en     km
en     km

🔴 នាយកគ្រប់គ្រងVOD ណែនាំឱ្យអ្នកតាមដានមើលចំនួនLikeផេក ចៀសវាងការភាន់ច្រឡំ

Share

fake

នាយកគ្រប់គ្រងអង្គភាពសារព័ត៌មានVOD ដែលកំពុងឈរជើងនៅអាមេរិក បានបដិសេដផេកមួយដែលប្រើប្រាស់រូបភាព ឡូហ្គោ និងឈ្មោះ ស្រដៀង ផេកផ្លូវការរបស់វីអូឌី។ លោកអះអាងថា ផេកនេះមិនមានពាក់ព័ន្ធនឹងក្រុមការងារព័ត៌មាន ឬក្រុមបច្ចេកទេសរបស់វីអូឌីឡើយ។ លោក គីម ចាន់ចាវ រាយការណ៍

 

បន្ទាប់ពីស្ថាប័នសារព័ត៌មាន VODដំណើរការផ្សាយឡើងវិញតាមបណ្តាញសង្គមជាពិសេសផេក (VOD Khmer) ដោយផ្សាយចេញពីទឹកដីសហរដ្ឋអាមេរិក ក្រោយផ្អាកការផ្សាយរយៈពេល៨ខែ គេឃើញមានផេកហ្វេសប៊ុកមួយដែលដាក់ឈ្មោះស្រដៀងគ្នាដែរគឺ(VOD Khmer News)។ ក្រោយលេចឡើងនូវផេក(VOD Khmer News)នេះ ធ្វើឱ្យសាធារណៈជនមួយចំនួនមានការភាន់ច្រឡំ ងឿងឆ្ងល់ អំពីសារព័ត៌មានដែលធ្លាប់ផ្សាយអំពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិតេយ្យ និងបញ្ហាក្នុងសង្គមថា ផ្លាស់ប្ដូរបេសកកម្មរបស់ខ្លួនឬយ៉ាងណា?

ផេកក្លែងក្លាយ

ជុំវិញករណីនេះលោក ប៉ា ងួនទៀង នាយកគ្រប់គ្រងអង្គភាពសារព័ត៌មានVOD បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១៨ ខែតុលា​នេះថា ផេកថ្មីនេះគឺជាផេកក្លែងក្លាយមិនពាក់ព័ន្ធនឹងអង្គភាពសារព័ត៌មានVODឡើយ។ ហើយថ្វីត្បិត​តែ​អង្គភាពរបស់លោកមិនមានចំណាត់ការប្ដឹងផ្ដល់ទៅក្រុមហ៊ុនហ្វេសប៊ុក ក៏ប៉ុន្តែលោកអះអាងថាមានប្រិយមិត្តរបស់VODមួយចំនួន បានប្ដឹងឬធ្វើReport ទៅក្រុមហ៊ុនហ្វេសប៊ុកផងដែរ។

ទោះយ៉ាងណាលោក ប៉ា ងួនទៀង អះអាងថាប្រិយមិត្តធម្មតាមួយចំនួននៅតែយល់ច្រឡំរវាងផេកវីអូឌីពិត ដែលមានឈ្មោះ(VOD Khmer) និងផេកវីអូឌីក្លែងក្លាយ ដែលមានឈ្មោះ(VOD Khmer News) ក៏ប៉ុន្តែលោកបានណែនាំឱ្យប្រិយមិត្តរបស់ខ្លួនកំណត់សម្គាល់ថាផេកវីអូឌីពិតមានចំនួនអ្នកLike ជាង១លាននាក់ ចំណែកផេកក្លែងក្លាយមានអ្នកLike តិចតួចប៉ុណ្ណោះ។

ផេកផ្លូវការ(ពិត)របស់វីអូឌី

«អ្នកLike  និងfollow របស់វីអូឌីចាស់មានជាង១លាន ហើយផេកថ្មី(ក្លែងក្លាយ)គាត់មានទើបជាង២/៣នាក់ទេ ចឹងទី២អត្ថបទរបស់វីអូឌីជាអត្ថបទព័ត៌មាន ហើយមានសំឡេង យើងមានប្រភពមានអីចឹង ហើយយើងមើលអត្ថបទវាខុសច្បាស់ហើយស្រួលសម្គាល់។ អត្ថបទវីអូឌីថ្មី(ក្លែងក្លាយ) អ្នកដែលបង្កើតថ្មីគាត់និយាយពីអីផ្សេងបញ្ហាផ្សេងមិនមែនជាលក្ខណៈព័ត៌មាន ហើយសំណេរអីដែលអត់មានវិជ្ជាជីវៈ អត់មានក្រមសីលធម៌។ ដូច្នេះទៅខ្ញុំថា មហាជនគាត់មើលទៅ វាជារឿងដែលមិនគួរឱ្យគាត់ចាប់អារម្មណ៍តែម្ដងបាទ»

លោក ប៉ា ងួនទៀង នាយកគ្រប់គ្រងអង្គភាពសារព័ត៌មានVOD

 

សារព័ត៌មានVODត្រូវបានផ្អាកការផ្សាយពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទសារព័ត៌មានមួយនេះ ក្រោយការផ្សាយមួយដែលរដ្ឋាភិបាលចាត់ទុកថា បំភ្លើសធ្វើឱ្យខូចមុខមាត់របស់រដ្ឋាភិបាល។ តែយ៉ាងណាតាមរយៈសេចក្តីជូនព័ត៌មានខាងលើ VOD នៅតែចាត់ទុកករណីនេះថា ជាការបង្រ្កាបយ៉ាងអយុត្តិធម៌និងក្រោមលេសគ្មានមូលដ្ឋានច្បាស់លាស់។ ៨ខែក្រោយមកស្ថាប័នព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD បានចាប់ផ្តើមការងារផ្សាយព័ត៌មានរបស់ខ្លួនឡើងវិញតាមរយៈបណ្តាញសង្គម ហ្វេសប៊ុក YouTube និងTikTok ចាប់ពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ចេញពីទីក្រុងតាកូម៉ា នៃរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក៕

Share

Image
Image
Image