en     km
en     km

ក្រសួងរ៉ែបិទអាជ្ញាបណ្ណកម្ទេចថ្មភ្នំ ខណៈភ្នំមួយចំនួនបានបានបំផ្លាញដោយដុំៗ

Share

ក្រសួងរ៉ែបានពិនិត្យអាជីវកម្មវាយថ្មភ្នំ ដោយបិទអាជ្ញាបណ្ណហាមឃាត់មិនឱ្យមានការវាយថ្មភ្នំទៀតទេ ដើម្បីធ្វើការអភិរក្ស ឱ្យមានតុល្យភាពនិងការអភិវឌ្ឍ ខណៈភ្នំមួយចំនួនបានទាញយកផលប្រយោជន៍ ដោយបន្សល់ទុកសភាពកញ្ឆេតកញ្ឆត។ ការចេញសេចក្ដីសម្រេចនេះ ត្រូវបានសង្គមស៊ីវិលសាទរ ព្រោះនៅមានភ្នំធម្មជាតិដទៃទៀតដែលត្រូវការពារ។ លោក ឡាក់ ច័ន្ទតារា ជូននុវសេចក្ដីរាយការណ៍៖

លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានលើកឡើងថា ក្រសួងបានបិទអាជ្ញាបណ្ណហាមឃាត់មិនឱ្យមានការវាយថ្មភ្នំទៀតទេ ដើម្បីធ្វើការអភិរក្ស ឱ្យមានតុល្យភាពនិងការអភិវឌ្ឍ។ នេះបើផ្អែកតាមវីដេអូមួយដែលក្រសួងទើបបង្ហោះលើហ្វេសប៊ុក ក្រោយជំនួបជាមួយវិស័យឯកជនផ្នែកថ្មសំណង់ កាលដើមខែវិច្ឆិកា។

លោករដ្ឋមន្ដ្រីបញ្ជាក់ថា ការបិទអាជ្ញាបណ្ណនេះដោយសារមិនចង់ឃើញភ្នំនៅក្នុងប្រទេសកម្ពុជា មានសភាពកញ្ឆេតកញ្ឆតមុខ កញ្ឆែបច្រមុះ ដុំៗនោះទេ។ លោកថា ភ្នំខ្លះមានតម្លៃសម្រាប់វិស័យទេសចរណ៍ ប្រវត្ថិសាស្ដ្រ និងបរិស្ថាន ដែលត្រូវយកចិត្តទុកដាក់ជាមួយវិស័យពាក់ព័ន្ធ។

យ៉ាងណាលោកអះអាងថា បើមានការវិនិយោគដោយគិតគូរពីផលប៉ះពាល់គ្រប់ជ្រុងជ្រោយ គោរពតាមលក្ខខណ្ឌបរិស្ថាន សួយសារ និងពន្ធដារត្រឹមត្រូវ នឹងអនុញ្ញាតឱ្យបើកអាជីវកម្ម។ ការបិទអាជីវកម្មវាយថ្ម នឹងមានរយៈពេលយ៉ាងហោចណាស់៦-៧ខែ ដើម្បីពិនិត្យឡើងវិញសិនពីអាជីវកម្មនេះ។

លោក​ ហេង​ គឹមហុង​ ប្រធានកម្មវិធី​ផ្នែកស្រាវជ្រាវ​ និងតស៊ូ​មតិ​នៃសមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN)​ថា ទោះបីជារាងយឺតពេលបន្ដិចដែលក្រសួងបានបិទអាជ្ញាបណ្ណហាមឃាត់មិនឱ្យមានការវាយថ្មភ្នំ តែជារឿងប្រសើរមួយ ព្រោះនៅមានសល់ភ្នំធម្មជាតិផ្សេងទៀត ដែលចាំបាច់ធ្វើការអភិរក្ស។

ប្រធានសមាគម​បណ្ដាញ​យុវជន​កម្ពុជារូបនេះថា មិនមែនជារឿងថ្មីទេ ដែលមន្ដ្រីរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយទប់ស្កាត់រាល់បញ្ហាទាំងនេះ តែអនុវត្តបានត្រឹមមួយឆាវៗក៏បាត់ទៅវិញ ហើយបញ្ហាក៏កើតឡើងវិញដដែល។

ទោះបែបនេះក្ដី លោក ហេង គឹមហុង បានស្នើឱ្យក្រសួងរ៉ែ និងថាមពល ពិនិត្យឱ្យមានតម្លាភាពឡើងវិញផងដែរពីរបាយការណ៍ក្រុមហ៊ុនដែលរុករករ៉ែ ថ្ម ថ្មភ្នំ ដើម្បីឱ្យប្រជាពលរដ្ឋសហគមមូលដ្ឋានបានដឹងពីព័ត៌មានអាជីវកម្មនោះ៕

Share

Image
Image
Image