en     km
en     km

យុវជនដែលចង់ចាប់អាជីពសារព័ត៌មាន ចាត់ទុកការសម្ភាសប្រភពជាបញ្ហាប្រឈមចម្បង

Share

ការសម្ភាសន៍ប្រភពជាបញ្ហាប្រឈមដែលសិក្ខាកាមក្នុងវគ្គអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនៅអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC)ចាត់ទុកជាកត្តាចម្បងសម្រាប់អាជីពជាអ្នកសារព័ត៌មាននាពេលអនាគតរបស់ពួកគេ។ ការលើកឡើងពីផលលំបាកក្នុងវិស័យព័ត៌មានរបស់សិក្ខាកាមបែប ធ្វើឡើងក្នុងសិក្ខាសិលាមួយស្តីអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ដែលរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) សហការជាមួយអង្គការBBC Media Action រយៈពេល ២ថ្ងែ គឺថ្ងៃទី១៤​​ និង១៥​ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រោយបិទបញ្ចប់វគ្គសិក្សាខ្លីនេះ សិក្ខាកាមដែលភាគច្រើនចង់ចាប់អាជីពជាអ្នកសារព័ត៌មាន បានរៀបរាប់ពីចំណាប់អារម្មណ៍របស់ពួកគេទៅលើវគ្គសិក្សាខ្លីនេះ លើសពីនេះ សិក្ខាកាមមួយចំនួនបានថ្លែងប្រាប់វិទ្យុស្រ្តីថា ការសម្ភាសន៍ប្រភពជាបញ្ហាគឺជាបញ្ហាមួយដែលពួកគេព្រួយបារម្ភ បើសិនជាពួកគេចូលប្រឡូកក្នុងវិស័យមួយនេះ។

កញ្ញា ខន រក្សា ដែលជាសិក្ខាកាមមួយរូបក្នុងវគ្គនេះ និង​ជាអ្នកនិពន្ធសៀវភៅម្នាក់ផងដែរនោះបានថ្លែងថា ការសម្ភាសន៍ប្រភពជាបញ្ហាធំមួយសម្រាប់នាង ដោយសារតែវាខុសពីអត្តចរិតរបស់ដែលជាអ្នកនិពន្ធម្នាក់ ដែលចូលចិត្តភាពស្ងប់ស្ងាត់។

កញ្ញាបានលើកឡើងក្នុងសម្ដីដើមថា៖ “សម្រាប់ខ្ញុំនៅក្នុងចំណោមនៃមេរៀនទាំងអស់ដែលយើងបានរៀន ជាមួយគ្នារយៈពេលពីរថ្ងៃពេញហ្នឹង អ្វីដែលពិបាក ខ្ញុំអត់ដឹងថានៅពេលដែលចប់ទៅ ខ្ញុំអាចធ្វើបានកម្រិតណាទេ ប៉ុន្តែខ្ញុំនឹងព្យាយាម ទីមួយគឺ ក្នុងនាមជាអ្នកអានព័ត៌មានម្នាក់ ជាអ្នកស្តាប់ព័ត៌មានម្នាក់ មកជាអ្នកសរសេរព័ត៌មាន ហើយនៅពេលយើងចាប់ផ្ដើមធ្វើជាអ្នកសរសេរព័ត៌មានយើងត្រូវ ដឹងអំពីក្បាល ពីកន្ទុយ ពីកណ្តាល តើយើងគួរតែចាប់ផ្តើមបែបណា?ហើយយើងគួរតែដាក់ចំណងជើងអត្ថបទបែបណា? ហើយយើងក៏ត្រៀមសំណួរបែបណា នៅពេលរៀនទៅសួរអ្នកដែលយើងត្រូវសម្ភាស? ហើយមួយទៀតយើង ធ្លាប់តែជាអ្នកអាន ហើយយើងធ្លាប់តែជាមនុស្សម្នាក់ដែលអត់សូវមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនប៉ុន្មានទេ ហើយយើងទៅសួរគេ អ្នកអត់ស្គាល់ ទៅសុំការអនុញ្ញាតគេសម្ភាស អ៊ីចឹងរឿងទាំងអស់ដែលយើងត្រូវសម្របខ្លួន ត្រូវរៀនបត់បែនទៅតាមកាលៈទេសៈ ហើយនឹងជួបមនុស្សថ្មីៗដែលយើងធ្វើទៅសួរព័ត៌មាន ពីគាត់អ៊ីចឹង ទាំងអស់ហ្នឹងខ្ញុំគិតថាវាអាចនឹងពិបាកក្នុងការប្ដូរខ្លួនឯងពីមនុស្សស្ងៀមស្ងាត់ ពីមនុស្សដែលចូលចិត្តនៅម្នាក់ឯងជាមួយសៀវភៅ ហើយយើងទៅសួរមនុស្សថ្មីៗ បើយើងអត់ស្គាល់”​។​

