ភ្នំពេញ៖ អ្នកគ្រូបង្រៀនម្នាក់ បង្ហាត់មុខវិជ្ជាភាសាខ្មែរ និងសីលធម៌.ពលរដ្ឋវិជ្ជា នៅវិទ្យាល័យ ហ៊ុន សែន ឈូក ខេត្តកំពត កំពុងទទួលការគាំទ្រពីសំណាក់នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងវិទ្យាល័យខាងលើ ថាមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការបង្រៀនដ្បិតអាចឱ្យសិស្សក្នុងថ្នាក់ប្រឹងប្រែងសិក្សាដោយមិនធុញទ្រាន់ថែមទាំងឱ្យសិស្សសប្បាយរីករាយក្នុងការសិក្សាផងដែរ។
ចង់ដឹងថាអ្នកគ្រូមានវិធីសាស្រ្តាបង្រៀនបែបណាខ្លះតទៅនេះសូមបន្តជ្រាបតាមរយៈស្នាដៃរបស់លោក សាត ឌិច សិក្ខាកាមរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ដែលបានចុះទៅសម្ភាសអ្នកគ្រូដូចតទៅ៖
អ្នកគ្រូ យឹម សារិយា សព្វថ្ងៃជាគ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ និងសីលធម៌.ពលរដ្ឋវិជ្ជា កម្រិតអនុវិទ្យាល័យ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ឈូក ខេត្តកំពត។ អ្នកគ្រូត្រូវបាននាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស កោតសរសើរពីវិធីដឹកនាំសិស្សឱ្យមានភាពសកម្មក្នុងការធ្វើការងារជាក្រុមលើប្រធានបទមេរៀនដែលស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ។
អ្នកគ្រូ យឹម សារិយា ។រូបភាពពី សាត ឌិច ។
អ្នកគ្រូនិយាយថា អ្នកគ្រូប្រើទិចនិចបង្រៀនដោយបង្វែរពីការបង្រៀនបែបបង្ហាញឬសូត្រឱ្យសិស្សស្តាប់ មកជាការឱ្យសិស្សបញ្ចេញសកម្មភាពបង្ហាញឱ្យគ្រូនិងសិស្សរួមថ្នាក់បានដឹងពីសមិទ្ធផលដែលពួកគេបានស្រាវជ្រាវលើប្រធានបទនោះ។ នោះមានន័យថា អ្នកគ្រូបានឱ្យសិស្សចាប់ក្រុមហើយជ្រើសរើសប្រធានបទពាក់ព័ន្ធនឹងអត្តសញ្ញាណជាតិ សិល្បៈ វប្បធម៌ ចម្រៀង និងសាសនាជាដើម បន្ទាប់មកក្រុមនីមួយៗធ្វើសកម្មភាពស្រាវជ្រាវមុននឹងធ្វើបទបង្ហាញដោយតម្រូវឱ្យសិស្សថតជាវីដេអូពេលឡើងការពារប្រធានបទផងដែរ។
ប្រការដែលអ្នកគ្រូជ្រើសរើសយកវិធីថតវីដេអូព្រោះអ្នកគ្រូចង់ឱ្យសិស្សប្រើប្រាស់ឧបករណ៍អេឡិចត្រនិចឱ្យមានប្រសិទ្ធភាព ជៀសវាងប្រើក្នុងផ្លូវមិនល្អឬឥតប្រយោជន៍។
អ្នកគ្រូ យឹម សារិយា៖«ចង់ឱ្យសិស្សមានបំណិននិយាយ ដោយធ្វើយ៉ាងម៉េចឱ្យទាក់ទាញអ្នកស្តាប់តាមរយៈសំឡេងនិងកាយវិការ។ បច្ចេកវិទ្យាសំខាន់ណាស់បើយើងប្រើប្រាស់ឱ្យចំគោលដៅ ព្រោះសិស្សខ្លះមានទូរសព្ទដែរ បែរជាចំណាយពេលលេងតែហ្គេមនិងតាមដានរឿងឥតប្រយោជន៍លើបណ្តាញសង្គមទៅវិញ។»។
