បណ្ណមូនិធិសមធម៌សុខាភិបាលនឹងត្រូវបន្ដសុពលភាពដល់៣ឆ្នាំ សម្រាប់ពលរដ្ឋគោលដៅ និងស្ដ្រីបម្រើសេវាកម្សាន្ដទេសចរណ៍។ នេះបើតាមការលើកឡើងពីនាយិកាទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីប្រជាជនប្រចាំកម្ពុជា (UNFPA)។ ខណៈនេះអ្នកធ្វើការជាមួយអ្នកបម្រើការងារនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានសាទរ ខណៈបច្ចុប្បន្នអ្នកធ្វើការនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានបណ្ណមូនិធិសមធម៌សុខាភិបាលរយៈពេល១ឆ្នាំម្ដងប៉ុណ្ណោះ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
បណ្ណមូនិធិសមធម៌សុខាភិបាល(ម.ស.ស) គឺជាយន្តការហិរញ្ញប្បទានផ្នែកគាំពារសុខភាពសង្គម ដើម្បីផ្ដល់លទ្ធភាពដល់ក្រុមពលរដ្ឋគោលដៅឱ្យទទួលបាន ឬប្រើប្រាស់សេវាថែទាំងសុខភាពឥតគិតថ្លៃ នៅមូលដ្ឋានសុខាភិបាលសាធារណៈ ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស។ បណ្ណនេះ នាពេលបច្ចុប្បន្នមានសុពលភាពត្រឹមរយៈពេល១ ទៅ ២ឆ្នាំប៉ុណ្ណោះ បើហួសសុពលភាពនិងមិនអាចប្រើប្រាស់បានទៀតទេ។
កាលពីថ្ងៃទី៣១ ខែតុលា ម្សិលមិញ ក្នុងសិក្ខាសាលាស្តីពី «ការចូលរួមគាំទ្រស្រ្តីបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល,លោកស្រី សាន់ដ្រា បឺនក្លាវ (Sandra Bernklau) នាយិកាទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីប្រជាជនប្រចាំកម្ពុជា (UNFPA)បានលើកឡើងថា បណ្ណមូនិធិសមធម៌សុខាភិបាល(ម.ស.ស) នឹងមានការបន្តសុពលភាពនៃប័ណ្ណដល់ទៅបីឆ្នាំ ពោលគឺកើនឡើងពីមួយឆ្នាំនាពេលបច្ចុប្បន្ន។ លោកស្រីអះអាងថា ការបន្ថែមរយៈពេលនេះ នឹងផ្តល់ស្ថេរភាពដល់ក្រុមដែលមានហានិភ័យ និងងាយរងគ្រោះខ្លាំង។
យ៉ាងណាតាមរយៈសិក្ខាសាលានោះដែរ សម្ដេច ម៉ែន សំអន ជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានឱ្យដៃគូរពាក់ព័ន្ធទាំងអស់ ជំរុញ និងធ្វើឱ្យកាន់តែមានភាពងាយស្រួលដល់ស្ត្រីបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងការប្រើប្រាស់សេវានៅតាមទីតាំងផ្តល់ សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិភាព និងគ្មានការរើងអើង។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងថានេះជារឿងល្អមួយដែលបណ្ណមូនិធិសមធម៌សុខាភិបាលបន្ថែមសុពលភាពដល់ទៅ៣ឆ្នាំ ខណៈកន្លងមកអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានសយពលភាពត្រឹមតែមួយឆ្នាំម្ដងប៉ុណ្ណោះ។
លោកបញ្ជាក់ថា កន្លងមកអ្នកបម្រើការនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រឈមមុខនឹងបញ្ហាមួយចំនួននៃការទៅបន្ដសុពលភាពនៃបណ្ណម.ស.ស នេះ និង មិនអាចប្រើបណ្ណនេះបានពេញលេញនោះទេ ដោយសាររយៈពេលខ្លីពេក។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះបញ្ជាក់ថា ការរើសអើងនៃអ្នកប្រើបណ្ណប.ស.ស និងម.ស.ស បានកាត់បន្ថយច្រើន។ តែកន្លែងផ្ដល់សេវាសុខភាពនៅមានចំណុចមួយចំនួនគួរកែប្រែ ដូចជាម៉ោងចូលបម្រើការងាររបស់គ្រូពេទ្យមានភាពយឺតយ៉ាវ និងមន្ទីរពេទ្យជាដើមនៅមានចំនួនតិច ធ្វើឱ្យអ្នកទៅទទួលសេវារងចាំយូរ។
គួរជម្រាបថា មូនិធិសមធម៌សុខាភិបាលបានផ្ដល់ការគាំពារផ្នែកសុខភាពជូនពលររដ្ឋដែលមានបណ្ណសមធម៌ប្រមាណ៧០ម៉ឺននាក់ ស្មើ២,៨លាននាក់ និងកម្មករនិយោជិតក្រៅប្រព័ន្ធ និងក្រុមគោលដៅជាក់លាក់ រួមមានមេភូមិ អនុភូមិ ជំនួយការភូមិ ក្រុមប្រឹក្សាឃុំ សង្កាត់ កីឡាករ កីឡាការិនី អ្នកធាក់ស៊ីក្លូ បុគ្គលិក និងអ្នកជំនាញដោះមីន ប្រមាណ១០ម៉ឺននាក់។ នេះបើយោងតាមក្រុមប្រឹក្សាជាតិគាំពារសង្គម៕