លោក សាន់ ម៉ាឡា សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានដែលប្រទះឃើញមានការបូមខ្សាច់សារជាថ្មី នៅតំបន់ដែលបានផ្អាកកាលពី៨ឆ្នាំមុន ខ្លាចប្រវត្តិសាស្ដ្រចាស់វិលមកវិញ។ ស្របពេលជាមួយគ្នា លោកស្នើឱ្យរាជរដ្ឋាភិបាលបង្វែរទិសដៅឱ្យអភិវឌ្ឍន៍សម្រាប់ទេសចរ ជាជាងបូមខ្សាប់ដែននាំឱ្យប៉ះពាល់បរិស្ថាន។លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
សកម្មជនបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋតាមដានសកម្មការមូបខ្សាច់នាពេលថ្មីៗនេះ នៅតំបន់កោះស្រឡៅ ដែលស្ថិតនៅឃុំកោះកាពិ ខេត្តកោះកុង ខណៈមានក្រុមហ៊ុនចូលមកធ្វើអាជីវកម្មបូមខ្សាច់ម្ដងទៀត។ ទង្វើនេះនាំឱ្យសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានលោក សាន់ ម៉ាឡា ខ្លាចថាប្រវត្តិសាស្ដ្រចាស់វិលមកសារជាថ្មី។
អាជីវកម្មបូមខ្សាច់ត្រូវបានផ្អាកធ្វើសកម្មភាព៨ឆ្នាំមកហើយ ក្រោយប្រជាពលរដ្ឋក្នុងតំបន់ធ្វើការតវ៉ា ព្រោះប៉ះពាល់ដល់មុខរបរចិញ្ចឹមជិវិតប្រចាំថ្ងៃ ដូចជាការនេសាទត្រី ក្ដាមសមុទ្រជាដើម។ នេះបើតាមការបញ្ជាក់ពីលោក សាន់ ម៉ាឡា។ សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានរូបនេះបន្ថែមថា នៅពេលស្រទាបខ្សាច់ត្រូវបានគ្រឿងចក្រមូបយកទៅ បន្សល់នូវដីភក់ ដែលមិនអំណោយផលដល់បរិស្ថានសត្វសមុទ្រ និងរុក្ខជាតិមានព្រៃកោងកាងនៅតាមដងព្រែកនោះទេ ថែមទាំងបង្កសំឡេងរំខានពីសាឡង់ដែលដឹកខ្សាច់ដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះផងដែរ។
កាលពីឆ្នាំ២០១៥ ក្រសួងរ៉ែ និងថាមពលបានផ្អាកអាជីវកម្មបូមខ្សាច់នេះភ្លាមៗ បន្ទាប់ពីសកម្មជនបរិស្ថាន និងប្រជាពលរដ្ឋធ្វើការតវ៉ា។ ក្រសួងពន្យល់ថា ការបញ្ឈប់អាជីកម្មបូមខ្សាច់ គឺដើម្បីបញ្ចៀសផលប៉ះពាល់បរិស្ថាន និងការពារប្រយោជន៍សាធារណៈយូរអង្វែង។ ណាមួយខ្សាច់ និងខ្សាច់លាយភក់ ក្រសួងរ៉ែ និងថាពលថា ជាធនធានដែលមានតម្លៃសម្រាប់វិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ។
អង្គការមាតាធម្មជាតិធ្លាប់ចេញរបាយការណ៍ស្រាវជ្រាវមួយ អំឡុងឆ្នាំ២០១៧-២០១៨ ពីការនាំខ្សាច់ចេញពីទឹកដីខេត្តកោះកុង ទៅកាន់ប្រទេសសិង្ហបុរី ថាមានភាពមិនប្រក្រតីផងដែរ ដោយសារមានការបាត់ចំណូលពន្ធចូលសេដ្ឋកិច្ចជាតិ។
យ៉ាងណា តំបន់កោះស្រឡៅ ជាតំបន់សក្តានុពលទេសចរណ៍បែបអេកូ ដែលមានភាពទាក់ទាញជាមួយធនធានធម្មជាតិនៃព្រៃកោងកាងស្រស់បំព្រង។ លោក សាន់ ម៉ាឡា ថា រាជរដ្ឋាភិបាលគួរអភិវឌ្ឍន៍តំបន់នេះ សម្រាប់ទាញទេសចរ ជាជាងបូមខ្សាច់ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងរបររកស៊ីប្រចាំថ្ងៃប្រជាពលរដ្ឋក្នុងតំបន់៕