en     km
en     km

សមាគម​គ្រូបង្រៀន​ស្នើ​ឱ្យ​ក្រសួង​អប់រំ​ មើល​មន្ទីរ​អប់រំ​ខេត្តពោធិ៍សាត់​ ករណី​បង្កក​ប្រាក់ខែ​គ្រូបង្រៀន​ម្នាក់​

Share

cover-CITA-logo
ខេត្តពោធិ៍សាត់៖  ​គ្រូបង្រៀន​ម្នាក់​នៅ​អនុ​វិទ្យាល័យ​មួយ​ក្នុងស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ត្រូវ​បាន​មន្ទីរ​អប់រំ​ខេត្ត​នេះ​បង្កក​ប្រាក់បៀវត្ស​ ដោយសារ​លោក​បាន​ចេញ​តវ៉ា​រឿង​ជម្លោះដីធ្លី​។​ ករណី​នេះ​ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ឱ្យ​ជួយ​អន្តរាគមន៍​។​

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ស្នើ​សុំ​ឱ្យ​ក្រសួង​ជួយ​អន្តរាគមន៍​បើកប្រាក់​បៀវត្ស​ជូន​លោកគ្រូ​មួយ​រូប​នៅ​ខេត្តពោធិ៍សាត់​ ដោយសារ​មន្ទីរ​អប់រំ​ ខេត្ត​នេះ​ បាន​បង្កក​ប្រាក់បៀវត្ស​របស់​គាត់​។​

ការ​ដាក់​ញត្តិ​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ទៅ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មន្ទីរ​អប់រំ​ខេត្តពោធិ៍សាត់​មិន​បាន​បើកប្រាក់​បៀវត្ស​ ជូន​លោក​ សោម​ សារា​វុត​ ទាំង​ដែល​លោក​នៅ​បង្រៀន​នៅឡើយ​។​ ញត្តិ​នោះ​ត្រូវ​បាន​ដាក់​ទៅ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ កាលពី​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ ម្សិលមិញ​នេះ​។​

​ប្រធាន​ស្ដីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ អ្នកស្រី​ អ៊ុ​ក​ ឆាយ​យ៉ា​វី​ បាន​ប្រាប់​ឱ្យ​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែមករា​នេះ​ថា​ គោលបំណង​ដែល​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ បាន​ដាក់​ញត្តិ​ជូន​ទៅ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ កាលពី​ម្សិលមិញ​ គឺ​ស្នើ​សុំ​ឱ្យ​ក្រសួង​ ជួយ​អន្តរាគមន៍​រឿង​បើក​ប្រាក់ខែ​ជូន​លោកគ្រូ​ សោម​ សារា​វុត​ ដោយសារ​តែ​មន្ទីរ​អប់រំ​នៅ​ខេត្តពោធិ៍សាត់​ មិន​បាន​បើក​ប្រាក់ខែ​ជូន​លោក​។​

អ្នកស្រី​បាន​បន្ត​ថា​ មន្ទីរ​អប់រំ​ មិន​គួរ​បង្កក​ប្រាក់បៀវត្ស​គ្រូបង្រៀន​រូប​នេះ​ឡើយ​ ដោយសារ​តែ​ លោក​ សារា​វុត​ នៅ​តែ​បន្ត​បង្រៀន​សិស្ស​រាល់ថ្ងៃ​ ហើយ​លោក​មិន​បាន​ជាប់ពន្ធ​ធនាគារ​ឡើយ​។​
​អ្នកស្រី​បាន​សុំ​ណូ​ម​ពរ​ដល់​ ក្រសួង​អប់រំ​ ឱ្យ​ជួយ​មើល​មន្ត្រី​នៅ​ក្រោម​បង្គាប់​ ជា​ពិសេស​មន្ត្រី​នៅ​មន្ទីរ​អប់រំ​ខេត្តពោធិ៍សាត់​ ឱ្យធ្វើ​ការ​តាម​តួនាទី​ និង​បើក​ប្រាក់ខែ​ជូន​លោក​ សោម​ សារា​វុត​ ផង​។​

វិទ្យុ​ស្ត្រី​ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ រស់​ សាលី​ន​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ទេ​ នៅ​ថ្ងៃនេះ​ ដោយ​ទូរ​សព្ទ​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល​។​

សូម​ជម្រាប​ថា​ លោក​ សោម​ សារា​វុត​ ជា​គ្រូបង្រៀន​នៅ​អនុ​វិទ្យាល័យ​មួយ​ក្នុងស្រុក​ក្រគរ​។​ លោក​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​សមាជិកសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ផង​ដែរ​។​ លោក​ ជា​គ្រូបង្រៀន​ដែល​ចេញ​មុខ​តវ៉ា​រឿង​ដីធ្លី​ដ៏​សកម្ម​ម្នាក់​នៅ​ក្នុងស្រុក​ក្រគរ​។​ សកម្មភាព​លោក​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​ និង​អ្នកមាន​លុយ​ខ្លះ​មិន​ពេញចិត្ត​ និង​រករឿង​ចោទប្រកាន់​ជា​បន្តបន្ទាប់​។​ លោក​ក៏​ធ្លាប់​ជាប់គុក​រយៈពេល​ ១​ខែ​ ១៨​ថ្ងៃ​ ក្រោម​បទ​ចោទ​ឆបោក​ ទាក់ទង​រឿង​ម្ដាយ​លោក​លក់​ដី​មួយ​កន្លែង​កាលពី​ពេល​កន្លង​ទៅ​៕

Share

Image
Image
Image