បុណ្យសមុទ្រឆ្នាំ២០២៣នេះ បានសម្រេចយកថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នាខេត្តកែប ដែលជាខេត្តមួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា។ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ថ្មីក្នុងអាណត្តិទី៧ លោក សុខ សូកេន បានរំពឹងលើឆ្នាំដំបូងរបស់លោកដែលដឹកនាំក្រសួងរៀបចំបុណ្យសមុទ្រថា ក្រោយពេលចប់ ខេត្តកែប នឹងជំរុញលើកកម្ពស់ឱ្យវិស័យទេសចរណ៍កាន់តែមានភាពមមាញឹកបន្ថែមទៀត។
ការលើកឡើងរបស់រដ្ឋមន្ដ្រីបែបនេះ ព្រោះសក្តានុពលដែលខេត្តកែបមាន នឹងលើកយកមកបង្ហាញក្នុងពីធីបុណ្យសមុទ្រនាពេលខាងមុខនេះ ដែលជាការបញ្ជ្រាបបន្ថែមទៅកាន់អ្នកទេសចរ។ លោកបញ្ជាក់ថា លោកបានដាក់គោលដៅខ្ពស់ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកនេះ ត្រូវតែមានភាពសប្បាយរីករាយ និងអស្ចារ្យ តាមរយៈការបង្កើតអោយមានកម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ ទាំងពេលថ្ងៃ និងពេលយប់ ក្នុងរយៈពេល៣ថ្ងៃនោះ។
យ៉ាងណាលោករដ្ឋមន្ដ្រីក៏អះអាងថា បុណ្យសមុទ្រនឹងប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងបញ្ចប់ទៅវិញដោយផ្លែផ្កា ជាមួយការចងចាំពីសំណាក់អ្នកចូលរួមមកគ្រប់ពីមជ្ឈដ្ឋានយ៉ាងច្រើនកុះករ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅ ថាដើម្បីឱ្យពិធីបុណ្យមួយនេះ អាចដំណើរការទៅបានដោយភាពសប្បាយរីករាយជូនភ្ញៀវជាតិ និងអន្តរជាតិ រដ្ឋបាលខេត្ត នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការនានា ធ្វើយ៉ាងណាបង្កភាពងាយស្រួលក្នុងពេលរៀបចំពីធីបុណ្យសមុទ្រលើកទី១០នេះ។
កន្លងទៅខេត្តកែប មានភាពចម្រូងចម្រាសពីអ្នកទេសចរដែលទៅលេងកម្សាន្ដ ទាក់ទងពីកន្លែងអង្គុយ ការកាត់ថ្លៃលើម្ហូបអាហារ និងការយកផាស៊ីឡានចេញចូលផងដែរ ធ្វើឱ្យទេសចរមានកង្វល់និងបញ្ហានេះ។ នៅឆ្នាំ២០២២ ខេត្តកែបមានការធ្លាក់ទេសចរណ៍១០%។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍។ ខេត្តនេះក៏មានកង្វល់មួយទៀត គឺហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលកំពុងជួសជុលរយៈ៤០ខែ រហូតដល់ឆ្នាំ២០២៦ ដោយសារសភាពក្រលុក ដីហុយក្រហម និងស្រកេកស្រកាក ដែលអាចឱ្យទេសចរពិបាកធ្វើដំណើរទៅខេត្តនេះ។
ទោះយ៉ាងណា កាលពីខែសីហា ក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរខេត្តកែបឆ្នាំ ២០២៣-២០៣៥ ដោយសង្ឃឹមថា នឹងអាចជួយស្រោចស្រង់ទេសចរណ៍ខេត្តកែបបានឡើងវិញ៕