en     km
en     km

បាក់ឌុប២០២៣៖ មណ្ឌលប្រឡងវិទ្យាសាស្រ្ដសង្គមនៅតែច្រើនជាងមណ្ឌលវិទ្យាសាស្ដ្រ

Share

ក្រសួងអប់រំនៅឆ្នាំ ២០២៣នេះ បានរៀបចំមណ្ឌលប្រឡងសញ្ញាប័ត្របាក់ឌុប ដោយកំណត់យក ២២៧ មណ្ឌល ដែលចំនួននេះកើនឡើងជាងកាលឆ្នាំ២០២២ ចំនួន៧មណ្ឌល។ ផ្អែកតាមក្រសួងអប់រំ មណ្ឌលវិទ្យាសាស្រ្ដសង្គម នៅតែមានចំនួនច្រើនជាងមណ្ឌលវិទ្យាសាស្ដ្រ។ លោក ឡាក់ ច័ន្ទតារា ជូននូវចេក្ដីរាយការណ៍៖

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការកំណត់មណ្ឌលប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ថា មានមណ្ឌលប្រឡងសរុបចំនួន២២៧ មណ្ឌល។ ក្នុងនោះមានថ្នាក់វិទ្យាសាស្ដ្រសង្គមដល់ទៅ១៥៥ មណ្ឌល គិតជាចំនួនបន្ទប់ស្មើនិង ៣៩២៣បន្ទប់ ចំណែកថ្នាក់វិទ្យាសាស្ដ្រមានត្រឹម ៧២មណ្ឌលប៉ុណ្ណោះ បើគិតជាចំនួនបន្ទប់ស្មើនឹង១៦៩២បន្ទប់។
ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកាលកំណត់សម្រាប់ប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងរៀបចំឱ្យគ្រប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមានភារកិច្ចរៀបចំមណ្ឌលប្រឡង និងសម្ភារៈចាំបាច់សម្រាប់ការប្រព្រឹត្តិទៅនៃការប្រឡងឱ្យបានរួចរាល់មុនបើកសម័យប្រឡង។


ផ្អែកតាមក្រសួងនៅភ្នំពេញមានមណ្ឌលប្រឡងសរុបទាំងថ្នាក់សង្គម និងថ្នាក់វិទ្យាសាស្ដ្រ ចំនួន៣១ មណ្ឌល ខេត្តកណ្ដាលមាន ១៧មណ្ឌល។ ជាមួយគ្នា ខេត្តបន្ទាយមានជ័យ ៨មណ្ឌលប្រឡង ខេត្តបាត់ដំបង មាន១៤មណ្ឌល ខេត្តកំពង់ចាម១៤មណ្ឌល ខេត្តកំពង់ឆ្នាំ មាន៨មណ្ឌល ខេត្តកំពង់ស្ពឺមាន ១១ មណ្ឌល និងខេត្តកំពង់ធំមាន ១៣មណ្ឌល។
ចំណែកខេត្តកំពតមាន ១១ មណ្ឌល ខេត្តកោះកុង មាន៣មណ្ឌល ខេត្តក្រចេះមាន ៤មណ្ឌល ខេត្តមណ្ឌលគិរីមាន ២មណ្ឌល ខេត្តព្រះវិហារមាន៤មណ្ឌល ខេត្តព្រៃវែងមាន១៥មណ្ឌល ខេត្តពោធី៍សាត់ មាន៦មណ្ឌល ខេត្តរតនគិរីមាន៣មណ្ឌល ខេត្តសៀមរាបមាន១៦មណ្ឌល ខេត្តព្រះសីហនុមាន៦មណ្ឌល ខេត្តស្ទឹងត្រែងមាន២មណ្ឌល ខេត្តស្វាយរៀងមាន៧មណ្ឌល និងខេត្តតាកែវមាន១៧ មណ្ឌល។ ក្រៅពីនេះខេត្តកែបមាន និងខេត្តប៉ៃលិនមាន២មណ្ឌល ខេត្តឧត្តរមានជ័យមាន៣មណ្ឌល និងខេត្តត្បូងឃ្មុំមាន ៩មណ្ឌល។


សូមជម្រាបថា យន្តការប្រឡងបាក់ឌុបសម្រាប់ឆ្នាំ ២០២៣ គឺដូចយន្តការប្រឡងបាក់ឌុបឆ្នាំកន្លងមក ដោយសិស្សត្រូវអនុវត្ត ៦ ចំណុច ដើម្បីទទួលបានសិទ្ធិក្នុងប្រឡង។ សិស្សថ្នាក់ទី ១២ ដែលអាចដាក់ពាក្យសុំចុះឈ្មោះប្រឡងបាក់ឌុប ត្រូវបំពេញលក្ខខណ្ឌចំនួន ០៦ ដូចជា៖ ទី១ បានប្រឡងឌីប្លូមជាប់។ ទី២ បានរៀនគ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សាទុតិយភូមិ។ ទី៣ បានរៀនចប់កម្មវិធីសិស្សថ្នាក់ទី ១២។ ទី៤ បានគោរពត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សា។ ទី៥ ត្រូវបានវាយតម្លៃផ្នែកសីលធម៌ប្រចាំឆ្នាំចាប់ពីមធ្យមឡើងទៅ និងទី៦ចុងក្រោយ មានមធ្យមភាគពិន្ទុប្រចាំឆ្នាំចាប់ពី ២៥.០០ ឡើងទៅ។ នេះបើតាមការលើកឡើងពី លោក រស់ សុវាចា អតីតអ្នកនាំពាក្យក្រសួងអប់រំលើកឡើងកាលពីខែមេសា ឆ្នាំ២០២៣។
យ៉ាងណាចំនួនសិស្សដែលត្រូវប្រឡងនៅឆ្នាំ២០២៣នេះ ក្រសួងមិនទាន់បញ្ចេញរបាយការណ៍នៅឡើយទេ។ តែចំនួនមណ្ឌលប្រឡងនៅឆ្នាំ២០២៣នេះមាន ២២៧មណ្ឌល មានការកើនឡើង៧មណ្ឌល បើធៀបកាលពីបាក់ឌុបឆ្នាំ២០២២ មានតែ២២០ មណ្ឌល៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង