UNDP ប្រចាំប្រទេសកម្ពុជា គ្រោងសាកល្បងយកវត្តអារាមមួយចំនួនបង្កើតជាសហគមន៍មនុស្សចាស់ ក្រោយគម្រោងស្រាវជ្រាវមួយរកឃើញថា ៥០% នៃមនុស្សវ័យចំណាស់នៅកម្ពុជាមិនមានការងាររកប្រាក់បៀវត្សរ៍នោះទេ ខណៈយុវជននាពេលបច្ចុប្បន្នមិនសូវមានការយកចិត្តទុកដាក់លើបញ្ហារបស់មនុស្សវ័យចំណាស់ផងដែរ។ យ៉ាងណាក្រសួងសង្គមកិច្ច បានបង្កើតសមាគមមនុស្សចាស់ចំនួនជាង១ពាន់ទីតាំងរួចមកហើយនៅតាមឃុំសង្កាត់នានា ទូទាំងប្រទេស និងបានសហការជាមួយUNDP បង្កើតសមាគមមនុស្សចាស់គំរូថ្មីបន្ថែមទៀតផងដែរ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំប្រទេសកម្ពុជា (UNDP Cambodia) បានសិក្សាក្នុងការសាកល្បងគោលនយោបាយថ្មីមួយ គឺយកវត្តអារាមជាមូលដ្ឋានដើម្បីបង្កើតសហគមន៍សម្រាប់មនុស្សចាស់ ខណៈចំនួនមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា កំពុងកើនឡើងយ៉ាងឆាប់រហ័ស។
ផ្អែកតាមការស្រាវជ្រាវពី UNDP ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៥០ សមាមាត្រនៃមនុស្សចាស់ត្រូវបានគេប៉ាន់ប្រមាណថា មានច្រើនជាងពីរដង គឺពីប្រហែល ៨.៩% ទៅ២១%នៃចំនួនប្រជាជនសរុប។ អំឡុងពេលនេះដែរ យុវជននៅក្នុងប្រទេសកម្ពុជា មិនសូវមានការយកចិត្តទុកដាក់លើបញ្ហារបស់មនុស្សវ័យចំណាស់នោះទេ។
មនុស្សវ័យចំណាស់ ពឹងផ្អែកលើការគាំទ្រពីគ្រួសារសម្រាប់ការរស់នៅ។ ការសិក្សាមួយដោយវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំ២០២១ បានរកឃើញថា ៧៣%នៃមនុស្សចាស់ ទទួលបានប្រាក់បញ្ញើពីសមាជិកក្នុងគ្រួសារ។ ចំណែកការសិក្សាមួយទៀត របស់ UNDP ក្នុងឆ្នាំ២០២២ ស្តីពីលទ្ធភាពនៃការកសាងប្រព័ន្ធប្រាក់សោធននិវត្តន៍ចម្រុះក្នុងប្រទេសកម្ពុជា ក៏បានរកឃើញដែរថា ៥០% នៃមនុស្សវ័យចំណាស់នៅកម្ពុជាមិនមានការងាររកប្រាក់បៀវត្សរ៍នោះទេ ពោលមនុស្សចាស់ងាយរងគ្រោះក្នុងផ្នែកហិរញ្ញវត្ថុ។ នេះបើផ្អែកតាមUNDP។ ប្រភពនេះបានបន្ដឱ្យដឹងថា សម្រាប់មនុស្សចាស់ត្រូវបានគេយល់ឃើញថា ជាបន្ទុកផ្នែកសេដ្ឋកិច្ច គឺស្ថិតក្នុងគ្រោះថ្នាក់នៃការមិនគិតគូរ ហើយមានការរើសអើង និងការបំពាន ជាពិសេសស្ត្រីវ័យចំណាស់ដែលមានពិការភាព គឺមានហានិភ័យខ្ពស់។
UNDPថា ទីស្ថានសាសនា ដូចជាវត្តអារាមអាចផ្តល់ដំណោះស្រាយដល់ប្រជាជនដែលមានវ័យចំណាស់នៅក្នុងប្រទេសកម្ពុជា ដោយសារមនុស្សកាន់មានវ័យចាស់ កាន់តែមានទម្លាប់ទៅវត្តអារាម។ ដូច្នេះ វត្តអារាមមានតួនាទីយ៉ាងរស់រវើក និងស្ថាបនាក្នុងរចនាសម្ព័ន្ធសង្គម-វប្បធម៌របស់ប្រទេស។
កម្មវិធីដែលមានការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី កូរ៉េ លុចសំបួរ និងសហការជាមួយ HelpAge Cambodia និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំប្រទេសកម្ពុជា (UNDP Cambodia) កំពុងសាកល្បងគម្រោងគោលនយោបាយមនុស្សចាស់ ដើម្បីស្វែងយល់ពីលទ្ធភាពនៃការបង្កើតសហគមន៍ ប្រព័ន្ធការពារសង្គមដែលមានមូលដ្ឋានដោយភ្ជាប់ទីស្ថានសាសនាជាមួយសមាគមមនុស្សចាស់។
យោងតាម UNDP បញ្ជាក់ថា គម្រោងនេះត្រូវបានអនុវត្តក្នុងខេត្តចំនួន ៧ គឺខេត្តកំពង់ធំ ត្បូងឃ្មុំ ស្វាយរៀង បាត់ដំបង ព្រះវិហារ សៀមរាប និងបន្ទាយមានជ័យ ក្នុងគោលបំណងកសាងហេដ្ឋារចនាសម្ព័ន្ធ និងធនធានសាសនាដែលមានស្រាប់។
