នៅពេលដែលរដូវកាលជំនន់ទឹកភ្លៀងបានមកដល់ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំអំពីវិធានការបង្ការហានិភ័យ ដល់ម្ចាស់រោងចក្រ សហគ្រាស និងកម្មករនិយោជិតក្នុងករណីមានជួបគ្រោះជំនន់ទឹកភ្លៀង ដែលអាចនឹងកើតមានឡើងជាយថាហេតុដោយសារជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រដែលមានរោងចក្រ សហគ្រាស និងកន្លែងស្នាក់នៅរបស់កម្មករនិយោជិត។ លោក គីម ចាន់ចាវ រាយការណ៍
ដើម្បីបង្ការគ្រោះថ្នាក់ដោយជំនន់ទឹកភ្លៀង ក្រសួងបានណែនាំឱ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវតាមដានស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្ររបស់ខ្លួនជាប្រចាំ។ រៀបចំបង្កើតក្រុមការងារ និងត្រៀមផែនការសង្គ្រោះ មធ្យោបាយការពារ និងជម្លៀសកម្មករនិយោជិតក្នុងករណីមានទឹកជំនន់។ ត្រួតពិនិត្យបណ្ដាញអគ្គិសនីឱ្យបានត្រឹមត្រូវ និងសមស្របតាមលក្ខណៈបច្ចេកទេសសុវត្ថិភាព សម្រាប់បង្ការ និងបញ្ចៀសនូវបញ្ហាចាំបាច់ចំពោះមុខទៅតាមកាលៈទេសៈជាយថាហេតុណាមួយ។
ជាមួយគ្នា ក្រសួងណែនាំឱ្យម្ចាស់រោងចក្រ សហគ្រាស ត្រូវមានវិធានការរៀបចំការសង្គ្រោះបឋម និងវិធីសាស្ត្រជួយសង្គ្រោះមានជាអាទិ៍ ក្នុងករណីលង់ទឹក ឆក់ចរន្តអគ្គិសនី សត្វទិច ចឹក ឬខាំ។ ត្រូវដាក់វត្ថុធាតុដើម សម្ភារៈសំខាន់ៗ និងសារធាតុគីមីឱ្យបានត្រឹមត្រូវផុតពីទឹក និងមានសុវត្ថិភាព ជាពិសេសវត្ថុធាតុដើម និងសារធាតុគីមីដែលមានប្រតិកម្មជាមួយទឹក។
បន្ថែមពីនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំឱ្យរៀបចំដាក់ស្លាកសញ្ញាហាមឃាត់នៅកន្លែងដែលមានគ្រោះថ្នាក់ទឹកជន់លិច ឬហូរខ្លាំង ត្រូវត្រៀមស្បៀងអាហារ និងទឹកស្អាត សម្រាប់បរិភោគឱ្យបានគ្រប់គ្រាន់អំឡុងពេលរង់ចាំក្រុមជួយសង្គ្រោះទៅដល់ ក្នុងករណីកម្មករនិយោជិតជាប់គាំងក្នុងរោងចក្រ សហគ្រាសនៅពេលមានទឹកជំនន់ ពិសេសម្ចាស់រោងចក្រ សហគ្រាសត្រូវអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិតរអំពីវិធានការសុវត្ថិភាព និងសុខភាពការងារ ដើម្បីការពារសុវត្ថិភាពកម្មករនិយោជិតនៅពេលមានទឹកជំនន់កើតឡើង។
ទន្ទឹមនឹងវិធានការខាងលើ ក្រសួង ក៏បានណែនាំឱ្យម្ចាស់រោងចក្រ សហគ្រាស ត្រូវចូលរួមអនុវត្តឱ្យបានហ្មត់ចត់តាមវិធានការរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការនានារបស់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសហការឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីមានការណែនាំជាក់ស្ដែង។ ត្រូវត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធសុវត្ថិភាពផ្សេងៗ សម្អាតបរិវេណរោងចក្រ សហគ្រាស និងធ្វើអនាម័យបង្គន់ឡើងវិញក្រោយពេលទឹកជំនន់។
ចំណែកកម្មករនិយោជិតវិញ ក្រសួងណែនាំឱ្យប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្ទាល់ខ្លួនមានជាអាទិ៍ ករណីឆក់ចរន្តអគ្គិសនី លង់ទឹក សត្វទិច ចឹក ឬខាំជាដើម។ ត្រូវផ្ដល់ព័ត៌មានអំពីស្ថានភាពសុវត្ថិភាព និងសុខភាពរបស់ខ្លួនទៅកាន់និយោជកជាប្រចាំក្នុងអំឡុងពេលឈប់សម្រាកដោយសារគ្រោះទឹកជំនន់។
ក្រសួងណែនាំឱ្យកម្មករនិយោជិត ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការអនាម័យសុខាភិបាល និងសេចក្ដីប្រកាសព័ត៌មានស្ដីពីការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះទឹកជំនន់ដែលចេញដោយក្រសួងសុខាភិបាល។ ត្រូវចូលរួមឱ្យបានហ្មត់ចត់តាមវិធានការរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការនានារបស់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសហការឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីមានការណែនាំជាក់ស្ដែង។
ទោះយ៉ាងណា ក្នុងករណីចាំបាច់ ក្រសួងបានណែនាំ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតត្រូវជូនដំណឹងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធHotline លេខ១២៩៧ ឬក្រុមតេឡេក្រាម«សម្រាប់កម្មករនិយោជិត» ដើម្បី ចុះវាយតម្លៃកម្រិតហានិភ័យដែលអាចកើតមានឡើងចំពោះសុវត្ថិភាពកម្មករនិយោជិតក្នុងអំឡុងពេលមានទឹកជំនន់៕