ក្រោយការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតាំងតំណាងរាស្ដ្រកាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅមានគណបក្សចំនួន២បានជាប់នៅក្នុងអាសនៈសភា។ ក្នុងនោះ ១២០អាសនៈបានទៅលើគណបក្សប្រជាជនកម្ពុជា និង៥អាសនៈបានទៅលើគណបក្ស ហ្វ៊ុន ស៊ិន ប៉ិច។ ការបន្ថែមសមាជិកពីគណបក្សផ្សេងក្នុងអាសនៈសភាបែបនេះ នាំឱ្យរដ្ឋសភាសម្រេចជ្រើសរើសសមាជិកគណៈកម្មកាធិការជាតិរៀបចំការបោះឆ្នោតជាថ្មី។
ផ្អែកតាមសេចក្ដីជូនដំណឹងពីរដ្ឋសភាចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ថា គណៈកម្មាការអចិន្ត្រៃយ៍រដ្ឋសភានៃកម្ពុជា នីតិកាលទី៧ នឹងធ្វើការជ្រើសរើសបេក្ខជនឈរឈ្មោះជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអនុលោមតាមមាត្រា៥ និងមាត្រា៦ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
រដ្ឋសភាបន្ថែមថា ឥស្សរជនដែលមានបំណងឈរឈ្មោះជាបេក្ខជនក្នុងការជ្រើសរើស ត្រូវដាក់ពាក្យសុំឈេឈ្មោះជាបេក្ខជន ជូនទៅគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទឈប់ទទួលពាក្យ។
យោងតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មាត្រា៦បញ្ជាក់ថា សមាសភាពទាំង៩រូបនៃគ.ជ.ប គឺជ្រើសរើស ៤រូបពីគណបក្សដឹកនាំរាជរដ្ឋាភិបាល ចំណែក៤រូបទៀត ជ្រើសរើសដោយគណបក្សមានអាសនៈ ក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល និង១រូបចុងក្រោយជ្រើសរើសដោយមានការព្រមព្រៀងរវាងគណបក្សទាំងអស់ដែលមានអាសនៈក្នុងរដ្ឋសភា។
ទាក់ទិនរឿងការជ្រើសរើសបេក្ខជនឈរឈ្មោះជាសមាជិក គ.ជ.ប ថ្មីនេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋានកាលពីខែកក្កដា ឆ្នាំ២០២៣ ពោលមុនការបោះឆ្នោតតំណាងរាស្ដ្រ ក៏ធ្លាប់បានដាក់ញត្តិស្នើទៅកាន់រដ្ឋសភាដោយស្នើឱ្យសភាពិនិត្យលើសមាសភាព គ.ជ.បឡើងវិញផងដែរ ដើម្បីធានាដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ព្រមទាំងអាចទទួលយកបានពីគ្រប់គណបក្សនយោបាយ និងម្ចាស់ឆ្នោត៕