en     km
en     km

អ្នកនាំពាក្យក្រសួងអប់រំ៖ជំនន់ទឹកភ្លៀងមិនប៉ះពាល់ដល់ការប្រឡងបាក់ឌុបឆ្នាំ២០២៣ទេ

Share

ទោះបីជាសាលារៀនមួយចំនួននៅតែជន់លិចដោយសារទឹកភ្លៀង ខណៈការប្រឡងបាក់ឌុបខិតជិតមកដល់ តែក្រសួងអប់រំថា មិនប៉ពាល់ដល់ការប្រឡងរបស់សិស្សនោះទេ ដោយសារក្រសួងបានពិនិត្យជាមួយមន្ទីររើសយកតែសាលាណាដែលមិនធ្លាប់មានប្រវត្តិលិចទឹកប៉ុណ្ណោះ។  លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

សាលារៀននៅតាមបណ្ដាខេត្តមួយចំនួនកំពុងទទួលការរំខានដោយសារជំនន់ទឹកភ្លៀង ដែលជនលិចក្នុងបរិវេណសាលា។ កត្តានេះបណ្ដាលឱ្យមានការព្រួយបារម្ភពីការប្រឡងសញ្ញាប័ត្រទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៣ ដែលនឹងខិតចូលមកដល់នៅដើមខែវិច្ឆិកា។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបានឱ្យដឹងថា ជំនន់ទឹកភ្លៀងមិនមានផលប៉ះពាល់ដល់ដំណើរប្រឡងបាក់ឌុបឆ្នាំ២០២៣នេះទេ បើទោះបីជាមានសាលាខ្លះបានទទួលរងនូវការលិចលង់ក៏ដោយ។

លោកស្រីបញ្ជាក់ថា ក្រសួងបានពិនិត្យមណ្ឌលប្រឡងគ្រប់ជ្រុងជ្រោយ តាំងពីទីតាំង បរិស្ថានជុំវិញ បរិស្ថានខាងក្នុង ចំនួនបន្ទប់ ស្ថានភាពបន្ទប់ ជាដើមជាមួយមន្ទីរអប់រំតាមខេត្តផងដែរ ដើម្បីការពារ និងធានាឱ្យការប្រឡងប្រព្រឹត្តតាមការគ្រោងទុក។

យ៉ាងណាចំនួនសាលាដែលត្រូវបានទឹកជន់លិច ក្រសួងអប់រំមិនទាន់មានទិន្នន័យបូកសរុបនោះទេ។ អ្នកនាំពាក្យរូបនេះអះអាងថា ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើងក្នុងអំឡុងពេលប្រឡងក្រសួងនឹងមានផែនការបន្ទាប់ទៀត ដើម្បីឱ្យសិស្សានុសិស្សមានមណ្ឌលសម្រាប់ប្រឡង។

គួរជម្រាបថា ដំណើរការប្រឡងបាក់ឌុបនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ផ្អែកតាមតួលេខបឋមពីលោកស្រី ឃួន វិច្ឆិកា ដដែល នៅឆ្នាំសិក្សា ២០២២-២០២៣ នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៣ម៉ឺន ៧ពាន់ ៤១២ នាក់ (១៣៧,៤១២នាក់) ក្នុងនោះមានស្រី ៧ម៉ឺន៣ពាន់ ២៧៨ នាក់(៧៣២៧៨នាក់) ចែកចេញជាថ្នាក់សង្គម និងវិទ្យាសាស្ដ្រ។  ចំណែក មណ្ឌលសំណេរ មានចំនួនសរុប ២២៧ មណ្ឌល។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង