ក្រោយរងចាំដំណោះស្រាយពីអគ្គស្នងការដ្ឋាននគរបាលជាតិ រឿងមន្ដ្រីនៃសាលាខណ្ឌដូនពេញប្រើហិង្សា និងដកហូតសម្ភារៈប្រើប្រាស់មិនប្រគល់ឱ្យវិញ យុវជន កែវ សុវណ្ណឫទ្ធិ ថាគ្រោងប្ដឹងទៅតុលាការបន្ដទៀត ប្រសិនបើអង្គភាពនេះមិនដោះស្រាយ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
នៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២៣នេះ យុវជន កែវ សុវណ្ណឫទ្ធិ ដែលជាធម្មតាសម្រាប់ថ្ងៃចន្ទ គឺទៅឈរតវ៉ានៅមុខក្រសួងអប់រំ យុវជន និងកីឡា បាននិយាយថា ករណីមន្ដ្រីនៃសាលាខណ្ឌដូនពេញដកហូតសម្ភារៈរបស់ខ្លួនមាន ទូរសព្ទ កាមេរ៉ាជាដើម លោកនឹងបន្ដប្ដឹងទៅកាន់តុលាការ ប្រសិនបើអគ្គស្នងការដ្ឋាននគរបាលជាតិមិនអាចដោះស្រាយរឿងនេះបាន។
លោកបានដាក់ពាក្យប្ដឹងទៅអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី១២ ខែតុលា បន្ទាប់ពីមន្ដ្រីនៃសាលាខណ្ឌដូនពេញបានដកហូតទូរសព្ទ និងកាមេរ៉ារបស់ខ្លួន កាលពីថ្ងៃទី១១ ខែតុលា។ មូលហេតុដែល មន្ដ្រីសាលាខណ្ឌ ដកហូតសម្ភារៈរបស់យុវជនកែវ សុវណ្ណឫទ្ធិ ដោយសារយុវជននេះ បានទាញទូរសព្ទមកថតនៅមុខសាលាខណ្ឌ ពេលអង្គភាពមួយនេះមិនទទួលញត្តិសុំអន្តរាគមន៍រឿងសមត្ថកិច្ច ប្រើហិង្សាលើរូបលោក និងធ្វើឱ្យលោកដួលសន្លប់នៅមុខក្រសួងអប់រំ កាលពីថ្ងៃទី៩ ខែតុលា។ យុវជនរូបនេះបញ្ជាក់ថា មូលហេតុដែលមន្ដ្រីនៃសាលាខណ្ឌដកហូតទូរសព្ទ និងកាមេរ៉ា ដោយសារមន្ដ្រីថាខុសនិងនីតិវិធីច្បាប់។
ទោះជារយៈពេលតវ៉ានេះយូរហើយក្ដី តែសង្គមស៊ីវិលនៅតែតាមដានលើរឿងនេះដដែល។ លោក សឹង សែនករុណា អ្នកនាំពាក្យនៃសមាគមសិទ្ធិមនុស្សអាដហុកយល់ឃើញថា បើសិនគ្មានការដាក់បម្រាមទេហាមថតនោះទេ គឺយុវជនកែវ សុវណ្ណឫទ្ធិ មានសិទ្ធអាចថតនៅបរិវេណខាងក្រៅបាន។ លោកបញ្ជាក់ថា មន្ដ្រីនៃសាលាខណ្ឌក៏មិនមានសិទ្ធិក្នុងការចាប់យកសម្ភារៈដែរ ព្រោះមិនមែនមានតួនាទីដូចសមត្ថកិច្ចនគរបាលឡើយ។
លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានឆ្លើយតបថា លោកមិនទាន់បានទទួលសំណុំរឿងនេះទេ និងបង្វែរឱ្យទៅសួរស្នងការដ្ឋានរាជធានីភ្នំពេញវិញ។ វិទ្យុស្ដ្រីមិនបានទាក់ទងទៅកាន់អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញនៅឡើយទេ។
គិតមកដល់ពេលនេះ រយៈពេល១១សប្ដាហ៍ហើយ ដែលអតីតគរុនិស្សិតឯកទេសអប់រំកាយ កែវ សុវណ្ណឫទ្ធិ បានឈរតវ៉ានៅមុខក្រសួងអប់រំ។ លោកធ្លាប់បានដាក់ញត្តិទៅកាន់ក្រសួងមុខងារសាធារណៈដែរ ដើម្បីស្នើសុំអន្ដរាគមន៍លើរឿងលុបឈ្មោះលោកចេញពីបញ្ជីគរុនិស្សិត។ យ៉ាងណា ក្រសួងនេះបានឆ្លើយតបថា មិនមានដែនសមត្ថកិច្ចលើរឿងនេះឡើយ។
យុវជន កែវ សុវណ្ណឫទ្ធិគឺជាគរុនិស្សម្នាក់ក្នុងចំណោម១១នាក់ផ្សេងទៀត ដែលត្រូវបានក្រសួងអប់រំលុបឈ្មោះចេញពីបញ្ជី ក្រោមហេតុផលខុសលក្ខខណ្ឌនៃការជ្រើសរើស។ តែកាលពីទិវាគ្រូបង្រៀន ៥តុលា ដែលរៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏បានលើកយកករណីរលុបឈ្មោះគរុនិស្សិតនេះ ស្នើឱ្យរដ្ឋមន្ដ្រីក្រសួងអប់រំពិនិត្យ និងដោះស្រាយផងដែរ៕