en     km
en     km

សង្គមស៊ីវិល ២៤ ស្ថាប័នស្នើរាជរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុនឯកជនមួយ នាំឈើទៅបរទេស

Share

សង្គមស៊ីវិលប្រមាណ ២៤ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដោយស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា លុបចោលអាជ្ញាប័ណ្ណនាំឈើទៅបរទេសរបស់ក្រុមហ៊ុនឯកជនមួយឈ្មោះ អង្គរផ្លាយវូត ខូ អិលធីឌី ក្រោយរកឃើញមានការនាំចេញឈើកម្រៗទៅប្រទេស។ ខណៈរាជរដ្ឋាភិបាលបញ្ជាក់ថា សង្គមស៊ីវិលទាំង២៤ ខ្វះមូលដ្ឋានក្នុងការបំពេញការងារ ដោយគ្រាន់តែយកតាមការចុះផ្សាយដោយសារព័ត៌មានមួយ មកស្នើដល់រាជរដ្ឋាភិបាល។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

សមាគម អង្គការមិនមែនរដ្ឋាភិបាល សហជីព សហគមន៍មូលដ្ឋាន និងក្រុមយុវជន ប្រមាណ ២៤ ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដោយស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា លុបចោលអាជ្ញាប័ណ្ណនាំឈើទៅបរទេស របស់ក្រុមហ៊ុន អង្គរផ្លាយវូត ខូ អិលធីឌី។

ក្នុងសេចក្ដីថ្លែងការណ៍រួមចេញថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សង្គមស៊ីវិលទាំងនោះថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការស្នើសុំពន្យាពេលនាំឈើចេញរយៈពេល៥ឆ្នាំបន្ថែមទៀត របស់ក្រុមហ៊ុនឯកជនមួយនេះ ដោយគិតចាប់ពីឆ្នាំ២០២២-២០២៦។ សេចក្ដីថ្លែងការណ៍ដដែលបានលើកយកការចុះផ្សាយដោយសារព័ត៌មានវិទ្យុអាស៊ីសេរី ចេញកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ដែរ ក្រោមចំណងជើងថា ក្រុមហ៊ុនអង្គរផ្លាយវូតនៅតែបន្ដនាំចេញឈើកម្រទៅលក់នៅក្រៅប្រទេស។

ក្នុងរឿងនេះរាជរដ្ឋាភិបាលអនុញ្ញាឱ្យក្រុមហ៊ុនអង្គរផ្លាយវូត ទទួលបានការពន្យាពេលនាំចេញផលិតផលឈើកែច្នៃចំនួនជាង១០ម៉ឺនម៉ែត្រគូប (១០៣ ៧៦៣,១៥ ម៉ែត្រគូប) ដែលនៅសល់ពីការអនុញ្ញាកាលពីឆ្នាំ២០១៦ ឱ្យបន្ដរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្ដីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីលេខ ៧៣៩ ស.ជ.ណ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ តាមសេចក្ដីសម្រេចមួយទៀត របស់ទីស្ដីការគណៈរដ្ឋមន្ដ្រីដដែល ចុះលេខ ១២២០ ស.ជ.ណ ចេញកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជននេះ នាំចេញតែប្រភេទឈើកែច្នៃ ដូចជា ក្ដារបន្ទះ ក្ដាកម្រាលការ៉ូ និងផលិតផលកែច្នៃពីឈើកិនប៉ុណ្ណោះ។

រូបតំណាង

យ៉ាងណាសង្គមស៊ីវិលទាំង២៤ស្ថាប័នថា យោងតាមបញ្ជីមុខទំនិញនាំចេញឈើរបស់ក្រុមហ៊ុន ដែលចុះផ្សាយកាលពីថ្ងៃ១៦ មីនា ឆ្នាំ២០២៣ ក្រុមហ៊ុននេះបាននាំចេញឈើកម្រជាច្រើនប្រភេទទៅវិញ ដូចជាស្រឡៅ កកោះ សុក្រមជាដើម ទៅកាន់ប្រទេសវៀតណាម។

ផ្អែកតាមទិន្នន័យនេះ និងផ្អែកតាមអង្គការជាតិ អន្ដរជាតិ និងសហគមន៍មូលដ្ឋាន សង្គមស៊ីវិលថា រកឃើញជាបន្ដបន្ទាប់ពីការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារធម្មជាតិ និងតំបន់អភិរក្ស។  សង្គមស៊ីវិលបានស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជាលុបចោលអាជ្ញាប័ណ្ណអនុញ្ញាតឱ្យក្រុមហ៊ុនអង្គរផ្លាយវូត នាំចេញឈើតទៅទៀត ព្រមទាំងស្នើឱ្យធ្វើការស៊ើបអង្កេត អំពីការនាំចេញប្រភេទឈើកម្រដែលផ្ទុយពីច្បាប់កម្ពុជាទៅបរទេសផងដែរ។

ឆ្លើយតបក្នុងរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងថា ការបាញ់មុខព្រួយមករាជរដ្ឋាភិបាលឱ្យលុបចោលអាជ្ញាបណ្ណក្រុមហ៊ុននាំឈើចេញ ដោយគ្រានតែផ្អែកតាមការចុះផ្សាយដោយសារព័ត៌មានមួយ គឺពិតជាខ្វះមូលដ្ឋានក្នុងការបំពេញការងារ។ លោកបន្ដថា ក្នុងនាមរាជរដ្ឋាភិបាលដឹកនាំប្រទេសមិនផ្អែកតាមការលឺបែបនេះបែបនោះទេ គឺបំពេញការងារដោយការទទួលខុសត្រូវ។

ចំណែកករណីស្នើឱ្យមានការស៊ើបអង្កេតលើក្រុមហ៊ុននាំចេញឈើកម្រៗទៅកាន់បរទេសនោះ លោកប៉ែន បូណា បញ្ជាក់ថា ការទាមទារនេះ ជាសិទ្ធរបស់ក្រុមសង្គមស៊ីវិល តែរាជរដ្ឋាភិបាលបំពេញការងារមានហេតុមានផលដូចគ្នា និងផ្អែមតាមច្បាប់ និងបទដ្ឋានគតិយុត្តិជាធរមាន មិនចេះតែនឹកឃើញទេ៕

Share

Image
Image
Image