ភ្នំពេញ៖ បើទោះបីជាកន្លងមកមានការលើកឡើងពីប្រធានបទនៃការងាររកស៊ីផ្លូវភេទ និងអ្នកបម្រើសេវា កម្សាន្តមកជជែកស្វែងរកដំណោះស្រាយក្តី ក៏ប៉ុន្តែបច្ចប្បន្នក្រុមអ្នកប្រកបរបររកស៊ីផ្លូវភេទនៅតែអះអាងថាស្ថានភាពខ្លួននៅតែខ្វះការយកចិត្តទុកដាក់។ ជាពិសេសពួកគេនិយាយថាខ្លួនជាជនរងគ្រោះដែលនៅតែរស់ក្រោមគំនាបផ្នត់គំនិតអវិជ្ជមានរបស់មនុស្សមួយចំនួននៅក្នុងសង្គម។ ជាមួយគ្នានេះក្រុមអ្នករកស៊ីរបរផ្លូវភេទតាមផ្លូវមួយចំនួនមានការស្នើសុំឱ្យសង្គមគិតគូរពីដំណោះស្រាយលើបញ្ហាពួកគេផ្សេងៗគ្នា ហើយមតិភាគច្រើនឃើញថាមានការទាមទារឱ្យសង្គមក្រឡេកមើលពីបញ្ហាដែលបណ្តាលឱ្យពួកគេជ្រើសរើសរបរនេះ និងពិចារណារកផ្លូវឱ្យពួកគេចេញពីអាជីពមួយនេះ ដោយជំនួសមកវិញនូវការងារសមរម្យដែលអាចផ្គត់ផ្គង់ជីវភាពបាន។
ចង់ដឹងថាមានហេតុផលអ្វីខ្លះទើបបង្កឱ្យក្រុមអ្នកប្រកបរបររកស៊ីផ្លូវភេទទាំងនោះលើកឡើងថាខ្លួននៅតែជាជនរងគ្រោះ? ហើយពួកគេចង់ឃើញដំណោះស្រាយរួមបែបណាពីសង្គម? ដើម្បីជ្រាបកាន់តែច្បាស់សូមនាងកញ្ញា លោក លោកស្រី ស្តាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ៖
ការងារប្រកបរបររកស៊ីផ្លូវភេទ នៅតែជាអាជីពមួយដែលនៅតែមានការបញ្ចេញទស្សនៈផ្សេងៗពីសំណាកសង្គម ដែលមនុស្សមួយចំនួនចាត់ទុកថាជាវេទិកាសង្គម ដែលមានបញ្ហាស្មុគស្មាញ។ ក្នុងនោះគេតែងដឹងថាមានមនុស្សជាច្រើនហាក់មិនទាន់បើកចិត្តឱ្យតម្លៃទៅលើមុខរបរមួយនេះឡើយ។ ចំណែកឯខ្លះទៀត ជាពិសេសអង្គការសង្គមស៊ីវិល និងស្ថាប័នមួយចំនួនដែលធ្វើការដោះស្រាយបញ្ហាទាក់ទងនឹងក្រុមស្រ្តីរកស៊ីផ្លូវភេទ តែងបំផុសឡើងជាបញ្ហា និងផ្តល់វេទិកាឱ្យក្រុមស្រ្តីដែលប្រកបរបរនេះមានឱកាសនិយាយពីផលវិបាកដែលខ្លួនបានជួប ក្នុងគោលបំណងឱ្យសាធារណជនទូទៅមើលឃើញអ្នកជ្រើសរើសមុខរបរនេះក្នុងភាពវិជ្ជមាន និងព្យាយាមរកដំណោះស្រាយជូនពួកគេទាំងនោះ។
ជុំវិញបញ្ហាទាំងនេះ អ្នកយកព័ត៌មានវិទ្យុស្រ្តីបានជួបសម្ភាសន៍ផ្ទាល់ជាមួយក្រុមស្រ្តីរកស៊ីផ្លូវភេទនៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នពួកគេនៅតែចាត់ទុកថាខ្លួនជាជនរងគ្រោះទាំងផ្លូវចិត្ត និងផ្លូវកាយ ដោយក្នុងចំណោមស្រ្តីទាំងនេះនិយាយថាខ្លួនត្រូវជួបផលលំបាកនិងសុវត្ថិភាពផង ហើយត្រូវប្រឈមនឹងទស្សនៈអវិជ្ជមានរបស់មហាជនមួយចំនួនទៀត។
បុផ្ផា គឺជាឈ្មោះដែលវិទ្យុស្រ្តីដាក់ឱ្យ នាងជាអ្នកប្រកបរបររកស៊ីផ្លូវភេទនៅតាមផ្លូវមួយកន្លែង។ បុផ្ផា រៀបរាប់ពីហេតុផលជាច្រើនដែលខ្លួនពិបាកដោះស្រាយ រហូតធ្វើឱ្យខ្លួនជ្រើសរើសយកអាជីពជាអ្នករកស៊ីផ្លូវភេទ។ ក្នុងរយៈពេលដែលនាងប្រកបរបរមួយនេះ នាងបញ្ជាក់ប្រាប់ថាការងាររកស៊ីផ្លូវភេទជាការមួយដែលនាងធ្វើទាំងប្រថុយ ក៏ប៉ុន្តែដោយសារតែព្យាបាលជម្ញឺផ្ទាល់ខ្លួន និងរ៉ាប់រងបន្ទុកគ្រួសារ។ ការណ៌ដែលនាងនិយាយថាធ្វើការទាំងប្រថុយនោះព្រោះនាងអះអាងរាល់ថ្ងៃនាងត្រូវប្រឈមនឹងអាជ្ញាធរខ័ណ្ឌ និងរងការធ្វើបាបពីភ្ញៀវ។
បុផ្ផា៖«ពិបាកច្រើនហាស៎បងប៉ូលីសពេលយើងចេញមករកលុយអីចឹងដេញចាប់ ដេញយើងរត់ រត់ទាន់ក៏ទាន់ រត់មិនទាន់គេចាប់វាយ សព្វបែបសព្វយ៉ាងហើយបង ហើយខ្ញុំធ្លាប់ជួប ជួបបញ្ហាចឹងៗ(ភ្ញៀវធ្វើបាប)ច្រើនណាស់បង សឹងតែថាមួយអាទិត្យអីចឹង ពីរដងក៏មានដែរភ្ញៀវយកទៅចឹងវាយដំ ច្រំធាក់ យើងចឹង គេងមួយយើងមិនឱ្យលុយ ដាក់យើងចុះតាមផ្លូវឱ្យយើងដើរមកវិញក៏មានដែរបង។»
នៅខែកក្កដា ឆ្នាំ២០២៣ មានទស្សនៈខុសៗគ្នាច្រើនត្រូវបានបំផុសឡើង ដែលមានទាំងការទាមទារឱ្យមានច្បាប់ការពារ ហើយមហាជនខ្លះទៀត បង្ហាញពីមតិរិះគន់ បន្ទាប់ពីមានសារព័ត៌មានមួយចំនួនបានចុះផ្សាយពីករណី អាជ្ញាធរខ័ណ្ឌពោធិសែនជ័យចុះបង្រ្កាប ក្រុមស្រ្តីរកស៊ីសេវាកម្មផ្លូវភេទនៅតាមបណ្តោយផ្លូវចោមចៅ ឬផ្លូវវេងស្រេងចំនួនជាង៣៤នាក់ (រាប់បញ្ចូលទាំងភេទទី៣)។
ចំណែកឯ នារីរកស៊ីផ្លូវភេទនៅតាមផ្លូវមួយទៀតដែលវិទ្យុស្រ្តីដាក់ឈ្មោះថា អ្នកស្រី ម៉ាល័យ បានប្រកបរបរនេះ៣ឆ្នាំមកហើយ។ ទឹកមុខហាក់ផ្លាស់ប្តូរ សំឡេងនិយាយទាំងអ៊ួលដើមករ ស្របពេលរៀបរាប់ពីមូលហេតុដែលបង្កឱ្យអ្នកស្រីជ្រើសរើសមុខរបរនេះ អ្នកស្រីនិយាយថាហេតុផលដែលរុញច្រានឱ្យអ្នកស្រីជ្រើសរើសអាជីពនេះក៏ព្រោះតែអ្នកស្រីត្រូវរ៉ាប់រងម្តាយឈឺ និងផ្ទត់ផ្គងការសិក្សារបស់កូនអ្នកស្រី ដោយអ្នកស្រី ចង់ឱ្យកូនៗអ្នកស្រីចាកផុតពីជីវភាពលំបាក ហើយដើរផ្លូវទាល់ដូចជាអ្នកស្រី។ លើសពីនេះអំឡុងពេលប្រកបរបរនេះ អ្នកស្រីពិបាកនឹងពិពណ៌នានូវបញ្ហប្រឈមរបស់អ្នកស្រី ព្រោះអ្នកស្រីអះអាងថា ក្នុងវិថីមួយនេះគឺផលវិបាកមានច្រើនរាប់មិនអស់។
ម៉ាល័យ៖«ស្អីក៏ជួបដែរនិយាយមួយម៉ាត់ទៅ ទៅមកដល់កន្លែងនេះហើយស្ងីក៏មានដែរ ជួនកាលយើងអង្គុយសុខៗអ៊ីចឹងមកដល់ជួនកាលផ្ចុងយើងមានកាំបិតមានអីផ្ចុងយើងហូតយកក៏មាន ធ្លាប់ជួបអស់ហើយមិនមែនចាំបាច់ថាទៅជាមួយ(ទៅជាភ្ញៀវរកសេវាកម្ម)ហើយគេធ្វើបាបទេ សូម្បីតែនៅកន្លែងក៏គេធ្វើបាបដែរ។»
ជាការឆ្លើយតប ទៅនឹងបញ្ហាទាំងនេះ លោកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការស៊ីលការ យល់ថា នៅប្រទេសកម្ពុជា ការប្រកបរបររកស៊ីផ្លូវភេទមិនត្រូវបានចាត់ទុកជារឿងខុសច្បាប់នោះទេ ផ្ទុយទៅវិញគួរតែមានការការពារ ជាមួយនិងអត្ថប្រយោជន៍មួយចំនួនផ្សេងទៀតដូចគ្នានឹងមនុស្សទូទៅដែរ ។
លោកស្រី សេង រាសី៖« គាត់(អ្នកប្រកបរបររកស៊ីផ្លូវភេទ)គួរតែទទួលបានការគោរពសិទ្ធិគាត់មិនគួរត្រូបានការរើសអើងដោយសារតែអាជីពរបស់គាត់ទេ ជាទូទៅយើងនៅមើលឃើញកន្លែងនេះ សម្រាប់ខ្ញុំអាជីពណាក៏ដោយក៏ជាជម្រើសដែរ ដូច្នេះអ្វីដែលខ្ញុំលើកឡើងហ្នឹងមិនមែនជាការលើកទឹកចិត្តនិងមិនលើកទឹកចិត្តទេ ប៉ុន្តែខ្ញុំគោរពថាអាជីពទាំអអស់គឺជាជម្រើសហើយបើគេជ្រើសរើសអាជីពណាដែលស្របច្បាប់ អាជីពណាដែលមិនទៅបំផ្លិចបំផ្លាញអ្នកណាដែលរស់ដើម្បីចិញ្ចឹមគ្រួសាររបស់គេយើងមិនគួររើសអើងគេដោយសារអាជីពនិងមុខជំនាញរបស់គេនៅខាងក្នុងហ្នឹងទេ»។
ទោះជាមានការលើកឡើងបែបនេះក្ដី ប៉ុន្តែរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងមាត្រា៤៦ រាល់អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់នារី ត្រូវហាមឃាត់។
ជាសំណូមពរពីស្រ្តីដែលកំពុងតែមានផលវិបាកក្នុងការប្រកបរបរសកស៊ីផ្លូវភេទនៅតាមផ្លូវ កញ្ញា បុផ្ផា ស្នើឱ្យសង្គម ដែលកញ្ញាចង់សំដៅទៅលើមហាជនឱ្យធ្វើការពិចារណាដោយផ្លាស់ប្តូរការគិតអវិជ្ជមានទៅលើអ្នកដែលប្រកបរបររកស៊ីទាំងនេះ ដោយកញ្ញាសង្កត់ធ្ងន់ថាក្នុងនាមកញ្ញាដែលជាអ្នកប្រឡូកការងារនេះផ្ទាល់កញ្ញាពិតជាមិនចង់ជ្រើសរើសផ្លូវនេះទេ ក៏ប៉ុន្តែដោយសារតែគ្មានជម្រើសទើបកញ្ញាបង្ខំខ្លួនឱ្យប្រកបរបរមួយនេះ។
កញ្ញា បុផ្ផា៖«ណាមួយខ្ញុំចង់ឱ្យដឹងថាប៉ូលីស មិនថាប៉ូលីស មិនថាស្អីក៏ដោយឱ្យគេយល់ពីអារម្មណ៍ពួកខ្ញុំហាស៎ ពួកខ្ញុំអត់ចង់មកធ្វើចឹងទេបង ដោយសារតែខ្ញុំទាល់ ខ្លាំងមែនទែនហ្មងហាស៎បងអត់ជម្រើសហាស៎បង
ចំពោះអ្នកស្រី ម៉ាល័យ វិញ ស្នើឱ្យរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល រួមទាំងភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ដោយរកវិធីដោះស្រាយបញ្ហារបស់គួកគេ។ ក្នុងន័យនេះអ្នកស្រីចង់ឃើញដំណោះស្រាយដែលអាចជួយឱ្យអ្នកស្រី ក៏ដូចជាអ្នកផ្សេងទៀតក្នុងការងារនេះ ឱ្យមើលឃើញពីច្រកចេញពីអាជីពមួយនេះ ដោយអ្នកស្រីអះអាងថាកន្លងមកអ្នកស្រីបានស្វែងរកការងារផ្សេងក្រៅពីនេះដែរ ប៉ុន្តែនៅតែមិនអាចទ្រទ្រង់បន្ទុកអ្នកស្រីបាន។
