en     km
en     km

ជនសង្ស័យ ក្លែងព្រះរាជសារនិមន្តព្រះភិក្ខុ វន រាសី ត្រូវបានឃាត់ខ្លួន

Share

ជនសង្ស័យម្នាក់ដែលបានក្លែងព្រះរាជសារព្រះមហាក្សត្រ ដែលត្រូវបានចែកចាយនៅតាមបណ្ដាញសង្គមយ៉ាងផុសផុល ត្រូវបានកម្លាំងនគរបាលជាតិ ចាប់ឃាត់ខ្លួនបានហើយ ក្រោយការបើកប្រតិបត្តិការស្រាវជ្រាវប៉ុន្មានថ្ងៃមកនេះ។ ការបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្ស ទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែងនៅម្តុំ វិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោកនៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន។

ករណីនេះផងដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់សាធារណជនប្រុងប្រយ័ត្នចំពោះការចែករំលែកនូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលអោយខ្លួនក្លាយជាឈ្នាន់បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀត៕

Share

Image
Image
Image