en     km
en     km

ក្រុមស្ដ្រីថ្ងៃសុក្រនាំគ្នាតវ៉ានៅព្រឹកមិញស្នើដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិកា

Share

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមស្ដ្រីថ្ងៃសុក្របានហែគ្នាប្រមាណ១០នាក់ ទាមទារឱ្យដោះលែងសាច់ញាតិ និងគ្រួសាររបស់ខ្លួន ដែលជាសកម្មជននយោបាយ និងសកម្មជនបរិស្ថានពីពន្ធធនាគារ ខណៈកម្ពុជានឹងមានការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតនាបុណ្យអុំទូកខាងមុខ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្រុមស្ដ្រីថ្ងៃសុក្រ នៅព្រឹកមិញនេះ មានគ្នាប្រមាណ១០នាក់បានដង្ហែគ្នាដោយកាន់បដា ក្នុងដៃស្រែកទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ។

ក្រុមស្ដ្រីនោះខ្លះបានកាន់បដាថា ឱ្យដោះលែងអ្នកទោសនយោបាយ ខ្លះសរសេរថា ដោះលែងឪពុករបស់ខ្លួន គាត់គ្មានកំហុសទេ និងខ្លះសរសេរថា ដោះលែងប្ដីខ្លួន គាត់គ្មានកំហុសទេ …រួមជាមួយរូបថតនៃអ្នកទោសដែលទាមទារឱ្យដោះលែងទាំងនោះទៀតផង។

សមាគមសិទ្ធិមនុស្សអាដហុកបញ្ជាក់ថា ការដង្ហែគ្នារបស់ក្រុមស្ដ្រីថ្ងៃសុក្រធ្វើឡើងនៅស្ថានីប្រេងសូគីម៉ិច ក្បែរស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងធ្វើដំណើរទៅដល់ផ្សារថ្មី តែត្រូវបានរំសាយវិញ នៅវេលាម៉ោង១០:៣០នាទីព្រឹក ក្រោមក្រសែភ្នែករបស់អាជ្ញាធរកងសន្តិសុខប្រមាណជា២០នាក់។

ការតវ៉ារបស់ក្រុមស្ដ្រីថ្ងៃសុក្រ ធ្វើឡើងបន្ទាប់ពីតុលាការ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ បានសម្រចបន្ធូរបន្ថយទោស និងដោះលែងទោស ដល់ទណ្ឌិតមួយចំនួនដែលអនុវត្តទោសបាន១ភាគ និង២ភាគ៣នៃទោសរបស់ខ្លួន។

យ៉ាងណានៅថ្ងៃបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកខាងមុខ​ ក៏មានការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតផងដែរ។ សរុបចំនួនអ្នកទោសដែលត្រូវបន្ធូរបន្ថយ និងលើកលែងក្នុងឱកាសបុណ្យទាំងពីរឆ្នាំ២០២៣នេះ មានចំនួនជាង៩០០នាក់។ នេះបើយោងតាមការបង្ហោះក្នុងហ្វេសប៊ុកលោក គឹម សន្ដិភាព រដ្ឋមលេខាធិការក្រសួងយុត្តិធម៌។

យ៉ាងណា លោក អំ សំអាត នាយកទទួលបន្ទុកទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ ធ្លាប់ប្រាប់វិទ្យុស្ដ្រីថា លក្ខខណ្ឌបន្ធូរបន្ថយ និងលើកលែងទោសគួរមានតម្លាភាព និងមិនរើសអើង មិនថាអ្នកទោសនោះ ជាសកម្មជននយោបាយ សកម្មជនសិទ្ធមនុស្ស ឬអ្នកទោសទូទៅនោះទេ។ ការលើកឡើងរបស់លោកដូច្នេះ ដោយសារកាលពីពេលកន្លងមក គ្រួសារសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស មួយចំនួនមិនបានឃើញឈ្មោះសាច់ញាតិ ឬគ្រួសាររបស់ខ្លួនក្នុងបញ្ជីត្រូវបានបន្ធូរបន្ថយទោស និងលើកលែងទោសនោះទេ។

តែយ៉ាងណា ច្បាប់នៃការបន្ធូរបន្ថយ និងលើកលែងទោស ទាល់តែទណ្ឌិតរូបនោះបានអនុវត្តទោស ១ភាគ៣ ទើបអាចស្នើសុំបន្ធូរបន្ថយទោស  ហើយអនុវត្តទោសបាន២ភាគ៣ ទើបអាចស្នើសុំលើកលែងទោសបាន៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង