en     km
en     km

ក្រសួងព័ត៌មានព្រមានជាលើកចុងក្រោយដល់អ្នកសារព័ត៌មានកំពុងបំពេញភារកិច្ច តែដើរទារលុយពីវិស័យឯកជន

Share

ក្រសួងព័ត៌មានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង ដល់អ្នកសារព័ត៌មានដែលកំពុងបំពេញភារកិច្ចក្នុងនាមជាអ្នកសារព័ត៌មាន តែសុំលុយពីវិស័យឯកជន ខណៈក្រសួងរកឃើញថាមានការសុំលុយពីក្រុមហ៊ុនឯកជនពិតមែន។ តែសង្គមស៊ីវិលថា ក្រសួងក៏ដូចជាភាគីពាក់ព័ន្ធគួរពង្រឹងវិជ្ជាជីវៈក្រមសីលធម៌ បន្ថែមដល់អ្នកសារព័ត៌មាន ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់វិស័យមួយនេះ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្រសួងព័ត៌មាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានចេញការប្រកាសព័ត៌មានមួយ ដោយដាក់ជាវិធានការ ចំពោះបុគ្គលណាដែលពាក់ព័ន្ធនឹងករណីទារលុយពីវិស័យឯកជន ពោលគឺក្រុមហ៊ុនកាស៊ីណូ ថបដាយម៉ិន ពេលចុះទៅយកព័ត៌មាន។

ការចេញសេចក្ដីប្រកាសព័ត៌មានបែបនេះ ដោយសារក្រសួងព័ត៌មានបានពិនិត្យជាក់ស្ដែងឃើញថា ពិតជាមានអ្នកសារព័ត៌មានចូលទៅសុំលុយពីក្រុមហ៊ុនកាស៊ីណូនោះ នាខេត្តតាកែវពិតមែន។ ក្រសួងបានចេញលិខិតមួយ ដើម្បីសុំឱ្យក្រុមហ៊ុនឯកជននេះធ្វើការសហការផ្ដល់បញ្ជីឈ្មោះអ្នកសារព័ត៌មានដែលទៅសុំលុយក្រុមហ៊ុនកាលពីថ្ងៃទី៤ ខែតុលា​ ឆ្នាំ២០២៣។  ក្រសួងបញ្ជាក់ថា មានអ្នកសារព័ត៌មានដល់ទៅ៨២៨រូប ដែលជាប់ពាក់ព័ន្ធករណីនេះ។

បន្ទាប់ពីការចេញលិខិតសុំការសហការ ក្រសួងថា មានអ្នកសារព័ត៌មានចំនួន៤៣រូប មកពីស្ថាប័នចំនួន៣៤អង្គភាព បានចូលបំភ្លឺនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។ ទន្ទឹមគ្នាក៏មានអង្គភាពសារព័ត៌មានខ្លះទៀតក៏បញ្ជាក់ទៅក្រសួងព័ត៌មានអំពីការមិនពាក់ព័ន្ធនិងករណីនេះផងដែរ។

តែយ៉ាងណាក្រសួងនៅតែតម្រូវអ្នកសារព័ត៌មាន និងបុគ្គលដែលជាប់ពាក់ព័ន្ធករណីសុំលុយពីកាស៊ីណូ ថបដាយម៉ិន ត្រូវមកធ្វើការផ្ទៀងផ្ទាត់ និងឆ្លើយបំភ្លឺនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន ចាប់ពីថ្ងៃចេញការប្រកាសព័ត៌មាននេះរហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ថបដាយម៉ិន បានផ្សាយលិខិតជាសាធារណៈមួយ អំពី​ការផ្ដល់​លុយកាក់ និង​ផ្ដល់ការ​ឧបត្ថម្ភ​នានា​ឱ្យទៅ​អ្នកសារព័ត៌មាន​ប្រមាណ​៧០០​ទៅ​៩០០​អង្គភាព​។

លោកនេត្រ ភក្ដ្រា រដ្ឋមន្ដ្រីព័ត៌មានបានចាត់វិធានការអន្តរាគមន៍ ដោយការស្នើសុំបញ្ជីឈ្មោះអ្នកសារព័ត៌មានដែលទៅសុំលុយក្រុមហ៊ុន និងបញ្ជាក់ពីមូលហេតុនៃ​ការផ្ដល់​លុយកាក់ ឬ​ការឧបត្ថម្ភ​នី​មួយៗ ហើយ​បញ្ជូន​មក​ក្រសួង​ព័ត៌មាន​។ តែក្រុមហ៊ុននេះមិនបានសហការណ៍នោះទេ ទើបតែធ្វើការឆ្លើយតប និងសុំទោសទៅកាន់ក្រសួងតាមក្រោយប៉ុណ្ណោះ។ ជាមួយគ្នានៃការសុំទោស ក្រុមហ៊ុននេះ ក៏បានសន្យាបន្ដសហការជាមួយក្រសួងព័ត៌មាន ដោះស្រាយបញ្ហាដែលបានកើតឡើងកន្លងមក។

លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJA យល់ថា ក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធគួរតែពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដល់អ្នកសារព័ត៌មាន រួមទាំងការផ្ដល់យោបល់បន្ថែមអំពីវិជ្ជាជីវៈមួយនេះ ដើម្បីបង្ការផលប៉ះពាល់ដល់វិស័យសារព័ត៌មាន និងអ្នកសារព័ត៌មានត្រឹមត្រូវ។

បែបនេះក្ដីក្រសួងព័ត៌មានព្រមានថា នេះការក្រើនរម្លឹកលើកចុងក្រោយដល់សារព័ត៌មានដែលកំពុងបំពេញភារកិច្ចជាអ្នកសារព័ត៌មាន ត្រូវលើកកម្ពស់ការអនុវត្តច្បាប់ស្ដីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជៀសវាងការគិតប្រយោជន៍ផ្ទាល់ខ្លួន ដែលនាំឱ្យអាប់ឱនដល់សេចក្ដីថ្លៃថ្នូរ​ និងកិត្តិយស។ ករណីនៅតែបំពាន ក្រសួងថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕

 

Share

Image
Image
Image