នៅក្នុងប្រទេសកម្ពុជា មានវត្តព្រះពុទ្ធសាសនាជាង ៥ពាន់វត្ត និងមានព្រះសង្ឃជាង ៧ ម៉ឺនអង្គ។ វត្តអារាម ជាហេដ្ឋារចនាសម្ព័ន្ធដែលមានច្រើន និងមានតម្លៃក្នុងព្រះពុទ្ធសាសនា គឺអាចឱ្យមនុស្សចាស់រួមគ្នាដើម្បីបង្កើតសហគមន៍ដោយសាមគ្គីភាពបាន។ នេះបើតាមការស្រាវជ្រាវរបស់UNDPដែលចេញកាលពីខែសីហា ឆ្នាំ២០២៣។
UNDP អះអាងថា តម្រូវការរបស់មនុស្សចាស់ជារឿយៗត្រូវបានគេមើលរំលង និងត្រូវបានបង្ហាញតិចតួចនៅក្នុងសុន្ទរកថាគោលនយោបាយសាធារណៈ។ យ៉ាងណារាជរដ្ឋាភិបាល បានចេញគោលនយោបាយ មិនទុកនរណាម្នាក់ចោលនោះទេ។ UNDPថា វាជាការសំខាន់ ដែលត្រូវចងចាំ ដោយគួររួមបញ្ចូលទាំងមនុស្សចាស់ផងដែរ ក្នុងរឿងដែលមិនទុកនរណាម្នាក់ចោលនេះ និងត្រូវមានដោះស្រាយជាបន្ទាន់។
UNDP ថាការភ្ជាប់សហគមន៍មនុស្សចាស់ជាមួយនឹងវត្តអារាម អាចផ្តល់នូវវិធីថ្មីមួយដើម្បីកសាងភាពជាកម្មសិទ្ធិ សាមគ្គីភាពក្នុងសហគមន៍ និងកសាងឡើងវិញនូវសង្គមដែលបែកបាក់។ ទន្ទឹមនឹងនោះក៏ផ្តល់សិទ្ធិអំណាចដល់មនុស្សចាស់ ដើម្បីរួមចំណែកដល់ជីវិតដែលមានសុខភាពល្អ និងមានន័យ។
យ៉ាងណា លោក ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីពេលកន្លងទៅគឺនៅក្នុងទិវាមនុស្សចាស់នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសង្គមកិច្ច ជាគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងជាសេនាធិការផងកំពុងបន្ដពង្រឹង និងពង្រីកសមាគមមនុស្សចាស់នៅតាម ឃុំ សង្កាត់។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា បញ្ហាប្រឈមរបស់មនុស្សចាស់នៅក្នុងប្រទេសកម្ពុជា គឺអ្នកដែលរស់នៅតំបន់ជនបទ ដាច់ស្រយាល មានជីវភាពក្រលំបាក ហើយទទួលការថែទាំមានកម្រិត។ លោកបន្ដថា បើមនុស្សចាស់ដែលជាស្ដ្រីទៀត គឺមានបន្ទុកជួយគ្រួសារមើលថែទាំចៅៗ ដោយសារឪពុកម្ដាយធ្វើចំណាកស្រុកទៅរកការងារធ្វើ ឬដោយសារការលែងលះគ្នា ឬឪពុកម្ដាយស្លាប់ចោល និងដោយប្រការផ្សេងៗ។
បើតាមការអះអាងរបស់លោក ជា សុមេធី រាជរដ្ឋាភិបាលបានជំរុញកម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសហគមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារ និងបានរៀបចំ ព្រមទាំងដំណើរការផ្តល់សេវាជូនជនចាស់ជរា ដែលធ្វើការរបណ្ដុះបណ្ដាលភ្នាក់ងារផ្ដល់សេវាថែទាំដល់ជនចាស់ជរាផងដែរ។
គិតត្រឹមឆ្នាំ២០២៣ ក្រសួងសង្គមកិច្ច បានបង្កើតសមាគមមនុស្សចាស់បានចំនួន ១ ៦៤៦ ឃុំ-សង្កាត់ ដែលគ្របដណ្ដប់ទូទាំងប្រទេស ហើយថ្មីៗនេះក្រសួងបានសហការជាមួយអង្គការមនុស្សចាស់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) បានបង្កើតសមាគមមនុស្សចាស់គំរូថ្មី នៅរាជធានី-ខេត្ដចំនួន៩ រួមមាន៖ រាជធានីភ្នំពេញ ខេត្ដព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងខេត្ដបាត់ដំបង។
របាយការណ៍ពីរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច នៅត្រឹមឆ្នាំ២០១៩ ចំនួនប្រជាជនវ័យចាស់មានចំនួនប្រមាណជាង ១លាន ៣សែននាក់ ស្មើនឹង ៨,៩% នៃចំនួនប្រជាជនសរុបជាង ១៥លាននាក់៕