en     km
en     km

ក្រសួងធម្មការហាមដើររៃអង្គាសតាមទីសាធារណៈពេលបុណ្យកឋិនទាន ដើម្បីកិត្តិយសព្រះពុទ្ធសាសនា

Share

ដើម្បីឱ្យការរៀបចំពីធីបុណ្យកឋិនទានដំណើរការ ស្របតាមប្រពៃណី ទំនៀមទំលាប់ និងប្រពៃណីព្រះពុទ្ធសាសនា ក្រសួងធម្មការបានចេញការណែនាំមួយចំនួន ក្នុងនោះបានហាមមិនឱ្យមានការរៃអង្គាសនៅតាមទីសាធារណៈ និងទីប្រជុំជនឡើយ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងកិត្តិយសព្រះពុទ្ធសាសនា។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

បុណ្យកឋិនទាន គឺជាពិធីបុណ្យព្រះពុទ្ធសាសនាដែលមានរយៈពេលវែងជាងគេ ដល់ទៅ ២៩ថ្ងៃ ។ នៅឆ្នាំនេះ កឋិនកាលត្រូវបានកំណត់ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

មុនពិធីបុណ្យនេះមកដល់ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ បានចេញការណែនាំមួយចំនួន ក្នុងការរៀបចំពិធីសាសនា នាឆ្នាំនេះ ក្នុងនោះក្រសួងបានហាមប្រាមមិនឱ្យដើររៃអង្គាសនៅតាមផ្លូវទីសាធារណៈ និងទីប្រជុំជននោះទេ ដែលទង្វើបែបនេះក្រសួងចាត់ទុកថា ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់របៀបរៀបរយសង្គម និងកិត្តិយសព្រះពុទ្ធសាសនា។

បុណ្យកឋិនទាន ជាកាលទានដ៏ថ្លែថ្លា និងមានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដោយក្នុងមួយឆ្នាំមានតែម្ដង ហើយវត្តអារាមមួយ គឺអាចទទួលអង្គកឋិនបានតែមួយគត់ក្នុង មួយឆ្នាំ។ តាមរយៈកឋិនទាន វត្តអារាមនីមួយៗអាចមានលទ្ធភាពទទួលបាននូវសម្ភារៈ បច្ច័យ សម្រាប់ប្រើប្រាស់ក្នុងសេនាសនៈនៅក្នុងវត្ត ព្រះវិហារ កុដិ សាលា និងជួយឧបត្ថម្ភកសាងសមិទ្ធផល និងវិស័យសង្គមកិច្ចបានទៀតផង។

សូមជម្រាបដែរថា នៅក្នុងគម្ពីរព្រះពុទ្ធសាសនា ការធ្វើកឋិនទាននឹងនាំមកនូវ ផល​៥​ប្រការ ​របស់​អ្នក​ម្ចាស់​ទាន ទោះ​ជា​គ្រហស្ថ​ក្តី បព្វជិត​ក្តី គឺ​រមែង​មាន​រូប​ឆោម​លោម​ពណ៌​ល្អ​ស្អាត គួរ​ជា​ទី​ពិតពិលរមិលមើល និង​ជា​ទី​ចាប់​ចិត្ត​មេត្រី​នៃ​ជន​ផង​ទាំង​ឡាយ ហើយ​រមែង​មាន​ទ្រង់ទ្រាយ​កាយ​សម្បទា​សមសួន​តាម​កាល​សម័យ​នៃ​អាយុ​កប្ប​និមួយៗ។

ផល​ដែល​ជា​សម្បត្តិ​លោកីយ៍​មួយ​ទៀត គឺ​នឹង​បាន​ជា​ស្ដេច​ចក្រព័ត្រ មាន​រិទ្ធិ​អំណាច​ប្រកប​ដោយ​ទសពិធរាជធម៌។ បើ​ជា​បុរស នឹង​បាន​ជួប​ព្រះសម្មាសម្ពុទ្ធ​អង្គ​ណា​មួយ បាន​បួស​ជា​ឯហិ​ភិក្ខុមាន​ត្រៃ​ចីវរ និង​គ្រឿង​បរិក្ខារ​កើត​ឡើង​ដោយ​ឯកឯង និង​បាន​សម្រេច​មគ្គផល​ព្រះ​និព្វាន។ បើ​ជា​ស្ត្រី​វិញ ក៏​នឹង​បាន​ប្រតិបត្តិ​លោកុត្តរធម៌ ដែល​ធម៌​ដ៏​ប្រសើរ​ឧត្តម បាន​រួច​ផុត​ចាក​សេចក្តី​ទុក្ខ​នៃ​ជាតិ ជរា ព្យាធិ និង​មរណៈ ដែល​ជា​ផល​ខ្ពស់​បំផុត​ក្នុង​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​គ្រប់​ព្រះអង្គ។ នេះបើយោងតាមគម្ពីរសាសនាដដែល៕

Share

Image
Image
Image