en     km
en     km

សហជីពគាំទ្រឱ្យមានរោងចក្រនៅតាមបណ្តាខេត្ត តែបារម្ភឆ្ងាពីភ្នែកអាជ្ញាធរ និងសង្គមស៊ីវិលពេលមានបញ្ហា

Share

ភ្នំពេញ៖ ក្រោយពីនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យមានរោងចក្រនៅតាមបណ្ដាខេត្តក្រុងទូទាំងប្រទេស មានកម្មករ កម្មការនី សហជីព និងអ្នកជំនាញសង្គមមួយចំនួនសម្តែងការគាំទ្រ បន្ទាប់ពីខ្លួនមើលឃើញពីគុណប្រយោជន៍សម្រាបពលរដ្ឋ ជាពិសេសគឺជាឱកាសជួយសម្រួលដល់កម្មកករ កម្មការនី។ ក៏ប៉ុន្តែក៏មានការលើកឡើងពីក្តីបារម្ភ ទាក់ទងនឹងកង្វះការយកចិត្តទុកដាក់ទៅលើបញ្ហារបស់កម្មករ និយោជិត។   កញ្ញា គុជ ស៊ីកុល រាយការណ៍

ថ្លែងក្នុងកម្មវិធីជួបសំណេះសំណាលកម្មករ និយោជិត ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ​ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សម្តេច​ ហ៊ុន ម៉ាណែត​ ដោយលោកសង្កតធ្ងន់ថារដ្ឋាភិបាលនឹងព្យាយាមផ្តល់ជាកន្លែងការងារតាមរយៈការជម្រុញឱ្យមានការបង្កើតនូវរោងចក្របន្ថែមនៅតាមបណ្តាខេត្តក្រុង ដែលអាចផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ។

សម្តេច ហ៊ុន ម៉ាណែត៖« រោងចក្រសហគ្រាសយើងរុញទូទាំងប្រទេស ពី៦៤សហគ្រាសទៅជាង១ម៉ឺនជាងហើយយើងមិនអាចដាក់នៅទេភ្នំពេញទេ ហើយក៏គ្មានមូលហេតុអ្វីដែលដាក់នៅតែភ្នំពេញទេ ព្រោះប្រជាពលរដ្ឋនៅទូទាំងប្រទេស អ៊ីចឹងទាល់តែរុញសំខាន់បំផុតដល់ប្រជាពលរដ្ឋនៅគ្រប់កន្លែងទាំងអស់

ជុំវិញការលើកឡើងរបស់នាយករដ្ឋមន្រ្តីរូបនេះ មានទស្សនៈ និងការលើកឡើងផ្សេងៗគ្នាដែលជជែក ទាក់ទងទៅនឹងគុណវិបត្តិ និងគុណសម្បត្តិដែលប្រជាពលរដ្ឋនិងទទួល។ ក្នុងនោះឃើញថា មតិភាគច្រើនគឺមានការគាំទ្រឱ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ និងបង្កើតឱ្យមានរោងចក្រនៅតាមបណ្តាខេត្ត។ ក៏ប៉ុន្តែស្របពេលដែលមានការលើកឡើងពីគុណប្រយោជន៍ក៏មានការបំផុសឡើងពីបញ្ហាប្រឈម ដែលទាមទារឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបង្កើតយន្តការកាពារជាមុន។

អ្នកស្រី ប៊ូ ពិសិដ្ឋ កម្មការនីនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ CTW (Cambodian Textiles Worldwide Phnom Penh  Workers CO.,LTD) មើលឃើញពីចំណុចសំខាន់ៗចំពោះកម្មករ និយោជិត ដែលអាចផ្តល់ឱ្យអ្នកស្រីដូចជាមានកន្លែងធ្វើការជិតផ្ទះ ហើយបង្កភាពងាយស្រួលដល់អ្នកស្រីក្នុងនាមជាកម្មការនីផ្ទាល់ដូចជា ចំណេញពេលវេលា និងកាត់បន្ថយចំណាយ ស្របពេលដែលបច្ចប្បន្នគឺអ្នកស្រីមានផលលំបាកក្នុងការស្នាក់នៅឆ្ងាយពីគ្រួសារ និងពិបាកនឹងចរាចរណ៍នៅពេលអ្នកស្រីធ្វើដំណើរពីកន្លែងស្នាក់នៅ ទៅកន្លែងធ្វើការ។

 

