en     km
en     km

លោក ឌិត ទីណានៅតែទទូចឱ្យពលរដ្ឋចូលរួមការពារសត្វផ្សោត ខណៈបទល្មើនេសាទនៅបន្ដមាន

Share

លោករដ្ឋមន្ដ្រីក្រសួងកសិកម្មនៅតែទទូចឱ្យប្រជាពលរដ្ឋរាយការណ៍ព័ត៌មាន ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ករណីប្រទះឃើញបទល្មើសនេសាទនៅតំបន់សត្វផ្សោតរស់នៅ ខណៈលោកថាសកម្មភាពទាំងនេះនៅតែបន្ដមាន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍

ថ្លែងក្នុងកម្មវិធី សម្ពោធពិព័រណ៍រូបថត «សត្វផ្សោតទន្លេមេគង្គកម្ពុជា» ដែលរៀបចំដោយអង្គការ WWF កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្ដអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់អភិរក្សសត្វផ្សោត រាយការណ៍ព័ត៌មាន នៅពេលបានជួប និងឃើញបទល្មើសនេសាទខុសច្បាប់កើតឡើងនៅតំបន់អភិរក្សសត្វផ្សោត ខណៈលោកថាបទល្មើសនេសាទនៅតែបន្ដមាន។

ថនិកសត្វរស់នៅក្នុងទឹកប្រភេទនេះ រងការបំពានពីការនេសាទខុសច្បាប់ បណ្ដាលឱ្យបាត់បង់ជីវិតជាហូរហែរ។ គិតត្រឹម១០ ខែឆ្នាំ២០២៣ ក្រសួងកសិកម្មថា សត្វផ្សោត៤ក្បាលបានស្លាប់ ទន្ទឹមនឹងការកើតថ្មីចំនួន៧ក្បាល។ តែចំនួននេះត្រូវបានអង្គការប្រធានអង្គការ WWF លោក សេង ទៀក លើកឡើងថា ឆ្នាំនេះ អត្រាកើតរបស់កូនផ្សោតមានការកើនឡើងខ្ពស់ជាងបណ្ដាឆ្នាំមុនៗ ស្របពេលអត្រាស្លាប់ បានថយចុះគួរឱ្យកត់សម្គាល់។

លោករដ្ឋមន្ដ្រីក្រសួងកសិកម្មថា ដោយសាររដ្ឋាភិបាល បានដាក់ចេញការយាមល្បាត និងធ្វើសព្វគ្រប់បែបយ៉ាង ដើម្បីធានាដល់ការរស់រានមានជីវិតរបស់សត្វផ្សោត ទើបនាំមកភាពនូវជោគជ័យក្នុងពេលមួយឆ្នាំចុងក្រោយនេះ។

ទោះបីជាមានវិធានការតឹងរឹងក៏ពិតមែន តែការរស់រានរបស់សត្វផ្សោតស្ថិតក្នុងភាពផុយស្រួយនៅឡើយ ដោយសារសកម្មភាពរាយមងក្រឡាធំ ការរំខានដល់លំហូរទឹកទន្លេដោយសារទំនប់ផ្នែកខាងលើ ការនេសាទហួសកម្រិត  និងបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ដូចជា ឧបករណ៍ឆក់ជាដើមតែបន្ដមាន។ នេះបើតាមការលើកឡើងពីWWF។  លោក ឌិត ទីណា ថាបើប្រជាពលរដ្ឋប្រទះឃើញបទល្មើសនេសាទណាមួយ លោកទទូចឱ្យរាយការណ៍ទៅរដ្ឋបាលជលផល ឬក្រសួងកសិកម្ម ដើម្បីអនុវត្តច្បាប់។

តាមទិន្នន័យពីអង្គការWWF កាលពីឆ្នាំ២០២២ សត្វផ្សោតទឹកសាបបានស្លាប់ចំនួន១១ក្បាល និងមានកើតថ្មីតែ៦ក្បាលប៉ុណ្ណោះ។​ យោងតាមរបាយការណ៍នៃការតាមដានសត្វផ្សោតទន្លេមេគង្គឆ្នាំ២០២០ អ្នកវិទ្យាសាស្រ្តប៉ាន់ប្រមាណថាមានសត្វផ្សោតទន្លេមេគង្គ ចំនួន ៨៩ ក្បាលប៉ុណ្ណោះ កំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា នៅក្នុងអន្លង់ទឹកជ្រៅចំនួនប្រាំបី តាមដងទន្លេមេគង្គ លាតសន្ធឹងពីខេត្តក្រចេះ  ទៅដល់ព្រំប្រទល់ប្រទេសឡាវនៅខេត្តស្ទឹងត្រែង ចម្ងាយប្រមាណ១៨០គីឡូម៉ែត្រ។

គួរជម្រាបថា ផ្សោត​ទន្លេ​មេ​គង្គ​ជា​បេតិ​កភណ្ឌ​ជាតិ​មាន​ជី​វិត​ ហើយប្រជាជនកម្ពុជាមានជំនឿថា ទីណាមានផ្សោត ទីនោះមានត្រី។ អង្គការWWFថា ការការពារសត្វផ្សោតទន្លេមេគង្គ គឺជាសកម្មភាពប្រកបដោយមោទនភាពដែលរួមចំណែកនាំមកនូវអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត រាប់បញ្ចូលទាំងការអភិវឌ្ឍសេដ្ឋកិច្ច សហគមន៍មូលដ្ឋាន ការស្តារឡើងវិញនូវធនធានជីវចម្រុះទឹកសាប និងប្រព័ន្ធអេកូឡូស៊ី ដែលជួយបង្កើតភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ស្របគ្នានិងលោករដ្ឋមន្ដ្រីកសិកម្ម WWFអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសាធារណជនផង ពួតដៃធ្វើការរួមគ្នាដើម្បីថែរក្សា និងការពារសត្វផ្សោតទន្លេមេគង្គ ជាបេតិកភណ្ឌជាតិមានជីវិត ដែលមាននៅសេសសល់ក្នុងទន្លេមេគង្គកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image