en     km
en     km

ក្រសួងមហាផ្ទៃប្ដេជ្ញាកំចាត់ “មេគ្រោះ”ឱ្យបាន២០-៣០%ក្នុងអាណត្តិទី៧នេះ

Share

ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដោយលោក ស សុខា ជារដ្ឋមន្ដ្រីបានប្ដេជា្ញចិត្តកម្ចាត់គ្រឿងញៀននៅក្នុងអាណត្តិទី៧នេះ ឱ្យបានចន្លោះពី២០%ទៅ៣០%។ លោកចាត់ទុកបញ្ហាគ្រឿងញៀននេះ គឺជា “មេគ្រោះ”មួយដែលត្រូវការកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីឈានទៅប្រយុទ្ធប្រឆាំងនឹងវា។

ការលើកឡើងរបស់លោករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបែបនេះ ខណៈចូលរួមពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត»  កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ នាសភា​នគរបាលកម្ពុជា។ ទន្ទឹមនឹងការប្ដេជ្ញា លោក​ ស សុខា បានណែនាំមន្ត្រីរបស់ខ្លួនថា តាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំងអស់ គប្បីបង្កើនការយកចិត្តទុកដាក់ចាត់វិធានការលើបញ្ហាគ្រឿងញៀននេះ ដោយប្រមូលផ្ដុំការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅក្រសួងមហាផ្ទៃ បានចេញការណែនាំមួយ ដោយឱ្យធ្វើការបង្ក្រាបបញ្ហាគ្រឿងញៀននៅតាមពន្ធធនាគារ តាមរយៈការពិនិត្យទឹកនោម រកសារធាតុញៀនលើមន្ដ្រីពន្ធធនាគារ និងអ្នកជាប់ឃុំដែលសង្ស័យថាប្រើប្រាស់គ្រឿងញៀន។

ករណីរកឃើញថាមន្ដ្រីណាគេចវេសមិនព្រមធ្វើតេស្ដ ឬរកឃើញថាមានសាធាតុញៀន ក្រសួងមហាផ្ទៃបានឱ្យអគ្គនាយកដ្ឋានពន្ធធនាគារសុំការសុំអន្តរាគមន៍ពីក្រសួង ដើម្បីចាត់វិធានការរដ្ឋបាល និងវិធានការផ្លូវច្បាប់ជាធរមានលើមន្ដ្រីនោះ។ នេះបើផ្អែកតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។

​សង្គមស៊ីវិលក៏ធ្លាប់បានលើកឡើងថា មានពីបញ្ហាការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមពន្ធធនាគារដែរ។ ចំពោះចំណាត់ការបែបនេះពីក្រសួងមហាផ្ទៃ លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បានសារទរថាជារឿងល្អមួយក្នុងការបង្រា្កបបញ្ហាគ្រឿងញៀន។

យ៉ាងណា សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហអាទិភាពទី៤ដែលត្រូវដោះស្រាយ​ក្នុងអាណត្តិទី៧នេះ៕

Share

Image
Image
Image