en     km
en     km

ខេត្តព្រៃវែង៖អ្នកពាក់ព័ន្ធក្នុងករណីកុមារីម្នាក់ស្លាប់ដោយសារជំងឺផ្តាសាយបក្សីស្ថិតក្នុងការតាមដានសុខភាព

Share

ភ្នំពេញ៖ ក្រុមគ្រួសារនិងអ្នកពាក់ព័ន្ធជាមួយកុមារីអាយុ ២ឆ្នាំម្នាក់ ក្នុងខេត្តព្រៃវែងដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី កំពុងស្ថិតក្នុងការតាមដានសុខភាពរយៈពេល ១៤ថ្ងៃ ករណីមានការប្រែប្រួលនោះនឹងត្រូវព្យាបាលបន្ទន់។

 (រាយការណ៍ដោយកញ្ញា ទាវ ឧស្សា)


មន្រ្តីក្រសួងសុខាភិបាលទទួលបន្ទុកផ្តល់ព័ត៌មានពីស្ថានភាពជំងឺផ្តាសាយបក្សីប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១០ខែតុលាឆ្នាំ២០២៣នេះថា ក្រុមគ្រួសារនិងអ្នកប៉ះពាល់ផ្ទាល់ជាមួយក្មេងស្រីដែលស្លាប់ដោយសារជំងឺផ្តាសាយបក្សីនៅព្រៃវែងនេះ កំពុងតែដាក់ឱ្យនៅដាច់ដោយឡែកនៅផ្ទះរយៈពេល១៤ថ្ងៃ រង់ចាំការតាមដានសុខភាពរបស់ពួកគេ។

បន្ថែមពីនេះ លោកបញ្ជាក់ផងដែរថា ជំងឺផ្តាសាយបក្សីនេះមិនទាន់មានករណីឆ្លងពីមនុស្សទៅមនុស្សនៅឡើយទេ។
យ៉ាងណាមិញ មន្រ្តីសុខាភិបាលលើកឡើងបន្តថា ចំពោះមូលហេតុដែលជំងឺនេះនៅតែបន្តករណីស្លាប់បែបនេះ ដោយសារមន្រ្តីជំនាញពុំទាន់អាចដឹងពីប្រភពច្បាស់លាស់នៅឡើយទេ តែលោកអាចបញ្ជាក់ជាបឋមថាអាចឆ្លងពីបក្សីព្រៃមកលើបក្សីស្រុកតាមរយៈលាមក។


«ជំងឺនឹងមិនអាចដឹងពីប្រភពរបស់វាមកណាទេ វាជាជំងឺមកពីធម្មជាតិ ព្រោះបក្សីដែលផ្ទុកប្រភពនោះ គឺច្រើនតែសត្វស្លាបព្រៃច្រើនចេញពីខាងនឹងវិញដែលជាច្រកមួយផ្ទុកជំងឺនឹង ចឹងអាពេលវាឆ្លងមកពីបក្សីស្រុកយើងអត់ដឹងទេ យើងចាប់ផ្តើមដឹងពេលវាកើតនៅឯណា យើងខាងក្រសួងមន្ទីរ ខាងក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ គាត់នឹងចុះមកយកមាន់ ទា ទៅមើល ខាងលើចុះមកធ្វើតេស្តប្រជាជន គេសួរថាប្រភពចេញមកពីខាងណា ប្រភពមុននឹងទៀតយើងពិបាកដឹងប្រភពណាស់ ហើយវាជាធម្មជាតិនៃជំងឺ បាទ!»

សូមរំលឹកបន្តិចថា ករណីស្លាប់លើកុមារីអាយុ២ឆ្នាំនេះ គឺជាករណីផ្តាសាយបក្សីទី៥៩ ដែលមានមនុស្សស្លាប់រហូត៤០នាក់។ ជំងឺនេះ ចាប់ផ្តើមកើតមានលើមនុស្សចាប់តាំងពីឆ្នាំ ២០០៥មក ហើយនេះជាករណីទី៣ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។


បន្ថែមពីនេះ មន្រ្តីរបស់សុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋអំពីវិធានបង្ការជំងឺផ្តាសាយបក្សីនេះផងដែរ។
«ទីមួយគឺឱ្យប្រជាពលរដ្ឋយើងឱ្យប្រកាន់ខ្ជាប់នូវអនាម័យជាមូលដ្ឋាន ហូបស្អាត ផឹកស្អាត ក្រោយពីបន្ទោរបង់ត្រូវលាងដៃឱ្យបានញឹកញាប់ ទីពីរពេលមានសត្វឈឺឬងាប់កុំបរិភោគ ព្រោះពេលណាមានសត្វឈឺនិងសត្វងាប់ដឹងតែមានបញ្ហាហើយ ទោះមែនជាផ្តាសាយបក្សី ប៉ុន្តែវាអាចមានជំងឺផ្សេងៗទៀត ចឹងសត្វឈឺឬងាប់កុំបរិភោគ ហើយអ្នកមានជំងឺផ្លូវដង្ហើមលើតឡើងញឹកញាប់ច្រើននៅតំបន់មានសត្វច្រើនៗចឹង សុំឱ្យប្រើប្រាស់សេវាសុខាភិបាលដែលនៅជិតបំផុត នៅមណ្ឌលសុខភាពដើម្បីពិគ្រោះ ធម្មតាមណ្ឌលសុខភាពគាត់ដឹង ឃើញរោគសញ្ញាខុសពីធម្មតាគាត់នឹងរាយការណ៍បន្ត ទៅមន្ទីរសុខាភិបាល ទៅក្រសួង ស្ថាប័ន ហើយបើមានចម្ងល់អាចសួរព័ត៌មានតាម១១៥បាន។»


ចំពោះមុខបញ្ហានេះដែរ ក្រសួងសុខាភិបាលសូមអំពាវនាវដល់សាធារណជនយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។


សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មានករណីស្លាប់បាត់បង់ជីវិតលើបុរសម្នាក់វ័យ៥០ឆ្នាំម្នាក់ នៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយសារជំងឺផ្តាសាយបក្សី(H5N1)។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣៕

Share

Image
Image
Image