អ្នកស្រី ម៉ាល័យ៖«
ជុំវិញបញ្ហានេះ លោក រ័ត្ន សណ្តាប់ អ្នកជំនាញស្រាវជ្រាវផ្នែកវប្បធម៌ និងកីឡា ដែលជាអ្នកធ្វើការស្និទ្ធជាមួយរាជរដ្ឋាភិបាល ធ្លាប់ប្រាប់វិទ្យុស្ត្រីថា លោកពិតជាទទួលស្គាល់ថាការងារប្រកបរបរផ្លូវភេទពិតជាធ្វើឱ្យប៉ះពាល់ដល់ទំនៀមទម្លាប់វប្បធម៌របស់ខ្មែរ។ ក៏ប៉ុន្តែលោកនៅតែស្នើសុំទៅកាន់សាធារណជន បញ្ឈប់ការរើសអើងទៅលើអ្នកប្រកបការងារមួយនេះ ហើយក្រសួងពាក់ព័ន្ធគួរតែចូលរួមលើកទឹកចិត្តនិងស្វែងរកដំណោះស្រាយតាមរយៈការអប់រំ និងគួរតែមានយន្តការណាមួយដែលអាចជួយឱ្យគេមានមុខរបរមួយផ្សេងច្បាស់លាស់។
លោកបណ្ឌិត រ័ត្ន សណ្តាប់៖« ក្រសួងកិច្ចការនារី និងក្រសួងពាក់ព័ន្ធទាំងអស់មានតែការចូលរួមអប់រំ និងបង្កើតមុខរបរថ្មីដើម្បីឱ្យបងប្អូនហ្នឹង(អ្នកប្រកបរបរផ្លូវភេទ) ងាកចេញពីសេវាកម្មរកស៊ីផ្លូវភេទហ្នឹងទៅរកមុខជំនាញផ្សេងទៀតទើបជារឿងប្រពៃ ព្រោះបញ្ហាផ្លូវភេទហ្នឹងវាប៉ះពាល់់ដល់វង្សត្រកូលរបស់ក្មួយៗទាំងអស់ហ្នឹងវាជាបញ្ហាសង្គមទាំងមូលណា៎រៀងហ្នឹងណា៎ព្រោះអីយើងដឹងថាស្រុកណាក៏មានដែរ រឿងហ្នឹងយើងពិបាកលុបបំបាត់ប៉ុន្តែយើងក៏ត្រូវមានកត្វកិច្ចក្នុងគាំទ្រលើកស្ទួយបងប្អូនស្រ្តីទាំងអស់ហ្នឹងដែរ។»
កន្លងមក បញ្ហាលំបាករបស់អ្នកបម្រើសេវាកម្មកម្សាន្ត និងអ្នកប្រកបរបរផ្លូវភេទក៏ធ្លាប់ត្រូវបាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍លើកមកធ្វើជាប្រធានបទក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស លើកទី១២ នៅឆ្នាំ២០២២។ ក្នុងវេទិកានោះ ស្ថានភាពអ្នកប្រកបរបរបម្រើសេវាកម្មកំសាន្ត និងអ្នករកស៊ីផ្លុវភេទក៏ត្រូវបានលើកឡើងផងដែរ។ តួលេខបញ្ជាក់នៅក្នុងគម្រោងថា មានចំនួនជាង៥ម៉ឺន១ពាន់នាក់ទៅ ៥ម៉ឹន២ពាន់នាក់ «គឺជាស្ត្រីរកស៊ីបម្រើសេវាកម្មផ្លូវភេទ ប៉ុន្តែក្នុងនោះសម្រាប់អ្នកបម្រើសេវាផ្លូវភេទ ដែលគ្មានទីតាំងពិតប្រាក បម្រើសេវាឯករាជ្យដូចជានៅតាមសួន ឬតាមចញ្ចើមមផ្លូវពុំបានចុះបញ្ជី ឬបម្រើសេវាដែលគ្មានថៅកែ គឺមានប្រហែលពី ៣ពាន់នាក់ ទៅ៤ពាន់នាក់។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ថា«ក្រុមទាំងនេះ ត្រូវបានចាត់ទុកជាបុគ្គលក្រីក្របំផុត»៕