អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានឱ្យដឹងនៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ ២០២៣នេះថា មន្រ្តីជំនាញ សាខា ក.ប.ប. រាជ ធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ បាន នាំ យក រថយន្ត មន្ទីរ ពិសោធន៍ ចល័ត ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយចំនួន ៣ទីតាំង ដោយមួយកន្លែងក្នុងភូមិសាស្រ្ត សង្កាត់បឹងសាឡាង និង២ទីតាំងទៀត នៅតំបន់ ផ្សារ នាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះ ក្រុមមន្រ្តីជំនាញបានរកឃើញទីតាំងមួយកន្លែង មាន សារធាតុ គីមី គ្មាន ស្លាក សញ្ញា ជា ម្សៅស ចំនួន៨៥ គីឡូក្រាម និងសាជូរ ចំនួន២៨បាវ ស្មើនឹង ៨៣០គីឡូក្រាម សម្រាប់ យក ទៅ ប្រើប្រាស់លាយជាមួយទឹក និងដាក់ខ្ញីហាន់រួចត្រាំជាមួយ មុននឹងចែកចាយ។ តាម លទ្ធផលវិភាគ បឋម ទៅ លើគំរូម្សៅស បង្ហាញថា គឺជាសារធាតុគីមីម្យ៉ាងមានឈ្មោះ Sodium Hydrosulfite ដែល ជា ប្រភេទសារធាតុគីមី មិន ត្រូវ បាន អនុញ្ញាត ឱ្យ ប្រើប្រាស់ ជា សារធាតុ បន្ថែម ក្នុង ម្ហូប អាហារ ទេ។ ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធ ឈាម ចុះ ទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស។ សម្រាប់អ្នក Allergic ធ្ងន់ធ្ងរ ជា មួយ សារ ធាតុ ខាង លើ នេះ ឬអ្នកមានជំងឺហឺត អាចបណ្តាលឱ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិត។
តាមការអះអាងពីម្ចាស់ទីតាំងខាងលើ គឺសារធាតុ គីមី ទាំង នេះ គាត់បាន បញ្ជា ទិញ ពីផ្សារ ច្បារអំពៅ។ ជាវិធានការ មន្ត្រីជំនាញបាន៖ដកហូតនូវសារធាតុគីមីជាម្សៅស Sodium Hydrosulfite ចំនួន ៨៥គីឡូក្រាម យកមករក្សាទុកជាបណ្តោះអាសន្ននៅសាខា ក.ប.ប. រាជ ធានីភ្នំពេញ , ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវខ្ញីហាន់ ដែល កំពុង ដាក់ ត្រាំក្នុ ងធុ ងជ័រចំនួន ៣ធុង សរុបប្រមាណ ២៥០គីឡូក្រាម , ឃាត់ជាបណ្តោះ អាសន្ន នៅ នឹង កន្លែង (សៀលទុក) នូវសារធាតុសាច់ជូរចំនួន ៨៣០គីឡូក្រាម ដើម្បីតាម ដាន អំពី គោល ដៅ ប្រើ ប្រាស់ និងត្រូវមានច្បាប់អនុញ្ញាតក្នុងករណីប្រើជាសារធាតុបន្ថែមក្នុងម្ហូបអាហារ , យក គំរូ ទៅ វិភាគ នៅ មន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។ ករណីរកឃើញមានសារធាតុគីមីហាមឃាត់ធ្វើឱ្យប៉ះពាល់ដល់សុខភាព អគ្គនាយកដ្ឋាន ក.ប.ប. នឹង ចាត់វិធានការតាមផ្លូវច្បាប់។
ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. បានអំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ ជាអាទិ៍ អ្នក នាំ ចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ សូម មេត្តាកុំប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឱ្យ ប៉ះ ពាល់ ដល់ សុខភាព អ្នក ទទួល ទាន ករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ឬបង្ករជាជំងឺរ៉ាំរ៉ៃ ឬជំងឺ ប្រចាំ កាយ រយៈពេលជាយូរអង្វែង។ ទន្ទឹមនឹងនេះ ក៏សូមអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មេត្តា ចូលរួមទប់ស្កាត់នូវផលិតផលមានសារធាតុគីមីហាមឃាត់ ផលិតផលខូចគុណភាព ផលិត ផល ពុំ មានអនុលោមភាពតាមបទប្បញ្ញត្តិ តាមរយៈការដាក់ពាក្យបណ្តឹង ឬផ្តល់ ព័ត៌មាន អំពី ករណី ខាង លើ នេះ ទៅកាន់ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេស មក អគ្គនាយកដ្ឋាន ការពារ អ្ន ក ប្រើ ប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែល មាន អាសយដ្ឋាន ផ្លូវ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទូរស័ព្ទ លេខ (១). 0២៣ ២៣១ ៨៥៦ និង(២). 0៩២ ៨៣០ ៨៥៦ ដើម្បីអគ្គនាយកដ្ឋាន ក.ប.ប. នៃ ក្រសួងពាណិជ្ជកម្ម មានវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