en     km
en     km

អតីតសិស្សនិទ្ទេស A ២រូប ចែករំលែកគន្លឹះខ្លះៗឈានទៅទទួលបានលទ្ធផលល្អខណៈការប្រឡងបាក់ឌុបជិតមកដល់

Share

បាំងប្រមាណជាងមួយខែទៀតតែប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងមកដល់។ នេះក៏ជាពេលវេលាដែលសិស្សត្រូវបញ្ចេញសមត្ថភាពរបស់ខ្លួន ដើម្បីទទួលបានលទ្ធផលល្អ។ ជាមួយគ្នានេះដែរ សិក្ខាកាមWMC បានឆ្លៀតសម្ភាសអតីតសិស្សនិទ្ទេស A ចំនួនពីររូបនិងគ្រូបង្រៀនផងដែរ ដើម្បីឱ្យពួកគេចែករំលែកបទពិសោធល្អៗក្នុងការប្រឡងទទួលបាននិទ្ទេសល្អក្នុងឆ្នាំសិក្សានេះ។

លោក ម៉ម រិទ្ធី ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០២០-២០២១ ហើយបច្ចុប្បន្នជានិស្សិតរៀនជំនាញក្សេតសាស្ត្រ នៅសាកលវិទ្យាល័យ UI បានបង្ហាញពីគន្លឹះ ៧ចំណុច ដើម្បីប្រឡងទទួល​​បានលទ្ធផលល្អ។ ជាដំបូង ម៉ម រិទ្ធី និយាយថា គួរតាំងចិត្តកំណត់គោលដៅឱ្យច្បាស់ថាត្រូវប្រឡងយកនិទ្ទេស A ឱ្យបាន។ សម្រាប់អតីតសិស្សនិទ្ទេស A រូបនេះ ការតាំងចិត្តខ្ពស់នឹងជំរុញឱ្យមានការប្រឹងប្រែងកាន់តែខ្លាំងមិនថាតែការរៀនសូត្រនោះទេ ក្នុងការងារប្រចាំថ្ងៃ ឬការរកស៊ីក៏ត្រូវតាំងចិត្តខ្ពស់ដើម្បីទទួលបានជោគជ័យកាន់តែប្រសើរដែរ។ គន្លឹះទី២នោះ គឺការបែងចែកកាលវិភាគសិក្សាសម្រាប់រៀនបន្ថែមនៅពេលយប់។ ម៉ម រិទ្ធី ថាសិស្សដែលត្រៀមប្រឡងត្រូវរៀបចំឱ្យ​សមាមាត្រ​គ្នារវាង​មុខវិជ្ជានីមួយៗ បើខ្សោយគីមីវិទ្យា តែពូកែរូបវិទ្យា គឺត្រូវតែរៀបចំយ៉ាងណាឱ្យមុខវិជ្ជាគីមី​បានអនុវត្តន៍ច្រើនជាងមុខវិជ្ជារូប។ ប៉ុន្តែ ម៉ម រិទ្ធី ណែនាំថាត្រូវតែអនុវត្តន៍ឱ្យបាន ហាមទុកចោល ហាមចាំ​ស្អែកជាដាច់ខាត។ រីឯចំណុចទី៣ គឺត្រូវរកដៃគូរធ្វើលំហាត់ជាមួយគ្នា។ មានន័យថា ពេលរៀនត្រូវរកលំហាត់ទុក លុះពេលយប់ត្រូវរៀន​ធ្វើ ហើយបើឆ្ងល់ត្រូវសួរគ្នាទៅវិញទៅមក។

ចំណែកឯចំណុចទី៤ ត្រូវមានពេលវេលាសម្រាកនិងពេលវេលាធ្វើលំហាត់។ ម៉ម រិទ្ធី លើកជាមតិផ្ទាល់ខ្លួនថា៖«យប់ឡើងខ្ញុំធ្វើលំហាត់ទាំងអស់(ម៉ោង៨ដល់១០យប់) ឯម៉ោងមើលមេរៀន គឺពីម៉ោង៥:៣០ដល់៦ព្រឹក។»

លោក ម៉ម រិទ្ធី ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០២០-២០២១ ហើយបច្ចុប្បន្នជានិស្សិតរៀនជំនាញក្សេតសាស្ត្រ នៅសាកលវិទ្យាល័យ UI។រូបភាពពីសាត ឌិច។

