en     km
en     km

ក្រសួងសេដ្ឋកិច្ចអនុវត្តប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការប្រចាំថ្ងៃដោយស្វ័យប្រវត្តិ

Share

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកាសស្តីពីការដាក់ឱ្យដំណើរការ “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ” នៅតាមបណ្តាអង្គភាពក្រោមឱវាទ និងស្រង់វត្តមានប្រចាំថ្ងៃស្វ័យប្រវត្តិទាំងស្រុងជំនួសឱ្យការចុះហត្ថលេខាដោយដៃ។ ការអនុវត្តនេះមានគោលបំណងពង្រឹងការត្រួតពិនិត្យតាមដានវាយតម្លៃការងាររបស់មន្ត្រីរាជការ ឱ្យកាន់តែមានសមភាព គណនេយ្យភាព ស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន ជាពិសេសពង្រឹងវិន័យក្នុងការអនុវត្តការងារក្នុងស្ថាប័ន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ក្រសួងបានបន្តឱ្យដឹងថា ប្រព័ន្ធនេះនឹងធ្វើការគណនាដោយស្វ័យប្រវត្តិនូវរយៈពេលបំពេញការងារប្រចាំថ្ងៃតាមរយៈម៉ោងចូលនិងម៉ោងចេញជាក់ស្តែង តាមរយៈទិន្នន័យទាញចេញពីទ្វារសុវត្ថិភាព និងទិន្នន័យស្តែន“Attendance QR” ហើយបង្កើតជាសម្រង់វត្តមានប្រចាំថ្ងៃ ប្រើប្រាស់ជំនួសឱ្យការចុះហត្ថលេខាដោយដៃ។

ជាមួយគ្នានេះ នាយកដ្ឋានបុគ្គលិកនៃអគ្គលេខាធិការដ្ឋានក្រសួង មានភារកិច្ចតាមដាន និងសម្របសម្រួលផ្ទៀងផ្ទាត់លើការស្រង់វត្តមានឱ្យកាន់តែមានសុក្រឹតភាព និងប្រព្រឹត្តទៅដោយរលូន ដោយក្នុងករណីពិនិត្យឃើញមន្ត្រី នៅអង្គភាពណាមួយមិនបានបំពេញកាតព្វកិច្ចការងារពេញលេញ ត្រូវបន្តនីតិវិធីត្រួតពិនិត្យ និងរៀបចំការអនុវត្តទណ្ឌកម្មវិន័យ តាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន៕

Share

Image
Image
Image