កញ្ញា ខន រក្សា ផ្ដល់បទសម្ភាសដល់ កញ្ញា រមាស រស្មី សិក្ខាកាមក្នុងបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (BBC Media and Action)

ស្រដៀងគ្នាដែរ កញ្ញា សៃ ចន្ធី សិក្ខាកាមមួយរូបដែលកំពុងធ្វើការងារស្ម័គ្រចិត្តនៅវិទ្យុស្ត្រី ក៏បាននិយាយថា៖ “បើសិនជាមានបញ្ហានៅអនាគតដូចថាទាក់ទងទៅនឹងការយកព័ត៌មានអ៊ីចឹងអាហ្នឹង គឺខ្ញុំគិតថាយើងត្រូវត្រៀមចិត្តទុកជាមុនហើយ។ យើងតាំងចិត្តថា ខ្ញុំជាអ្នកសារព័ត៌មាន ហើយអ៊ីចឹងខ្ញុំត្រូវតែអត់ធ្មត់ ហើយត្រូវខិតខំធ្វើវាបើទោះបីជាថ្ងៃហ្នឹងយើងទៅសម្ភាសគេ យកព័ត៌មានពីគេ ដោយអ្នកខ្លះក៏គេផ្តល់ឲ្យ អ្នកខ្លះក៏គេមិនផ្តល់ឲ្យអ៊ីចឹងទៅ ជាពិសេសអ្នកដែលមិនផ្តល់ឲ្យហើយគាត់ ស្ដីបន្ទោសយើងទៀត អ៊ីចឹងគឺយើងត្រូវត្រៀមចិត្តថាធ្វើម៉េច យើងអ្នកសារព័ត៌មាន ការស្តីបន្ទោសតែងតែមានន័យហើយ គេស្អីឲ្យហើយ យើងសម្រួលអារម្មណ៍ យើងមកធ្វើការយើងធម្មតាអ៊ីចឹងទៅ ព្យាយាមធ្វើវាម្ដងហើយម្ដងទៀត ហើយដោយអត់បោះបង់វាទេ”។

កញ្ញា សៃ ចន្ធី ផ្ដល់បទសម្ភាសដល់ លោក ឌឹម សុភត្រាសិក្ខាកាមវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (BBC Media and Action)

ចំណែកលោកសួន វីន សិក្ខាកាមមួយរូបទៀត ក៏បានលើកឡើងថា ការទៅសម្ភាសអាចពិបាកដោយសារតែលោក និងសិក្ខាកាមផ្សេងទៀត ដែលជាអ្នកសារព័ត៌មានពលរដ្ឋ (CJ)មិនមានកាតសម្គាល់ខ្លួនអ្នកសារព័ត៌មាន។

លោកថ្លែងដូច្នេះថា៖ “សម្រាប់ខ្ញុំ បើខ្ញុំចុះទៅយកព័ត៌មានខ្លួនឯងទីមួយនោះគឺ បញ្ហាជួបប្រទះគឺថាយើងអត់មានកាតបញ្ជាក់អំពីអ្នកសារព័ត៌មាន ប៉ុន្តែខ្ញុំមានបទពិសោធទៅយកព័ត៌មានហើយ អ៊ីចឹងយើងអាចបង្ហាញគោលជំហរច្បាស់លាស់និងណែនាំឈ្មោះច្បាស់លាស់ទៅគឺបានហើយ”។