ចំណុចទី៥វិញ ម៉ម រិទ្ធី និយាយថា ការរៀនជាទូទៅ ប្អូនចូលចិត្តឱ្យគ្រូដាក់លំហាត់ឱ្យ ហើយលោកធ្វើឱ្យបានមុន មានន័យថា ពេល​ទៅរៀនគួ មិន​មែនជាពេលទៅចម្លងចម្លើយពីគ្រូចូលសៀវភៅទេ គឺទៅធ្វើលំហាត់។ ហើយចំណុចទី៦ គឺព្យាយាមចាំរូបមន្ត ចាំគន្លឹះតិចៗ និងអនុវត្តន៍លំហាត់ឱ្យបានច្រើន។ រីឯចំណុចទី៧ ចុងក្រោយហ្វឹកហាត់ធ្វើលំហាត់បាក់ឌុបឆ្នាំទៅឱ្យបានចេះស្ទាត់ យ៉ាងហោចណាស់អាចធ្វើបាន៩០%។

ចំណែក សួន ហមុនៀ ដែលជាអតីតសិស្សនិទ្ទេស A ក៏បានបង្ហាញពីគន្លឹះ៥ចំណុចដែរ ដើម្បីឈានទៅទទួល​បានលទ្ធផលល្អ។ សម្រាប់ សួន ហមុនៀ ​សិស្សម្នាក់ៗត្រូវស្វែងរកចំណុចខ្សោយនិងចំណុចខ្លាំងរបស់ខ្លួនឯង។មួយទៀត ត្រូវមានឆន្ទៈនិង​មហិច្ឆតាថាចង់បាននិទ្ទេសល្អ​។ រីឯការបង្កើតទម្លាប់ល្អៗ ដោយឧស្សាហ៍ធ្វើ​លំហាត់​និងមើលមេរៀន​ ក៏ដូចជាសំណួរ​ដើម្បីត្រៀមប្រឡងក៏ជាគន្លឹះមួយផងដែលក្នុងការទទួលបាននិទ្ទេសល្អ។ ជាមួយគ្នានេះ សិស្សម្នាក់ៗត្រូវធ្វើតេស្តលើខ្លួនឯងទាក់ទងនឹងសំណួរចម្លើយ ក៏ដូចជាលំហាត់ផងដែរ  ដើម្បីឱ្យដឹងថាយើងចេះពិតប្រាកដ។ ចំពោះសុខភាព​ វិញសួន ហមុនៀ ​ណែនាំថា ត្រូវចៀសវាងមានបញ្ហានៅពេលប្រឡង ដូច្នេះត្រូវគេងឱ្យបានគ្រប់គ្រាន់និង​ហូបអាហារល្អៗដើម្បីជំនួសរាងកាយនិងខួរក្បាល។ហើយចុងបញ្ចប់ ការតាំងចិត្តឱ្យស្ងប់និងភាពជឿជាក់ត្រូវតែមាន នោះមានន័យថា មុនពេលប្រឡងត្រូវ​ធ្វើចិត្តឱ្យស្ងប់ ដោយសមាធិ ៥ នាទី​និង​រំឭកមេរៀនដែលយើងបានចេះចាំ។ សួន ហមុនៀ និយាយថាយើងត្រូវជឿជាក់លើខ្លួនថា យើងបានត្រៀមខ្លួនរួចជាស្រេចជាមួយការប្រឡងនេះ ដើម្បីកុំឱ្យភ័យខ្លាច ឬជ្រួលច្របល់។

សួន ហមុនៀ ដែលជាអតីតសិស្សនិទ្ទេស A បានទទួលរង្វាន់ពីអភិបាលខេត្តកែបពេលប្រឡងបាននិទ្ទេសល្អ។រូបភាពពីសាត ឌិច។

ស្របគ្នានេះដែរ យុវសិស្ស សោម ស្រីនិច្ច ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ដែលនឹងប្រឡងបាក់ឌុបឆ្នាំនេះបានបង្ហាញពីគន្លឹះនៃការសិក្សានិងការតាំងចិត្តរបស់កញ្ញាថា កញ្ញាចាប់ផ្តើមហ្វឹកហាត់តាំងពីដើមឆ្នាំមកម្ល៉េះ ដោយស្វ័យសិក្សានៅពេលយប់(ធ្វើលំហាត់និងមើលមេរៀន​) និងរៀនតាមអនឡាញបន្ថែម​​។ កញ្ញាថា បន្ទាប់ពីប្រឡងឆមាសទី ២ រួច កញ្ញាក៏ឈប់រៀនតាមអនឡាញ ហើយ​ងាកមកធ្វើវិញ្ញាសាចាស់ៗនិងវិញ្ញាសាផ្សេងៗ និងផ្តោតទៅលើមុខវិជ្ជាគោលទាំង ៧ មុខដែលត្រូវ​ប្រឡង​។ ដោយឡែកនៅថ្ងៃអាទិត្យ កញ្ញាផ្ដោតទៅលើការមើលមេរៀនប្រវត្តិនិងជីវវិទ្យា។ ចំណែកមុខវិជ្ជាអក្សរសាស្រ្តខ្មែរ កញ្ញាពុំសូវបានហាត់ធ្វើវិញ្ញាសាឆ្នាំចាស់ៗឡើងវិញទេ គ្រាន់តែអានវិញ្ញាសាឡើងវិញនិងអាន​អត្ថបទរឿងផ្សេង​ៗប៉ុណ្ណោះ។

