en     km
en     km

យុវជនលើកពីភាពខ្វះខាតចំណេះដឹងលើប្រព័ន្ធផ្សព្វផ្សាយ ដែលជាក្ដីបារម្ភលុងក្នុងករណីឆបោក

Share

ភ្នំពេញ៖ បើទោះបីជាមានការយកចិត្តទុកដាក់ពីសំណាក់ភាគីពាក់ព័ន្ធក្នុងការបណ្តុះបណ្តាល និងពង្រឹងការយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយក្តី ប៉ុន្តែយុវជនមួយចំនួននៅតែសម្តែងក្តីបារម្ភស្របពេលដែលពួកគេសង្កេតឃើញថា​ ចំនួន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គមបានកើន​ឡើងជាបន្តបន្ទាប់​ ហើយការយល់ដឹងរបស់អ្នកប្រើប្រាស់មួយចំនួននៅមានកម្រិតនៅឡើយ។

ក្នុង​សន្និសីទ​ស្តី​អំពី​បណ្តាញ​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ព័ត៌មាន​កម្ពុជា ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៣​ ​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ បានបង្ហាញពីវិធីសាស្រ្តផ្សេងៗគ្នា ក្នុងការបញ្ជ្រាបនូវខ្លឹមសារអប់រំពីការទទួលបានព័តមាន និងដាក់បញ្ចូលវគ្គបណ្តុះបណ្តាលនានារបស់ខ្លួន ក្នុងគោលបំណងពង្រឹងការយល់ដឹងរបស់ប្រជាជនទៅលើអក្ខរកម្មប្រព័ន្ធផ្សាយ។ ប្រធានបទនេះធ្វើឱ្យអ្នកចូលរួមកម្មវិធី ជាពិសេសយុវជនមានការចាប់អារម្មណ៍ ហើយក៏មានការជជែកវែកញែកទៅលើបញ្ហា​ និងដំណោះស្រាយនៃការយល់ដឹងទៅលើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយយ៉ាងសកម្ម។

ក្នុងនោះ យុវជន សំណាង​ សមាជិកក្រុមប្រឹក្សាយុវជននៃអង្គការសហប្រជាជាតិ ទទួលបាននូវចំណេះដឹងជាច្រើនក្នុងការចូលរួមកម្មវិធីនេះ។ ក៏ប៉ុន្តែយុវជនមួយរូបនេះនៅតែមើលឃើញពីគម្លាតចំណេះដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយរវាងអ្នករស់នៅតំបន់ដាច់ស្រយាល និងបណ្តាខេត្តមួយចំនួន ជាមួយនឹងអ្នករស់នៅទីក្រុង។ ការណ៍ដែលសំណាង លើកឡើងបែបនេះព្រោះថា សំណាងសង្កេតឃើញថាមានបញ្ហាមួយចំនួនដូចជា ចំណេះដឹងភាសា និងការផ្សព្វផ្សាយពីចំណេះដឹងលើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយហាក់នៅមានកម្រិត។

 

ចំណែកឯ កញ្ញា ហុក លីដា​ មន្រ្តី​គម្រោង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ព័ត៌មាន​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ(CCIM) និង​ជា​គ្រូ​បង្គោ​ល​នៃ​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ក៏បានលើកឡើងពីបញ្ហារបស់បណ្តាញសង្គមមួយចំនួនផងដែរដូចជា ការឆបោកតាមប្រព័ន្ធអនឡាញ​ ការបំផុសឡើងនូវព័ត៌មានមិនមានប្រភពគ្រប់ជ្រុងជ្រោយ និងសកម្មភាពមួយចំនួនទៀត ដែលកញ្ញាអះអាងថាសុទ្ធសឹងតែជាក្តីបារម្ភចំពោះការទទួលបានព័ត៌មាន របស់ពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទាល់ អាចនឹងចូលខ្លួនក្នុងការចែករំលែកបន្តនូវព័ត៌មានមិនពិតទៅកាន់មនុស្សដទៃទៀតផង។​