លោក សួន វីន ផ្ដល់បទសម្ភាសដល់ លោក ឌឹម សុភត្រាសិក្ខាកាមវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (BBC Media and Action)

ចំពោះឧបសគ្គរបស់សិក្ខាកាមនេះ កញ្ញា ទុយ អេងលី អ្នករៀបចំកម្មវិធី ដែលមើលឃើញច្បាស់ពីបញ្ហារបស់សិក្ខាកាមខាងលើ បានរៀបរាប់ថា បញ្ហាអ្វីក៏ពិបាកដែរ មិនមានអ្វីដែលបានមកស្រួលៗនោះទេ។

កញ្ញាបញ្ចាក់ដូច្នេះថា ៖ “ ជាធម្មតាបើយើងនិយាយឲ្យសាមញ្ញ យើងធ្វើអីក៏ពិបាកទាំងអស់ អីក៏វាមិនដែលស្រួលដែរ ប៉ុន្តែសំខាន់ថាទឹកចិត្តយើង តើយើងមានការប្ដេជ្ញាចិត្តប៉ុណ្ណា? ហើយយើងស្រឡាញ់វាប៉ុណ្ណា? ហើយខ្ញុំជឿជាក់ថា ប្អូនៗដែលជាទំពាំងស្នងឫស្សីហ្នឹង គាត់ច្បាស់ជាមានគោលដៅរបស់គាត់ហើយ ហើយបើគាត់ស្រឡាញ់ ហើយគាត់គិតថា វាជាអ្វីដែលគាត់កំពុងតែស្វែងរក ហើយគាត់រកឃើញខ្លួនឯង ថាគាត់ស្រលាញ់វាពិតប្រាកដ ខ្ញុំគិតថាគាត់នឹងបន្តនៅក្នុងអាជីពហ្នឹង”។

កញ្ញា ទុយ អេងលី ផ្ដល់បទសម្ភាសដល់ លោក ឌឹម សុភត្រាសិក្ខាកាមវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (BBC Media and Action)

ជាមួយគ្នានេះ ដែរកញ្ញា ខន រក្សា ដែលជាសិក្ខាកាម ក៏មើលឃើញពីការលំបាកក្នុងការសម្ភាសប្រភពផងដែរ ប៉ុន្តែកញ្ញា អះអាងថាយើងជាយុវជនគួរតែបើកចិត្តឲ្យទូលាយ រៀនពីអ្វីដែលថ្មីៗ។

កញ្ញារក្សាថ្លែងក្នុងន័យប្ដេជ្ញាចិត្តក្នុងសម្ដីដើមថា៖ “ខ្ញុំនាមខ្ញុំជាយុវជនម្នាក់ ខ្ញុំចង់ពាក្យចុងក្រោយដែលខ្ញុំចង់និយាយទៅកាន់យុវជនដូចគ្នា យើងជាយុវជនម្នាក់ យើងគួរតែបើកចិត្តឲ្យទូលាយ រៀនអ្វីដែលថ្មីៗនៅជុំវិញខ្លួនរបស់យើង ជាពិសេសបច្ចុប្បន្នយើងមានអង្គការស្ថាប័ន NGO ច្រើនមែនទែនដែលគាត់បើកវគ្គបណ្ដុះបណ្ដាលដោយ អត់យកកម្រៃពីយើង អ៊ីចឹងយើងគួរតែបែងចែកពេលវេលា ពីពេលវេលារៀនសូត្រ ពីពេលវេលាធ្វើការ មកក្រេបចំណេះដឹងថ្មីៗ ដើម្បីឲ្យយើងក្លាយជាយុវជនម្នាក់ ដែលមានសក្ដានុពលក្នុងសង្គម ពោរពេញទៅដោយចំណេះដឹង និងជំនាញ ហើយមានការគិតបែបស៊ីជម្រៅនិង និងការគិតឲ្យទូលំទូលាយនៅក្នុងសហគមន៍របស់យើង”៕

 

 អត្ថបទខ្លីសរសេរដោយ លោក ឌឹម សុភត្រា កញ្ញា រម៉ាស រស្មី និងកញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (BBC Media and Action) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)

 

 

 

Share

Image
Image
Image