កញ្ញាថា មុខវិជ្ជានេះទាមទារឱ្យសិស្សម្នាក់ៗស្វែងយល់ពីអក្សរសិល្ប៍​ ដឹងពីប្រវត្តិសាស្ត្រ និងតថភាពផ្សេងៗដែលកើតមាននៅក្នុងសង្គម។ សម្រាប់កញ្ញា ការធ្វើបែបនេះ នោះនឹងមានគំនិតច្រើនក្នុងការសរសេរ​តែងសេចក្តី។ កញ្ញាបញ្ជាក់ថា ទោះបីកញ្ញារៀនដោយខ្លួនឯងក៏ដោយ ប៉ុន្តែរាល់ពេលមានចម្ងល់ កញ្ញាតែងឆាត​សួរគ្រូដោយផ្ទាល់តែម្តង ព្រោះសម័យនេះងាយស្រួលទំនាក់ទំនង។

សិស្សថ្នាកទី១២ ដែលកំពុងត្រៀមខ្លួនប្រឡងបាក់ឌុបនាពេលខាងមុខនេះ។រូបភាពពីសាត ឌិច។

ទាក់ទិននឹងការប្រឡងខាងមុខនេះ កញ្ញារំពឹងថា ខ្លួននឹងទទួលបាននិទ្ទេស A ប៉ុន្តែបើលទ្ធផលយ៉ាងណា ក៏កញ្ញារីករាយនឹងសមត្ថភាពខ្លួនឯងដែរ​។ កញ្ញាបានបង្ហាញគោលជំហរថា ចង់រៀនជំនាញ គីមីចំណីអាហារ នៅវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា។ ការមានបំណងដូច្នេះ ព្រោះថ្ងៃអនាគត កញ្ញាចង់ក្លាយជាអ្នកជំនាញម្នាក់ខាងផ្នែកត្រួតពិនិត្យទៅលើចំណីអាហារ ដោយសារអាហារសំខាន់ណាស់សម្រាប់សុខភាពអ្នកបរិភោគ។

ចំពោះការប្រឡងបាក់ឌុបនេះដែរ លោកគ្រូ គង់ ភារិន ដែលមានបទពិសោធបង្រៀន៣២ឆ្នាំ បានលើកឡើងថា សិស្សប្រឡងបាននិទ្ទេសល្អ មិនមែនមានតែគ្រូម្នាក់ទេ គឺមានគ្រូផ្សេងៗទៀត ពោល​គឺគ្រូគ្រប់មុខវិជ្ជា។  ជាទូទៅ គ្រូបង្រៀនត្រូវតម្រង់ទិសសិស្សពូកែជាមុនសិន ដោយបង្ហាត់និងធ្វើតេស្តសាកល្បង ដើម្បីដឹងថាសិស្សឈានដល់កម្រិតឬនៅ។ ប៉ុន្តែលោកគ្រូថា បើសិស្សមិនទាន់ដល់កម្រិតនិទ្ទេស A ទេ គ្រូៗត្រូវតម្រង់ទិសបន្ថែមទៀត ជាឧទារណ៍បើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ ត្រូវពង្រឹងតែងសេចក្តីឱ្យបានច្រើន ហើយមិនត្រូវពឹងផ្អែកតែទៅលើកម្មវិធីសិក្សារបស់ក្រសួងអប់រំឡើយ ពោលត្រូវស្រាវជ្រាវតែងសេចក្តីផ្សេងៗទៀតមក​បង្ហាត់សិស្ស។

លោកគ្រូ គង់ ភារិន ទទួលបានរង្វាន់ពីអតីតនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន។រូបភាពពីសាត ឌិច។

គ្រូចាស់វស្សារូបនេះមានប្រសាសន៍ថា បើចង់ទទួលបាននិទ្ទេសល្អ កត្តាសំខាន់គឺខ្លួនឯង ត្រូវខំតាំងពីដើមឆ្នាំលើគ្រប់មុខវិជ្ជា។ ចំណែកនាយកសាលាក៏សំខាន់ដូចគ្នា គឺត្រូវរឹតបន្តឹងការប្រឡងតាមមុខវិជ្ជានីមួយៗនិងលើកទឹកចិត្តជានិច្ច។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃប្រឡងបាក់ឌុបទូទាំងប្រទេស៕

អត្ថបទខ្លីសរសេរដោយ សាត ឌិច  សិក្ខាកាមគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)រៀបចំដោយ WMC ៕

Share

Image
Image
Image