en     km
en     km

ក្រសួងបន្ដប្រកាសពីស្ថានភាពភ្លៀងធ្លាក់ ដែលមានផ្គរ រន្ទះនិងខ្យល់កន្រ្តាក់

Share

 

រូបភាពឯកសារ! ទិដ្ឋភាពជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ។

 

ក្រសួងធនធានទឹក និងឧតុនិយម បន្តប្រកាសជូនដំណឹងប៉ុន្មានថ្ងៃជាប់ៗគ្នា អំពីស្ថានភាពអាកាសធាតុ ដែលបន្តមានភ្លៀងធ្លាក់ ខណៈតំបន់មួយចំនួនកំពុងរងជំនន់ទឹកភ្លៀង។ សេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៥០ភាគរយ ទៅ ៦០ភាគរយ។ ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ គ្របដណ្តប់លើផ្ទៃដីពី ៣០ភាគរយ ទៅ ៤០ភាគរយ។

រីឯនៅថ្ងៃទី៣០ ខែតុលា នៅតំបន់ទំនាបកណ្ដាល និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម គ្របដណ្តប់លើផ្ទៃដីពី ៣០ភាគរយទៅ ៤០ភាគរយ ហើយនៅតំបន់ខ្ពង់រាបនឹងមានភ្លៀងធ្លាក់កម្រិតខ្សោយគ្របដណ្ដប់លើផ្ទៃដីពី ១០ភាគរយ ទៅ ២០ភាគរយ។

ក្រសួងធនធានទឹកក៏បានបញ្ជាក់ពីមូលហេតុដែលនាំឱ្យតំបន់មួយចំនួនរបស់កម្ពុជាមានភ្លៀងធ្លាក់បែបនេះផងដែរ គឺដោយសារកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្រចិនខាងត្បូង ដែលក្នុងអំឡុងពេលនេះ ប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្ដប់លើប្រទេសថៃ និងសមុទ្រចិនខាងត្បូងថមថយចុះឥទ្ធិពល។ ខណៈដែលលំហូរខ្យល់បក់ពីទិសនិរតី និងទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួុយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។ ដោយឡែក នៅថ្ងៃទី៣០ ខែតុលា នឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀតពីប្រទេសចិនគ្របដណ្ដប់លើផ្នែកខាងជើងប្រទេសថៃ លាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ ខ្យល់នឹងប្ដូរទិសដៅបក់ពីទិសឦសានមកលើប្រទេសកម្ពុជា៕

Share

Image
Image
Image