en     km
en     km

គណបក្សនយោបាយ និងស្ថាប័ននានា អំពាវនាវជំរុញអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុបារីស៍ឱ្យបានពេញលេញ

Share

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នេះ តាមបណ្តាគណបក្សនយោបាយ និងស្ថាប័ននានានៅកម្ពុជា បានចេញនូវសេចក្តីថ្លែងការណ៍អបអរសាទរខួបលើកទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ តុលា ឆ្នាំ១៩៩១ ព្រមទាំងអំពាវនាវជំរុញអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍ឱ្យបានពេញលេញផងដែរ។ 

សម្តេច ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានចេញសេចក្តីអបអរសាទរសាទរខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។ សម្តេចបានលើកឡើងថា​ ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច តេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ។

ជាមួយគ្នានេះ សម្ព័ន្ធភាពឆ្ពោះទៅអនាគតដែលរួមមាន៤គណបក្សដែលទើបតែរួបរួមកាលពីពេលថ្មីៗនេះ រួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា ក៏បានចេញនូវ សេចក្តីថ្លែងការណ៍ អរសាទរទិវារំលឹកខួបទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។ ក្នុងនោះសេចក្តីថ្លែងការណ៍បានលើកឡើងផងដែរថា ក្នុងរយៈពេល ៣២ ឆ្នាំកន្លងមកនេះ គោលការណ៍គ្រឹះនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនត្រូវបានគោរព និងអនុវត្តឲ្យបានពេញលេញឡើយ ដូចជាការបង្រួបបង្រួមនិងឯកភាពជាតិ ការគោរពសិទ្ធិមនុស្ស គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងឯករាជ្យភាពនៃប្រព័ន្ធតុលាការ។ បន្ថែមពីនេះ សម្ព័ន្ធភាពឆ្ពោះទៅអនាគត ក៏បានរំលឹករាជរដ្ឋាភិបាលកម្ពុជា អំពីកាតព្វកិច្ចរបស់កម្ពុជាក្នុងការអនុវត្ត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងការធានាការគោរពសិទ្ធិមនុស្ស ការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងឯករាជ្យភាពនៃប្រព័ន្ធតុលាការ ព្រមទាំងកាតព្វកិច្ចថែរក្សា និងការពារអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រិតភាព និងឯកភាពជាតិរបស់កម្ពុជា។

ទន្ទឹមគ្នានេះ សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមអំពាវដល់បណ្តាប្រទេសហត្ថលេខីទាំងអស់ បន្តជួយ ជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យបានពេញលេញ ដើម្បីជួយស្ដារ និងកសាងប្រទេសកម្ពុជា ព្រមទាំងរួមចំណែកដល់ការកសាងសន្តិភាព និងសន្តិសុខទាំងក្នុងតំបន់ និងអន្តរជាតិ។

ក្រៅពីសម្ព័ន្ធភាពឆ្ពោះទៅអនាគត គណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយម ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិគ្រប់និន្នាការនយោបាយ មេត្តាបន្តថែរក្សាស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដើម្បីស្ថេរភាព សុខសន្តិភាព អភិវឌ្ឍ ការពារជាតិមាតុភូមិកម្ពុជា និងរបបរាជានិយមឱ្យសម្បូរសប្បាយរុងរឿងតទៅ។

ដោយឡែកក្រៅពីគណបក្សនយោបាយ ក្នុងនោះអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជិត២០ស្ថាប័ន បានសហការគ្នាប្រារព្ធពិធីអបអរសាទរទិវារំលឹកខួបលើកទី ៣២ នេះ ព្រមទាំងលើកជូនដល់ភាគីពាក់ព័ន្ធនូវអនុសាសន៍ដូចខាងក្រោមផងដែរ ក្នុងនោះរួមមាន សូមឱ្យអ្នកនយោបាយ បញ្ឈប់ការចោទប្រកាន់នយោបាយ ហើយអនុវត្តស្មារតីបង្រួបបង្រួមជាតិនិងបង្រួបបង្រួមគ្រប់ភាគីនយោបាយ។ សូមឱ្យរដ្ឋាភិបាលថ្មី ពិនិត្យកែទម្រង់ច្បាប់ រួមមានច្បាប់ការបោះឆ្នោតត្រឹមត្រូវដោយសេរី និងយុត្តិធម៌ និងច្បាប់ដែលធានាសិទ្ធិរបស់ពលរដ្ឋ បើកលំហសេរីភាពឱ្យប្រជាពលរដ្ឋ ដាក់ទោសអ្នកដែលបំពានសិទ្ធិ និងបំបិទសេរីភាពពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ បន្ថែមពីនេះ កែទម្រង់ច្បាប់ ធានាអាណត្តិរបស់តំណាងរាស្ត្រ បើទោះជាតំណាងរាស្ត្រនោះបាត់បង់សមាជិកភាពពីបក្ស ឬ បក្សគាត់ត្រូវគេរំលាយក៏ដោយ។ និងចុងក្រោយ សូមឱ្យម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ធានានូវការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍នេះឱ្យបានពេញលេញ ស្របតាមស្មារតី និងកាតព្វ កិច្ច នៃកិច្ចព្រមព្រៀងនេះ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ​ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល និងជម្លោះនៅកម្ពុជា។ ការ​ចរចា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ​មាន​តំណាង​មក​ពី​ប្រទេស​កម្ពុជា អង្គការ​សហប្រជាជាតិ និង​ប្រទេស​មហាអំណាច​ផ្សេងៗ​ទៀត។ កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើតបទឈប់បាញ់ លើកកម្ពស់ការបង្រួបបង្រួមជាតិ និងត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា និង​បាន​អំពាវនាវ​ឲ្យ​មានការ​រំសាយ​អាវុធ និង​រំសាយ​ក្រុម​បក្សពួក​ដែល​កំពុង​ធ្វើ​សង្រ្គាម ការធ្វើមាតុភូមិនិវត្តន៍​ជនភៀសខ្លួន និង​ការបង្កើត​អាជ្ញាធរ​អន្តរកាល​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UNTAC)៕

 

Share

Image
Image
Image