en     km
en     km

គ្រូបង្រៀនម្នាក់បំផុសឱ្យសិស្សស្រឡាញ់បរិស្ថាន ផ្សារភ្ជាប់នឹងម៉ោងកសិកម្ម

Share

លោកគ្រូ ខាន់ សុភ័ត្ត ជាគ្រូបង្រៀនអក្សរសាស្ត្រខ្មែរ នៅវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គព្រះស្ដេច បានបង្កើតសកម្មភាពគួរចាប់អារម្មណ៍លើវិស័យបរិស្ថាននិងផ្តល់ប្រយោជន៍ដល់សង្គម។ កន្លងមក លោកគ្រូនៅខេត្តតាកែវរូបនេះ បានបំផុសគំនិតឱ្យសិស្សចូលរួមសកម្មភាពដាំកូនឈើ។ កញ្ញា សៃ ចន្ធី រាយការណ៍

 

ទាក់ទិននឹងការដាំកូនឈើនេះដែរ លោកគ្រូ ខាន់ សុភ័ត្តបានបែងចែកជា២ផ្នែក។ ផ្នែកទី១ គឺដាំកូនឈើនៅក្នុងសាលា ដោយមានសិស្សចូលរួមយ៉ាងសកម្មតាមកាលវិភាគដែលសាលាបានបែងចែកឱ្យលោកគ្រូកាន់មុខវិជ្ជាកសិកម្ម​។ ប៉ុន្តែពេលខ្លះ ទោះមិនមែនជាម៉ោងកសិកម្ម ក៏មាន​សិស្សមួយចំនួនឆ្លៀតពេលម៉ោងចេញលេង​ ដើម្បីទៅធ្វើជើងកូនឈើ ឆាយស្មៅ ស្រោចទឹក ដាក់ជីផង​ដែរ។ ក្នុងរយៈប៉ុន្មានឆ្នាំមកនេះ លោកគ្រូបានដឹកនាំសិស្សដាំកូនឈើបានប្រហែល​៩១៨ដើមនិងមែករួចមកហើយ។

ដោយឡែកផ្នែកទី២ គឺដាំនិងផ្តល់កូនឈើទៅក្រៅសាលា។ លោកគ្រូធ្លាប់បានផ្ដល់កូនឈើប្រហែល៣០០ដើមទៅសាលានិងវត្តអារាមមួយចំនួននៅខេត្តកំពតនិងកំពង់ស្ពឺ។ ក្រៅពីនេះ ក៏មានផ្ញើគ្រាប់ត្នោតប្រហែល៦០០០គ្រាប់ទៅដាំនៅតាមបណ្តាខេត្តមួយចំនួនដូចជា កោះកុង បន្ទាយមានជ័យ ព្រះវិហារ និងឧត្តរមានជ័យ​។

ជាមួយគ្នានេះដែរ លោកគ្រូក៏បានប្រាប់ពីមូលហេតុដែលបំផុសគំនិតនេះឡើងថា “ខ្ញុំចង់ឱ្យកូនសិស្សចាប់អារម្មណ៍ទៅលើធម្មជាតិ ដោយចេះស្រឡាញ់និងចេះថែរក្សាការពារ។ ដើមឈើ ជា​ដង្ហើមរបស់​មនុស្សសត្វនៅលើផែនដីនេះ។ ខ្ញុំក៏ចង់ឱ្យកូនសិស្សរបស់ខ្ញុំគ្រប់ជំនាន់ចេះលះបង់ដើម្បីបរិស្ថាននិងចែក​រំលែកក្តីស្រឡាញ់ដល់ធម្មជាតិនេះ ទៅកាន់ក្មេងៗជំនាន់ក្រោយ”។ លោកគ្រូក៏បានបន្ថែមថា បើថ្ងៃអនាគត នាយក ឬ គណៈគ្រប់គ្រងសាលានៅតែបន្តផ្ដល់ម៉ោងកសិកម្មដល់លោកគ្រូទៀត លោកគ្រូនឹងបង្កើតសកម្មភាពឱ្យកាន់តែល្អជាងនេះទៀត។

ប៉ុន្តែលោកគ្រូក៏បានបង្ហាញអារម្មណ៍សោកស្តាយថា “កន្លងមក ខ្ញុំធ្លាប់មានផែនការដាំកូនឈើចន្លោះពី៥០០ដើមទៅមួយ១០០០ដើមក្នុងមួយឆ្នាំ ដើម្បីដាំនៅទីសាធារណៈដូចជា តាមសាលារៀន វត្តអារាម តំបន់ប្រាសាទបុរាណ និងតំបន់មួយចំនួនទៀត ប៉ុន្តែត្រូវបានអាក់ខានទៅវិញ ព្រោះខ្ញុំមានបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ។ ប៉ុន្តែខ្ញុំសង្ឃឹមថាអ្វីៗនឹងបានសម្រេចនៅ​ពេលខាងមុខនេះ”។

ជាមួយគ្នានេះដែរ យុវសិស្ស ឃ្លាំង កក្កដា ជាសិស្សថ្នាក់ទី១២ A នៅវិទ្យាល័យខាងលើ បានលើកឡើងថា “ខ្ញុំពេញចិត្តសកម្មភាពទាំងនេះណាស់ ព្រោះវាបានផ្តល់ប្រយោជន៍ដល់សង្គមនិងជាគំរូល្អ​។ នៅថ្ងៃអនាគត ទោះខ្ញុំចេញធ្វើការក៏ដោយ ខ្ញុំនឹងចូលរួមសកម្មភាពទាំងនេះទៀតជាមួយលោកគ្រូ”។

ចំណែក យុវសិស្ស ស៊ុយ សុធី ជាសិស្សថ្នាក់ទី១២ C ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា “ខ្ញុំពេញចិត្តនឹងការងារកសិកម្មជាមួយលោកគ្រូ ព្រោះវាជាអនុស្សាវរីយ៍មួយក្នុងឆ្នាំចុងក្រោយក្នុងនាមជាសិស្សនៅវិទ្យាល័យនេះ។ សកម្មភាពនេះ បានជួយដល់សាលានិងជួយឱ្យខ្ញុំកាន់តែស្រឡាញ់បរិស្ថានធម្មជាតិ។ នៅថ្ងៃអនាគត បើមានពេលខ្ញុំនៅតែបន្តធ្វើវាទៀត ព្រោះចូលចិត្តទិដ្ឋភាពបែបនេះ”។

គួរបញ្ជាក់ផងដែរថា សកម្មភាពមួយរបស់លោកគ្រូនៅវិទ្យាល័យលើនេះ គឹដើម្បីក្នុងគោលបំណងបំផុសគំនិតដ៏ល្អមួយ ហើយក៏ស្របនឹងទិសដៅសាលាគំរូ សាលាស្អាត បរិស្ថានល្អផងដែរ៕

 

អត្ថបទខ្លីសរសេរដោយ សំណេរ លោក សាត ឌិត សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

 

 

Share

Image
Image
Image