en     km
en     km

អ្នក​រត់​ប្រណាំង​កម្ពុជា​មួយ​រូប​ទទួល​បាន​ការ​អញ្ជើញ​ឱ្យ​​ចូល​រួមក្នុង​ព្រឹត្តិការណ៍​ ឈីកា​ហ្គោ​ ម៉ារ៉ាតុង លំដាប់​ពិភព​លោក​​​នៅ​សហរដ្ឋ​អាមេរិក​

Share

លោក​ ជីម​ គង់​ហ៊ុយ​ ដែល​ជា​អ្នក​រត់​ប្រណំាង​ជន​ជាតិ​ខ្មែរមួយ​រូប​ ទើប​តែ​បញ្ចប់​ការ​រត់​ប្រណាំង​ Chicago Marathon (The 2023 Bank of America Chicago Marathon) នៅ​សហរដ្ឋ​អាមេរិក​ក្នុង​រយៈ​ចម្ងាយ​ ៤២.១៩៥​​ គីឡូ​ម៉ែត្រ​ កាល​ពី​ថ្ងៃ​អាទិត្យ​​​​​ ទី​ ៨​ ខែ​តុលា​ ឆ្នាំ​ ២០២៣​ នេះ​។​ ព្រឹត្តិការណ៍​នេះទទួលបាន​ការ​ចូ​ល​រួម​ពី​អ្នក​រត់​ប្រណាំង​ច្រើន​ជាង​​ ៤៨​,​០០០​ នាក់​មក​ពី​បណ្ដា​ប្រទេស​នានា​ជុំ​វិញ​ពិភព​លោក​។​

លោក​គឺ​ជា​អ្នក​រត់​ជន​ជាតិ​ខ្មែរ​តែ​ម្នាក់​គត់​ដែល​ទទួល​បាន​ការ​អញ្ជើញដើម្បី​​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​លំដាប់​ពិភព​លោក​នេះ​ ក្រោយពេល​លោក​រត់​បាន​​ក្នុងរយៈពេល​ល្អ​ (3 ម៉ោង​ ៣០​ នាទី​ ៧​ វិនាទី​)​ នៅ​ក្នុងក្រុម​អ្នករត់​ដែល​មាន​វ័យ​ពី ៤៥​ ដល់​ ៤៩​ ឆ្នាំ​ ​នៃ​ព្រឹត្តិការណ៍​​រត់​ប្រណាំង​ Global Marathon 2022 ដែល​រៀប​ចំ​ឡើង​ដោយ​ Abbott World Marathon Majors​។​​ សម្រាប់​ការ​រត់​នៅ​ Chicago​ Marathon​ លោក​ គង់​ហ៊ុយ​ បាន​បញ្ចប់​ការ​រត់​ចម្ងាយ​ ៤២.១៩៥​ គីឡូម៉ែត្រ​ដោយ​ប្រើ​ពេល​ ៣​​ ម៉ោង​ ២៨​ នាទី​ ៤៥ វិនាទី​។​

 

លោក​ ជីម​ គង់​ហ៊ុយ​ មាន​ប្រសាសន៍​ពី​បទពិសោធ​ក្នុង​ការ​រត់​ប្រណាំង​ Chicago Marathon​ ថា​៖​ «​ការចូល​រួម​ក្នុង​ការ​រត់​ប្រណាំង​លំដាប់​អន្តរជាតិ​នេះ​ ជា​ក្ដី​ស្រមៃ​ដ៏​ធំ​មួយ​របស់​ខ្ញុំ​​ ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​ និង​មាន​មោទនភាព​ក្នុង​នាម​ជា​ប្រជាជន​ខ្មែរ​ដែល​មាន​ឱកាស​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​អ្នក​រត់​ប្រណាំង​នេះ​។​»​ លោក​​មាន​ប្រសាសន៍បន្ត​ថា​៖​ «​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឱ្យ​បង​ប្អូន​ទាំង​អស់​គ្នា​ផ្តោ​ត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព ហើយ​ការ​រត់​អាច​ជា​ចំណែក​មួ​យ​ដែរ​ដែល​បង​ប្អូនអាច​សាកល្ប​ង​បាន​។​ សុខភាព​ល្អ​នឹង​នាំមក​នូវ​ភាព​ជោគជ័យ​លើ​កិច្ច​ការ​ងារ​ជា​ច្រើន​ ជា​ពិសេស​នាំមក​នូវ​ការ​រស់​នៅ​ប្រកប​ដោយ​ភាព​រីក​រាយ​។​ បទ​ពិសោធដ៏អស្ចារ្យ​ដែល​ខ្ញុំ​ទទួល​បាន​នេះ​ នឹង​អនុញ្ញាត​ឱ្យ​ខ្ញុំ​អាច​ជំរុញ​បន្ថែម​ឱ្យមាន​ការ​ចូល​រួម​កាន់​តែ​សកម្មឡើង​ក្នុង​កីឡា​រត់​ប្រណាំង​នៅ​ក្នុង​សហគមន៍​កម្ពុជា។​»​

លោក​ ជីម​ គង់​ហ៊ុយ​ គឺ​ជា​អ្នក​ដែល​ស្រឡាញ់​ការ​រត់​ប្រណាំង​ ហើយ​លោក​តែង​តែ​ចូល​រួម​ព្រឹត្តិការណ៍​រត់​ប្រណាំង​នានា​ជាច្រើន​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ផង​ដែរ។​ លោក​បាន​ចូល​រួម​បង្កើ​ត​ក្រុម​រត់​ប្រណាំង​ KK Running Club​ កាល​ពី​ឆ្នាំ​​ ២០១៧​ ដែល​បច្ចុប្បន្ន​មាន​សមាជិក​ច្រើន​ជាង​ ១,០០០​ នាក់​ និង​ក្លាយ​ជា​ក្លឹប​រត់​ប្រណាំង​ដ៏​ធំ​មួយផង​ដែរ។​ បច្ចុប្បន្ន​លោក​ គង់​ហ៊ុយ​ គឺ​ជា​អគ្គ​នាយក​​របស់​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​លំដាប់​អន្តរជាតិ​ FWD Cambodia​ ដែល​ក្រុម​ហ៊ុន​នេះ​មាន​ទស្សន​វិស័យ​ផ្ដល់​បទ​ពិសោធថ្មី​លើ​សេវា​ធានា​រ៉ាប់​រង​នៅ​កម្ពុជា​។​ កន្លង​មក​​ លោក​ និង​ក្រុម​ការ​ងារ​បាន​រៀប​ចំ និង​គាំ​ទ្រ​ព្រឹត្តិការណ៍​រត់​ប្រណាំង​ជា​ច្រើន​ដើម្បី​លើក​កម្ពស់​ការ​រស់​នៅ​ប្រកប​ដោយ​ភាពរីក​រាយ​ និង​ពោរ​ពេញ​ដោយ​សុខភាព​ល្អ​បរិបូរណ៍។​ កម្មវិធី​ទាំង​នោះ​រួម​មាន​ ព្រឹត្តិការណ៍​រត់​ប្រណាំ​ង​ Cambodia Elephant Trail ការ​រត់​ Fun Run ជា​មួយ​ដៃ​គូ​អាជីវកម្ម​ជា​ដើម។

Share

Image
Image
Image