជាក់ស្តែង​ ការ​ផាកពិន័យ​ក្នុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ នៅ​ថ្ងៃ​ទី​ ០៩​ ខែមករា​ ទទួល​បាន​ថវិកា​ចំនួន​ជាង​ ៦៣​ លាន​រៀល​។​

​យោង​តាម​លទ្ធផល​នៃ​ការ​ផាកពិន័យ​ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ខាងលើ​នេះ​ គេ​អាច​សន្និដ្ឋាន​បាន​ថា​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ គឺជា​ឱកាស​មួយ​សម្រាប់​មន្ត្រី​នគរបាល​ចរាចរ​ ធ្វើការ​ផាកពិន័យ​ដល់​អ្នកបើកបរ​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ ខណៈ​ដែល​ប្រជាពលរដ្ឋ​ពុំ​ទាន់​បាន​យល់​ដឹង​ច្បាស់​ពី​ច្បាប់​។​ ទន្ទឹម​គ្នា​នេះ​ សំណួរ​មួយ​បាន​ចោទ​ជា​បន្ត​ថា​ តើ​ការ​ផាកពិន័យ​នៅ​ពេល​នេះ​ អាច​ផ្លាស់​ប្តូរ​ឥរិយាបថ​អ្នកបើកបរ​នៅ​ក្នុង​សង្គម​ខ្មែរ​បាន​ទេ​?​

​ជា​ការ​ពិត​ណាស់​ ឥទ្ធិពល​នៃ​ការ​ផាកពិន័យ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នៅ​ក្នុង​សង្គម​កម្ពុ​ជានា​ពេល​នេះ​ ទំនងជា​ឱកាស​មួយ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ពុំ​សូវ​មាន​ទម្លាប់​គោរព​ច្បាប់​ចរាចរណ៍​ ចាប់ផ្តើម​រៀន​គោរព​ច្បាប់​ ព្រមទាំង​ចាប់ផ្តើម​បង្កើត​ទម្លាប់​រៀន​អនុវត្ត​ច្បាប់​ជា​បណ្តើរៗ​។​ ការ​គោរព​ច្បាប់​ និង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ មិនមែន​មាន​ន័យ​ថា​ ពលរដ្ឋ​ខ្មែរ​ខ្លាច​ច្បាប់​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ខ្លាច​ការ​ផាកពិន័យ​ច្រើន​ជាង​ខ្លាច​ច្បាប់​ ឬ​ការ​គោរព​ច្បាប់​។​ បញ្ហា​មិន​ចូល​ចិត្ត​គោរព​ច្បាប់​ ចូល​ចិត្ត​ធ្វើ​អ្វី​តាម​ទម្លាប់​ធំ​ជាង​ច្បាប់​នេះ​ ប្រហែល​ទំនងជា​ដក់​ជាប់​ក្នុង​គំនិត​របស់​ប្រជា​ពល​ខ្មែរ​ ដែល​មិនសូវ​ឱ្យ​តម្លៃ​លើ​ការ​អនុវត្ត​ច្បាប់​តាំងពី​យូរណាស់​មក​ហើយ​។​

​សម្រាប់​ការ​ផាកពិន័យ​ក្នុង​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ អ្នកវិភាគ​ព្រឹ​ត្ត​ការណ៍​សង្គម​មួយ​ចំនួន​លើក​ឡើង​ព្រមៗ​គ្នា​ថា​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​រដ្ឋាភិបាល​បាន​និង​កំពុង​ដាក់​ឱ្យ​ពលរដ្ឋ​អនុវត្ត​នេះ​ គឺជា​វិធានការ​ចាប់បង្ខំ​ពលរដ្ឋ​ឱ្យ​អនុវត្ត​ ហើយ​ការ​ផាកពិន័យ​នោះ​ ទោះជា​ធ្ងន់ធ្ងរ​ដល់​កម្រិត​ណា​ ក៏​មិន​បាន​ជួយ​ឱ្យ​ពលរដ្ឋ​កែប្រែ​ឥរិយាបថ​ក្នុង​ការ​បើកបរ​ឲ្យ​មាន​ប្រសិទ្ធភាព​ ព្រោះថា​ការ​ផាកពិន័យ​និង​ការ​ដាក់​ឱ្យ​ អនុវត្ត​ច្បាប់​នៅ​ពេល​នេះ​ មិន​សម​នឹង​បរិបទ​ពលរដ្ឋ​នៅ​ក្នុង​សង្គម​ខ្មែរ​។​
​ដើម្បី​ឱ្យ​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ មាន​ប្រសិទ្ធភាព​ ក្រុម​អ្នកវិភាគ​លើក​ឡើង​ថា​ រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ អប់រំ​ដល់​ពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ​ពី​មាត្រា​ ឬ​ចំណុច​ផ្សេងៗ​មាន​ចែង​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ជា​មុន​សិន​ មុន​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​អនុវត្ត​ ។​

