en     km
en     km

ក្រសួងសុខាភិបាលបិទមន្ទីរពេទ្យឯកជន២កន្លែង ក្រោយរកឃើញថាមិនគោរពលក្ខខណ្ឌបច្ចេកទេស

Share

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រសួងសុខាភិបាលបានចេញការសម្រេចបិទមន្ទីរពេទ្យឯកជន២កន្លែង ដែលបានប្រព្រឹត្តកំហុសឆ្គងមិនគោរពលក្ខខណ្ឌបច្ចេកទេសក្នុងវិស័យសុខាភិបាល។ មន្ទីរពេទ្យទីមួយ មានឈ្មោះថា មេត្រូ​ អអ៊ិលវី ដែលមានទីតាំងលើផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុមន្ទីរអហុព្យាបាលនេះ បានប្រើប្រាស់សេវាពិគ្រោះបញ្ជូនអ្នកជំងឺទៅវះកាត់ប្ដូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិការ ជាលិកា និងសរីរាង្គមនុស្ស។

ចំណែកមន្ទីរពេទ្យឯកជនទី២ មានឈ្មោះថា សែនមានជ័យ មានទីតាងលើផ្លូវ១០៧ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មូលហេតុដែលឈានទៅដល់ការបិទមន្ទីរសម្រាកព្យាបាលនេះ ដោយសារបានប្រព្រឹត្តនូវកំហុសដដែលៗ ដោយយករថយន្ដសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវសាធារណៈ មិនគោរពតាមកិច្ចសន្យាជាមួយក្រសួងសុខាភិបាល និងមិនមានធនធានមនុស្សគ្រប់គ្រាន់ក្នុងផ្ដល់សេវា ដូចមានក្នុងរចនាសម្ព័ន្ធដែលបានស្នើសុំពីក្រសួងសុខាភិបាល។ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាល។

គេសង្កេតឃើញថា ក្រោយពេលមានបញ្ហាកើតឡើង ក្រសួងសុខាភិបាលតែងតែមានវិធានការបិទមន្ទីរពេទ្យឯកជាហូរហែរ។   សមាគម​អ្នកលក់​ឱសថ​កម្ពុជាធ្លាប់បានចេញមុខ​គាំទ្រ​ចំពោះ​វិធានការ និង​ចំណាត់ការ​របស់​ក្រសួងសុខាភិបាល ​លើសេចក្ដីសម្រេចបិទមន្ទីរពេទ្យឯកជនដែលមានបញ្ហាបែបនេះ ដើម្បីបង្ការចំនួនអ្នករងគ្រោះពីកន្លែងទាំងនោះតទៅទៀត។ ដោយឡែក សមាគមគ្រូពេទ្យគុណធម៌កម្ពុជាក៏ធ្លាប់បានលើកឡើងថា ការសម្រេចបិទនេះជាការអនុវត្តរបស់ក្រសួង តែក៏ស្នើឱ្យក្រសួងពិនិត្យវិស័យសុខាភិបាលទាំងរដ្ឋ និងឯកជនបន្ថែមទៀតផង ដើម្បីឱ្យមាន​ដំណើរ​ការ​រលូន​ល្អ​ប្រសើរ និងស្រប​តាម​ច្បាប់​កម្ពុជា។

តែយ៉ាងណាចំពោះករណីមន្ទីរពេទ្យឯកជនទាំងពីរខាងលើ ក្រសួងសុខាភិបាលបញ្ជាក់ថា សេចក្ដីសម្រេចរបស់ក្រសួងស្ដីពីការសម្រេចឱ្យបើកមន្ទីរពេទ្យឯកជនទាំងពីរ ត្រូវទុកជានិរាកករណ៍ចាប់ពីថ្ងៃចេញការសម្រេចតទៅ ។ ក្រៅពីនេះ អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងម្ចាស់មន្ទីរពេទ្យឯកជនមានភារកិច្ចអនុវត្តសេចក្ដីសម្រេចនោះ៕

Share

Image
Image
Image