en     km
en     km

តើ​គួរ​ធ្វើ​ដូចម្តេចបើ​រក​ឃើញ​ដុំ​សាច់​ក្នុង​សុដន់?

Share

នៅពេលមានអារម្មណ៍ថា មានដុំពកក្នុងសុដន់ អ្វីដែលស្រ្តីគ្រប់រូបតែងតែគិតនោះគឺជំងឺមហារីក ប៉ុន្តែក្នុងករណីភាគច្រើន ដុំពកក្នុងសុដន់មានលក្ខណៈស្លូត ឬមិនមែនសុទ្ធតែជាមហារីកនោះទេ។ ដុំពកទាំងនោះអាចជាការផ្លាស់ប្តូរសរសៃជាលិកាសុដន់ និងដុំពកសុដន់ខ្លះទៀតជាដុំគីស ឬថង់ដែលពោរពេញដោយសារធាតុរាវនៅក្នុងសុដន់ ហើយភាគច្រើនកើតមានលើស្ត្រីក្នុងវ័យចន្លោះពី ៣០ ទៅ៤០ឆ្នាំ ប៉ុន្តែក៏អាចកើតចំពោះមនុស្សគ្រប់វ័យ ជាពិសេសមុនពេលស្រ្តីមករដូវ។ មិនតើតែចំពោះស្ត្រីទាំងស្រុងទេ មនុស្ស​ប្រុស ​ក៏​អាច​មាន​ដុំ​សាច់​សុដន់និង​ជំងឺមហារីក​សុដន់ផង​ដែរ។ ដុំពកសុដន់ទាំងនោះអាចបណ្តាលមកពីអតុល្យភាពអ័រម៉ូន ឬផលប៉ះពាល់នៃថ្នាំជាដើម។  នេះបើតាមការបង្ហាញពីគេហទំព័រគ្លីនិក Cleveland នៃសហរដ្ធអាមេរិក។

យោងតាមសមាគមជំងឺមហារីកអាមេរិក ដុំសាច់ ឬដុំគីស មិនមានន័យថានឹងវិវត្តទៅជាមហារីកសុដន់នោះទេ។ ទោះបីជាដុំពកភាគច្រើនមិនមែនជាមហារីកក៏ដោយ អ្នកជំងឺត្រូវដឹងដុំ​ពក​នោះជាប្រភេទអ្វីនិងដើម្បី​មើល​ថា​ខាងក្នុង​មាន​លក្ខណៈ​បែបណា ដោយអ្នកជំងឺត្រូវធ្វើ x-ray រូបភាព(mammogram) ឬ​អ៊ុលត្រាសោន ​។

តើដុំពកសុដន់មានលក្ខណៈដូចម្តេច

តាមគេហទំព័រគ្លីនិក Cleveland ដដែលដុំ​សាច់​សុដន់​អាច​មានលក្ខណៈ​​រឹង ឬ​មិនស្រុត ហើយ​វា​មិន​មាន​រាង​ជាក់លាក់​នោះទេ ដុំសាច់នោះអាចជាប់នឹងជាលិកាសុដន់ ឬអាចផ្លាស់ទីបានបន្តិច ហើយដុំ​សាច់​សុដន់​អាច​តូច​ដូច​ផ្លែ​សណ្តែក ឬ​ធំ​ជាង​នេះ​។ បើស្រ្តីមានដុំពកសុដន់ ដែលមិនមែនជាមហារីកនេះ វាមានលក្ខណៈរលោង ទន់​ ហើយអាចផ្លាស់ទីបាននៅពេលប៉ះ​និងមានរលោងជុំវិញគែម ហើយវា​ក៏​អាច​មានការ​ផ្លាស់ប្តូរទំហំ​តូច​ជាង​មុនផង​ដែរ។

តើធ្វើ​ដូចម្តេច​ទើប​ដឹង​ថា​ដុំ​ពកក្នុង​សុដន់នោះមាន​មហារីក​

សញ្ញាព្រមានមួយចំនួននៃជំងឺមហារីកសុដន់ ដោយសញ្ញាទាំងនោះរួមមានការផ្លាស់ប្តូរទំហំ ឬរូបរាងសុដន់ មានឈឺចាប់ ឬអារម្មណ៍ទាញនៅក្នុងក្បាលសុដន់ មានសារធាតុរាវ (ក្រៅពីទឹកដោះម្តាយ) ឬឈាមចេញពីក្បាលសុដន់ និងឈឺដើមទ្រូង ហើយមានហើមឬឡើងក្រាស់នៅក្នុងផ្នែកណាមួយនៃសុដន់របស់អ្នក។ មួយវិញទៀត មានកើតដុំ​ថ្មី​នៅ​សុដន់ ឬ​ក្លៀក​ ស្បែកសុដន់មានសភាពស្រអាប់ ឬរលាក និងក្បាលសុដន់ឡើង​ក្រហម ឬ​មាន​ស្នាម​ប្រេះ។

ដូច្នេះ ប្រសិនបើអ្នកសម្គាល់ឃើញថាមានដុំពកក្នុងសុដន់ សូមអញ្ចេញពិនិត្យពិគ្រោះជាមួយវេជ្ជបណ្ឌិត ឱ្យបានភ្លាមៗ ហើយបើដុំសាច់នោះជាជំងឺមហារីកសុដន់ នោះការព្យាបាលនឹងទទួលបានជោគជ័យប្រសិនទទួលបានការព្យាបាលបានទាន់ពេលវេលា៕

Share

Image
Image
Image