​ជា​រួម​មក​ ឆ្លង​តាម​ហេតុផល​ខាងលើ​នេះ​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ជា​ឱកាស​សម្រាប់​រដ្ឋាភិបាល​ ធ្វើការ​ផាកពិន័យ​ទៅ​លើ​ពលរដ្ឋ​របស់​ខ្លួន​ និង​ឱកាស​ផ្លាស់​ប្តូរ​ឥរិយាបថ​អ្នកបើកបរ​នៅ​ក្នុង​សង្គម​ខ្មែរ​ទាំង​បង្ខំ​ ខណៈ​ពលរដ្ឋ​នៅ​មិន​ទាន់​បាន​ស្វែង​យល់​ពី​ច្បាប់​បាន​គ្រប់​ជ្រុងជ្រោយ​។​ គួរ​កត់​សម្គាល់ថា​ ទោះបី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ ប្រកាស​បន្ធូរបន្ថយ​និង​លើកលែង​ចំណុច​មួយ​ចំនួន​នៃ​ការ​ផាកពិន័យ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវ​ថ្មី​នេះ​ក៏​ដោយ​ ក៏​ការ​សាទរ​ ឬ​ការ​គាំទ្រ​ការ​អនុវត្ត​ច្បាប់​ពីសារ​ធារ​ណ​ជន​នៅ​មាន​កម្រិត​ទាប​ និង​មិនសូវ​មាន​ប្រសិទ្ធភាព​ឡើយ​។​

​ដូច្នេះ​ហើយ​ នៅ​ក្នុង​រឿង​នេះ​ រាជរដ្ឋាភិបាល​គួរ​ពិនិត្យ​ និង​ពិចារណា​ឡើង​វិញ​អំពី​ការ​ដាក់​ឱ្យ​ពលរដ្ឋ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ ព្រោះ​គោលការណ៍​ច្បាប់​ គឺ​បម្រើ​ផលប្រយោជន៍​សង្គម​ និង​ប្រយោជន៍​ពលរដ្ឋ​ ត្បិត​ពលរដ្ឋ​មាន​តួនាទី​បំពេញភារកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ក៏​ពិតមែន​ ប៉ុន្តែ​ពលរដ្ឋ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ មានការ​ពិចារណា​និង​ថ្លឹងថ្លែង​ហេតុផល​បាន​ជ្រៅជ្រះ​ជាង​ពេល​មុន​ច្រើន​ណាស់​។​

​ជុំវិញ​បញ្ហា​នេះ​ រដ្ឋ​ត្រូវ​តែ​គិត​មុន​គូរ​ឱ្យ​បាន​ម៉ត់ចត់​ មុន​នឹង​ដាក់​ច្បាប់​អ្វីមួយ​ឱ្យ​ពលរដ្ឋ​អនុវត្ត​នៅ​ក្នុង​សង្គម​ បើ​មិន​ដូច្នេះ​ទេ​ ដូច​ជា​ករណី​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ មាន​ភាព​ចលាចល​ មតិ​ចម្រូងចម្រាស​ជា​ច្រើន​ ហើយ​វា​មិន​ខុស​អី​នឹង​ការ​ធ្វើ​អាជីវកម្ម​ទាំង​បង្ខំ​លើ​ខ្នង​រាស្ត្រ​របស់​ខ្លួន​ឡើយ​។​ ចំណែក​ប្រជាពលរដ្ឋ​កម្ពុ​ជានា​ពេល​នេះ​ ក៏​ត្រូវ​ដឹង​ថា​ សម័យ​សកលភាវូបនីយកម្ម​ទំនើប​ ត្រូវការ​សង្គម​មួយ​មាន​របៀបរៀបរយ​ល្អ​ពិសេស​រឿង​ចរាចរណ៍​ គួរ​ណាស់​នាំ​គ្នា​បោះបង់​ទម្លាប់​មិន​គោរព​ច្បាប់​ ទម្លាប់​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ដែល​ខ្វះ​សុជីវធម៌​នៅ​លើ​ដងផ្លូវ​ចោល​ ងាក​មក​គោរព​ច្បាប់​ ស្វែង​យល់​ពី​ច្បាប់​ និង​អនុវត្ត​ច្បាប់​ទាំងអស់​គ្នា​ ដើម្បី​សុវត្ថិភាព​ខ្លួនឯង​ និង​ការ​រីក​ចម្រើន​នៃ​សង្គម​ជាតិ​នៅ​ថ្ងៃ​ខាង​មុខ​៕

Share

Image
Image
Image