en     km
en     km

លោក គួច​ចំរើន ប្រកាសផ្អាកធ្វើដំណើរតាមផ្លូវសមុទ្រ ដោយសារបញ្ហាអាកាសធាតុ

Share

 

 

លោក​ គួច​ ចំរើន​អភិបាលខេត្តព្រះសីហនុបានណែនាំឱ្យផ្អាកការធ្វើដំណើរតាមសមុទ្របណ្ដោះអាសន្ន ទាំងទេសចរណ៍ ដឹកជញ្ជូន និងការនេសាទ។ ការហាមការចរណ៍លើផ្ទៃសមុទ្រនេះ ដោយសារតែមានខ្យល់ខ្លាំងធ្វើឱ្យមានរលកធំៗ អាចបង្កហានិភ័យកើតឡើងជាយថាហេតុ។ នេះបើតាមសារសំឡេងរបស់លោកអភិបាលខេត្ដផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

«សូមជម្រាបជូនឯកឧត្តម លោកជំទាវ លោកឧត្តមសេនីយ៍ អស់លោក លោកស្រីទាំងអស់ជាថ្នាក់ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធ  ពិសេសអ្នកមានភាកិច្ច នៅក្នុងផ្លូវទឹក ផ្លូវសមុទ្រ សូមយកចិត្តទុកដាក់ខ្ពស់ដោយផ្អែកទៅលើបញ្ហាអាកាសធាតុ ខ្យល់ខ្លាំង រលកធំៗ អាចបង្កអោយមានហានិភ័យ។ ដូច្នេះទេក្នុងនាមរដ្ឋបាលខេត្ត សូមអោយមានការផ្អាកការធ្វើដំណើរបណ្ដោះអាសន្ន ទាំងទេសចរណ៍ ទាំងដឹកជញ្ជូន និងប្រជានេសាទ។ ដូច្នេះ សុំអោយបងប្អូនអ្នកមានសម្ថត្តកិច្ច បានធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយ ទៅដល់សហគមន៍ ប្រជានេសាទ ទៅដល់សមាគមន៍ទេសចរណ៍ និងសមាគមន៍ដឹកជញ្ជូនខាងផ្លូវទឹក គឺ​​ អោយផ្អាកក្នុងការធ្វើដំណើរទៅក្នុងលំហសមុទ្រ និងទៅតាមបណ្ដាកោះជាបណ្ដោះអាសន្នសិន ។​ ក្នុងស្ថានភាពដែលមានហានិភ័យនេះ រង់ចាំដល់ស្ថានភាពល្អប្រសើរ ទើបអនុញ្ញាត្តិអោយដំណើរការសកម្មភាពជាប្រក្រតីឡើងវិញ។ »

 

ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំងដែលនាំឱ្យបណ្តាខេត្តមួយចំនួនក្នុងតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រមានខ្យល់បក់មកពីទិសឦសានដែលអាចឱ្យធាតុអាកាសចុះត្រជាក់នៅពេលព្រឹក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹងពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយបញ្ជាក់ថា នៅតំបន់មាត់សមុទ្រមានខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី។ ចំណែកនៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី១,០០-២,០០ម៉ែត្រ៕

 

Share

Image
Image
Image