ពាក់ព័ន្ធករណីនេះ ផ្អែកតាមទិន្នន័យពីគេហទំព័រ napoleoncat.com បានឱ្យដឹងថា គិតត្រឹម ខែឧសភា ឆ្នាំ២០២៣ ចំនួនអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកក្នុងប្រទេសកម្ពុជា មានចំនួនជាង១៣លាននាក់ (១៣ ៥៧៤ ៧០០ នាក់) ដែលស្មើនឹង ៧៧,៤ ភាគរយ នៃចំនួនប្រជាជនសរុប។ លើសពីនេះទិន្នន័យបង្ហាញទៀតថា ក្រុមមនុស្សដែលប្រើបណ្តាញហ្វេសប៊ុកច្រើនបំផុត គឺមានអាយុចន្លោះពី ២៥ ដល់ ៣៤ឆ្នាំ។

តាមរយៈការសហការណ៍ជាមួយអង្គការ​ DW Akademia ក្នុងគម្រោងបណ្តុះបណ្តាលពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ឬ Media Information Literacy(MIL) លោក សុផេង​ តំណាងសមាគមន៍យុវជនខ្មែរ(KYA) ឱ្យដឹងថាដើម្បីពង្រីកការយល់ដឹងឱ្យកាន់តែទូលំទូលាយ​ ខាងសមាគមន៍របស់លោកនឹងមានផែនការផ្សព្វផ្សាយចំណេះដឹងទាំងនេះទៅកាន់បណ្តាខេត្តគោលដៅមួយចំនួន។ ក៏ប៉ុន្តែលោកស្នើឱ្យមានការចូលរួមបន្ថែមពីគ្រូបង្វឹកទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការធានាគុណភាពបណ្តុះបណ្តាលឱ្យមានលក្ខណៈល្អប្រសើរ។

 

កញ្ញា សេង ស៊ីណេត តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា លើក​ឡើង​ក្នុង​សន្និសីទ​ថា ក្រសួងបានយកចិត្តទុកដាក់ ជាមួយនឹងការយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការ​ចុះ​អនុ​សារណៈ​យោគ​យល់​ជាមួយ​អង្គការ​ DW Akademia ក្រសួងនឹង​ដាក់​បញ្ចូល​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ព័ត៌មាន​ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​នៅ​តាម​សាលា​រៀន​ទូទាំង​ប្រទេស ដើម្បីពង្រីកចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយទៅកាន់គ្រូបង្រៀន និងសិស្សានុសិស្ស។

 

ជាសំណូមពរ យុវជន សំណាង ស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាពង្រឹង ឱ្យការយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយកាន់តែរីកដុះដាលទៅដល់មនុស្សគ្រប់គ្នា។

 

ជាមួយគ្នានេះដែរ តាមការធ្វើបទបង្ហាញរបស់ លោក ចាន់ សុខម៉េង តំណាងដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានបង្ហាញពីគម្រោងមួយមានឈ្មោះថា Media Lap ដែលជាគម្រោងមួយមានគោលបំណងពង្រឹងការយល់ដឹងពិប្រព័ន្ធផ្សព្វផ្សាយទៅកាន់មនុស្សគ្រប់គ្នា តាមរយៈការផ្សព្វផ្សាយជាមាតិកា ផ្ទាំងរូបភាព និងវិដេអូរជាដើម។ ជាពិសេសគម្រោងមួយនេះក៏បានផ្តោតសំខាន់ក្នុងការបជ្រាបពិអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយទៅកាន់អ្នកដែលមានបញ្ហា គ ថ្លង់ តាមរយៈការផលិតវិដេអូរភាសាកាយវិការផងដែរ។

 

សន្និសិទស្តី​អំពី​បណ្តាញ​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ព័ត៌មាន​កម្ពុជានេះ ធ្វើឡើងជាលើកទី៣ហើយ ដែលមានការសហការណ៍រវាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដូចជា ក្រសួងអប់រំយុវជន និងកីឡា មជ្ឈ​មណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ(CCIM) ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) និងសមាគមន៍យុវជនខ្មែរ(KYA) ហើយមានការគាំទ្រដោយអង្គការ DW Akademia៕

 

Share

Image
Image
Image