ព្រះបាទសម្ដេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា។
ស្ពានហាលនេះត្រូវបានធ្វើការជួសជុលតាំងពីឆ្នាំ ២០១៦ គិតមកដល់ពេលនេះមានរយៈពេល៧ឆ្នាំហើយ ដែលបិទមិនឱ្យអ្នកទេសចរធ្វើដំណើរតាមស្ពានថ្មបាយក្រៀមនេះ តែជំនួសមកវិញដោយស្ពានបណ្ដែតទឹកសម្រាប់ទៅទស្សនាប្រាសាទអង្គរវត្ត។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បន្ទាប់ពីព្រះមហាក្សត្រសម្ពោធឱ្យប្រើប្រាស់ ស្ពានហាលខាងលិចនឹងត្រូវទុកជាផ្លូវចូលប្រាសាទអង្គរវត្តវត្ត ចំណែកស្ពានបណ្ដែតទឹកនឹងរក្សាទុកជាផ្លូវចេញពីប្រាសាទ។
ស្ពានហាលខាងលិចនេះ មានប្រវែង១៩០ ម៉ែត្រ ទទឹងជាង១១ម៉ែត្រ និងមានកម្ពស់៤ម៉ែត្រ ជាកិច្ចសហការជួសជុលរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ ក្នុងនោះកម្ពុជាចំណាយថវិកាបដិភាគចំនួន ៨២ម៉ឺនដុល្លាសម្រាប់ការងារបច្ចេកទេស ពលកម្ម និងសម្ភារៈបន្ថែម ខណៈជប៉ុនចំណាយ៧៦ម៉ឺន ៧ពាន់ដុល្លា ជាគ្រឿងចក្រស្ទូចទំនើបៗ៕