យ៉ាងណាមិញ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា និងជាអ្នកជំនាញសង្គម​មួយរូប សម្លឹងឃើញពីផលវិបាកមួយចំនួន។ លោកបង្ហាញការយល់ឃើញជាហូរហែរនូវរាល់បញ្ហាដែលអាចកើតមានដូចជា ឧបសគ្គរបស់កម្មករ និយោជិត ព្រមទាំងបញ្ហាបរិស្ថាននៅទីតាំងដែលបង្កើតឱ្យមានរោងចក្រ។

 

ស្រដៀងគ្នាដែរ លោកស្រី សុខ នី អនុប្រធានព័ន្ធសហជីពសេរីកម្មករ ក៏បានសម្តែងការគាំទ្រទៅនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីផងដែរ។ លោកស្រីចាត់ទុកថា ការជម្រុញឱ្យមានរោងចក្រនៅតាមបណ្តាខេត្តគឺជាដំណោះស្រាយមួយដែលអាចជួយដល់កម្មករ កម្មការនី ដែលចំណាកស្រុកមកធ្វើការនៅភ្នំពេញ។ ការណ៍ដែលលោកស្រីយល់ឃើញបែបនេះ ព្រោះលោកស្រីអះអាងថាបច្ចប្បន្នផលវិបាករបស់កម្មករ និយោជិតប្រៀបបាននឹងទាសករទាន់សម័យ។

 

ក្រៅពីការគាំទ្រឱ្យមានការបង្កើតបន្ថែមនូវរោងចក្រតាមបណ្តាខេត្ត លោកស្រី មើលឃើញបញ្ហាផ្សេងៗដែលអាចកើតមានផងដែរ។ លោកស្រីសង្កត់ធ្ងន់ទៅលើកង្វះការយកចិត្តទុកដាក់ទៅលើផលវិបាករបស់កម្មករ កម្មការនី ដោយលោកស្រីលើកឡើងពីករណីពេលដែលកម្មករ និយោជិត មានបញ្ហាក្នុងទាមទារដំណោះស្រាយគឺអាចនឹងចាយពេលយូរ ព្រោះថាពួកគេមានកន្លាតឆ្ងាយពីស្ថាប័នទទួលខុសត្រូវលើតម្រូវការកម្មករ និយោជិត។

 

បន្ថែមពីការជំរុញឱ្យមានរោងចក្រនៅជិតកន្លែងពលរដ្ឋ លោក គីម ហៀង អ្នកជំនាញអចលនទ្រព្យ ស្នើរឱ្យមានរដ្ឋាភិបាលគួរបង្កើតឱ្យមានរោងចក្រនៅបណ្តាស្រុកតាមដែលអាចធ្វើទៅបាន។ បន្ថែមពីនេះលោកមានជាយោបល់ដែលអាចឱ្យរដ្ឋាភិបាលគិតពិចារណា ក្នុងការធានាឱ្យដំណើរការនៃការបង្កើតរោងចក្រសម្រេចបាន។ លោកបំផុសថា រដ្ឋាភិបាលគួរផ្តោតទៅលើទីតាំងដែលអំណោយផលអាចផ្តល់ជាប្រយោជន៍រួមគ្រប់បណ្តាភាគីទាំងអស់។

 

ជាការស្នើរសុំរបស់ភាគីសហជីព លោកស្រី សុខ នី សូមឱ្យរដ្ឋាភិបាលបើកទូលាយ​ក្នុងការសហការនឹងអង្គការសង្គមស៊ីវិល ជាពិសេសសមាគមន៍ និងសហជីពផ្សេងទៀតដែលធ្វើការជិតស្និតជាមួយកម្មករ និយោជិត ដើម្បីបង្កើនការយកចិត្តទុកដាក់ និងដឹងពីផលវិបាកកម្មករ កម្មការនី ហើយចូលរួមរកដំណោះស្រាយរួម។

 

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសចុះជួបកម្មករ កម្មការិនី នៅខណ្ឌពោធិ៍សែនជ័យ អតីតនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ធ្លាប់លើកឡើងថា រាជរដ្ឋាភិបាលបានដាក់យុទ្ធសាស្រ្ដក្នុងការពង្រាយរោងចក្របន្ថែមទៀតទៅតាមបណ្ដាខេត្តនានា។ លើសពីនេះលោកឱ្យដឹងថា នៅរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសចំនួន៩ពាន់៣រយ១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ ម៉ឺន៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ៕

 

 

Share

Image
Image
Image