en     km
en     km

UNICEF អូស្ត្រាលីបង្ហាញទស្សនៈរបស់យុវតីពីររូបក្នុងភាពជាអ្នកដឹកនាំ

Share

ភ្នំពេញ៖ យោងតាមគេហទំព័រ UNICEF អូស្ត្រាលីក្នុងឱកាសទិវាក្មេងស្រីអន្តរជាតិដែលប្រារព្ធធ្វើឡើងដើម្បី ពង្រឹងសក្តានុពលក្មេងស្រី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានបង្ហាញនូវទស្សនៈរបស់យុវតីទាំងពីររូប ក្នុងនោះមានយុវតីឈ្មោះស្រីពៅ ហៅទេពី និងយុវតីម្នាក់ទៀតឈ្មោះ ម៉េងហ័ង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងជំរុញនិងលើកទឹកចិត្តដល់ក្មេងស្រីគ្រប់តំបន់។

កញ្ញា ទេពី ជាអ្នកផ្តួចផ្តើមគំនិតនៃគម្រោង Girl’s Kick ដែលផ្តល់វគ្គបង្វឹកដល់ក្មេងស្រីវ័យក្មេង និងផ្សព្វផ្សាយអត្ថប្រយោជន៍នៃបាល់ទាត់តាមរយៈយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគម្រោងនេះជាកម្មវិធីមួយក្នុងចំណោមកម្មវិធី Generation Future របស់ UNICEF។

រីឯកញ្ញា ម៉េង ហ័ង ជាអ្នកបង្កើតគ្រោង Ladies in Tech ដើម្បីបំផុសគំនិតក្មេងស្រីឱ្យស្វែងយល់ពីវិស័យបច្ចេកវិទ្យា ដែលមានដូចជា បង្កើតសិក្ខាសាលា ការប្រកួតប្រជែង និងកម្មវិធីជជែកដែលអញ្ជើញស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យាដើម្បីចែករំលែករឿងរ៉ាវនិងលើកទឹកចិត្តដល់ក្មេងស្រី ហើយជាផ្នែកមួយនៃកម្មវិធី Generation Future របស់ UNICEF ផងដែរ។

ចំពោះមូលហេតុដែលកញ្ញា ទេពី បង្កើតគម្រោង Girl’s Kick នេះដើម្បីបង្ហាញថា កីឡាបាល់ទាត់គឺសម្រាប់មនុស្សគ្រប់គ្នា និងលើកទឹកចិត្តម្តាយឪពុកឱ្យកូនស្រីលេងបាល់បានដូចបុរស ដោយកញ្ញាបានឃើញថា ម្តាយឪពុកភាគច្រើនគិតថាបាល់ទាត់គឺសម្រាប់តែក្មេងប្រុសប៉ុណ្ណោះ។ ដោយចង់ជម្នះបញ្ហានេះ កញ្ញាបង្ហាញអត្ថប្រយោជន៍របស់កីឡាសម្រាប់កុមារគ្រប់រូប រួមទាំងក្មេងស្រីផងដែរ ព្រោះកីឡាអាចបង្កើតមិត្តភក្តិថ្មី និងល្អសម្រាប់សុខភាពរបស់ពួកគេថែមទៀតផង។

កញ្ញា ទេពី ជាអ្នកផ្តួចផ្តើមគំនិតនៃគម្រោង Girl’s Kick

ចំណែកឯកញ្ញា ម៉េងហ័ង ក៏បានបង្ហាញនូវមូលហេតុដែលបង្កើតគម្រោង Ladies in Tech របស់ខ្លួនថា ក្មេងស្រីជាពិសេសនៅតាមជនបទ មិនទាន់ទទួលបានឱកាសដូចជាការអប់រំផ្នែកបច្ចេកវិទ្យា និងវិស័យ STEM បានគ្រប់គ្រាប់នៅឡើយ ជាពិសេសវិសមភាពយេនឌ័រក្នុងវិស័យបច្ចេកវិទ្យានេះ ព្រោះមនុស្សភាគច្រើនគិតថាបច្ចេកវិទ្យាគឺសម្រាប់តែក្មេងប្រុសប៉ុណ្ណោះ។

កញ្ញា ម៉េង ហ័ង ជាអ្នកបង្កើតគ្រោង Ladies in Tech

ទន្ទឹមនឹងការបង្ហាញពីមូលហេតុដែលបង្កើតគម្រោងនីមួយៗឡើង យុវតីទាំងពីររូបនេះក៏មានបំណងជំរុញឱ្យមានការលើកកម្ពស់សមភាពយេនឌ័រសង្គមផងដែរ។ ចំពោះកញ្ញា ទេពី បានបង្ហាញនូវទស្សនៈរបស់ខ្លួនថា ទៅថ្ងៃអនាគតក្មេងស្រីមានឱកាសដូចនឹងក្មេងប្រុស និងក្លាហ៊ានធ្វើអ្វីដែលខ្លួនស្រលាញ់និងយល់ថាត្រឹមត្រូវសម្រាប់ខ្លួនឯង។
ដោយឡែកយុវតីម៉េង ហ័ង បានលើកឡើងថា ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងសង្គមជាដំបូង កញ្ញាសង្ឃឹមថា ក្មេងស្រីមានឱកាសកាន់តែច្រើនក្នុងការស្វែងយល់ពីវិស័យបច្ចេកវិទ្យា ជាពិសេសក្មេងស្រីដែលនៅតាមជនបទ។ បន្ថែមពីនេះ កញ្ញាមានបំណងឱ្យសហគមន៍មានការគាំទ្រ ជាពិសេសម្តាយឪពុកត្រូវលើកទឹកចិត្តកូនស្រីឱ្យដើរតាមក្តីស្រមៃរបស់ខ្លួន ជាពិសេសក្នុងវិស័យបច្ចេកវិទ្យានេះ និងជាចុងក្រោយកញ្ញាចង់ឃើញឱ្យមានការផ្លាស់ប្តូរពីក្មេងស្រីខ្លួនឯងផ្ទាល់ដោយកុំខ្លាចក្នុងការសាកល្បង និងបង្កើតអ្វីដែលថ្មី និងអស្ចារ្យ៕

Share

Image
Image
Image