en     km
en     km

តើការចងសម្ព័ន្ធភាពរបស់គណបក្សនយោបាយផ្ដល់ប្រយោជន៍ដល់សង្គម និងពលរដ្ឋ ពិសេសស្ដ្រីយ៉ាងណា?

Share

គណបក្សនយោបាយបានងាកទៅចងសម្ព័ន្ធគ្នា ក្រោយការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០២៣បានបញ្ចប់។ គោលការណ៍គណបក្សនយោបាយនីមួយៗពេលនៅដាច់ដោយឡែកពីគ្នា សុទ្ធតែបម្រើ និងយកប្រជាពលរដ្ឋជាធំ។ ចុះក្រោយការចងសម្ព័ន្ធភាពគ្នា តើអាចផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ពិសេសស្ដ្រី និងសង្គមយ៉ាងណាខ្លះ?

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

កាលពីអំឡុងខែតុលា  ឆ្នាំ២០២៣កន្លងទៅ គណបក្សនយោបាយមួយចំនួនធំបានធ្វើការចងសម្ព័ន្ធភាពជាមួយគ្នា។ ដោយក្នុងនោះ គណបក្សចំនួន៤បានចងសម្ព័ន្ធភាពគ្នា រួមមានគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា។ ចំណែកគណបក្សចំនួន២៧ ផ្សេងទៀតបានទៅចងសម្ព័ន្ធជាមួយគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងកម្មវិធីវិទ្យុ របស់អង្គការមណ្ឌលព័ត៌មានស្ដ្រីកម្ពុជា នាថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឯម សុវណ្ណារ៉ា សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយបានលើកឡើងថា ការចង់សម្ព័ន្ធរបស់គណបក្សនយោបាយមានប្រយោជន៍តិចតួចប៉ុណ្ណោះសម្រាប់សង្គមជាតិ។ លោកបញ្ជាក់ថា ផលប្រយោជន៍អាចឱ្យប្រជាពលរដ្ឋមិនសូវខ្វល់ខ្វាយពីបក្សនយោបាយដែលមានច្រើន ហើយបក្សនយោបាយអាចបោះជំហានទៅរកគ្នាដែលជាចំណុចវិជ្ជមានមួយសម្រាប់សង្គមប្រជាធិបតេយ្យ។

ចំណែកនាយិកាអង្គការកម្ពុជាដើម្បីជួយស្ដ្រីមានវិបត្តិ អ្នកស្រី ប៉ុក បញ្ញាវិចិត្រ បានលើកឡើងស្រដៀងគ្នានឹងលោកសាស្ដ្រាចារ្យឯម សុវណ្ណារ៉ាដែរ ថាការចងសម្ព័ន្ធភាពគ្នា ជាដំណើរការល្អមួយសម្រាប់សង្គមប្រជាធិបតេយ្យ និងជួយពង្រឹងដល់ភាពរឹងមាំរបស់គណបក្ស។ តែទន្ទឹមគ្នាអ្នកស្រី មិនរំពឹងថា ការចងសម្ព័ន្ធរបស់គណបក្សនយោបាយទាំងនោះ បានជួយដល់ស្ដ្រីនោះទេ ព្រោះការលើកឡើងពីស្ដ្រី និងសំឡេងស្ដ្រីក្នុងការចូលរួម គឺពិតជាមិនបានលើកឡើងដោយគណបក្សទាំងអស់នោះឡើយ។

ចំណែកលោកអំ សំអាត នាយកទទួលបន្ទុកទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងដែរថាទោះជាគណបក្សនយោបាយណាចូលទៅសម្ព័ន្ធភាពមួយក៏ដោយ តែត្រូវគិតពីឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ព្រមទាំងមិនចាកចេញពីគន្លងប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា ការចងសម្ព័ន្ធភាពនយោបាយរបស់គណបក្ស មិនមែនជាការរំលាយគណបក្សនយោបាយនីមួយៗចូលគ្នានោះទេ តែជាការសម្លឹកមើលឃើញពីទិសដៅរួមគ្នា ក្នុងការធ្វើការងារ តាមបែបលទ្ធិប្រជាធិបតេយ្យ៕

Share

Image
Image
Image