សកម្មភាពធ្វើការងារជាក្រុមរបស់សិស្សានុសិស្ស។រូបភាពពី សាត ឌិច ។
ទាក់ទិននឹងការបង្កើតស្នាដៃសិស្សវិញ អ្នកគ្រូរៀបរាប់ថា អ្នកគ្រូបានរៀបចំថ្នាក់ផ្សេងទៀតដោយបង្កើតជាក្រុម ហើយចាប់ប្រធានបទ ដើម្បីយកទៅស្រាវជ្រាវតាមក្រុមនីមួយៗ។ នៅពេលសិស្សស្រាវជ្រាវរួចហើយ អ្នកគ្រូត្រូវពិនិត្យមើលម្តងទៀតសិនមុននឹងអនុញ្ញាតឱ្យសិស្សសរសេរចូលក្នុងក្រដាស ដើម្បីដាក់តាំងពិព័រណ៍នៅក្នុងថ្នាក់។ ចំពោះក្រដាសវិញ សិស្សត្រូវរៃអង្គាសលុយគ្នាម្នាក់បន្តិចៗ ហើយសម្ភារៈខ្លះទទួលបានពីសាលាផងដែរ។
បើទោះបីជាអ្នកគ្រូយល់ថា ការបង្រៀនតាមវិធីនេះទទួលបានផលល្អ តែក៏មានប្រតិកម្មរិះគន់មិនសូវពេញចិត្តផងដែរ ដោយសារតែសិស្សខ្លះមានអារម្មណ៍ប្លែកនិងពិបាកទទួលយក។ តែយ៉ាងណា អ្នកគ្រូប្រាប់ថា ការលំបាកយល់គ្នានេះត្រូវបានកាត់បន្ថយបន្ទាប់ពីសិស្សបានចូលរួមជាញឹកញាប់។
អ្នកគ្រូ យឹម សារិយា៖«នៅឆ្នាំដំបូងៗមានសិស្សប្រតិកម្មច្រើន ដោយសិស្សខ្លះចង់បំបាក់គ្រូវិញ ប៉ុន្តែក្រោយមកក៏ល្អវិញ ព្រោះពួកគាត់ទទួលបានផលត្រឡប់មកវិញពីសកម្មភាពទាំងអស់នោះ។ សិស្សខ្លះក៏បានភ្ញាក់រឭក ហើយមកអរគុណអ្នកគ្រូទៀតផង»។
សិស្សតែងចូលបណ្ណាល័យដើម្បីស្រាវជ្រាវបន្ថែមសម្រាប់ការងារជាក្រុម។រូបភាពពី សាត ឌិច ។
អ្នកគ្រូបន្ថែមថា ការបង្កើតសកម្មភាពតាំងពិព័រណ៍ស្នាដៃសិស្សនេះ គឺសិស្សរីកចម្រើនច្រើនជាងមុន ហើយការរៀនសូត្រក៏មានសន្ទុះជាងមុនដែរលើមុខវិជ្ជារបស់អ្នកគ្រូ។ ចំពោះការយកស្នាដៃសិស្សទៅដាក់តាំង គឺសិស្សសាមគ្គីគ្នា ក្លាហាន ហើយរំភើបខ្លាំង ព្រោះមានគេមកមើលច្រើន។ ចំណែកអ្នកគ្រូវិញ ក្រោយពីការបង្កើតសកម្មភាពនេះ បានធ្វើឱ្យសិស្សកាន់តែចូលចិត្តនិងគោរពស្រឡាញ់ ហើយប្រុងប្រយ័ត្នចំពោះមុខវិជ្ជាអ្នកគ្រូទៀតផង។ អ្នកគ្រូថា ការធ្វើសកម្មភាពនេះ អ្នកគ្រូមិនចង់បានអ្វីច្រើនទេ ឱ្យតែសិស្សរីកចម្រើន គឺអ្នកគ្រូសប្បាយចិត្ត។
អ្នកគ្រូក៏បញ្ជាក់ដែរថា ការធ្វើនេះ គឺមិនឆ្ងាយពីកម្មវិធីសិក្សារបស់ក្រសួងអប់រំឡើយ គ្រាន់តែអ្នកគ្រូច្នៃប្រតិដ្ឋបន្ថែម ដោយឱ្យតែចុងម៉ោងតែងតែបញ្ជ្រាបពីវប្បធម៌ទូទៅ អត្តសញ្ញាណជាតិ និងអក្សរសិល្ប៍ ដោយនិទានរឿងជាដើម។ ចំពោះចម្រៀងជាតិឬចម្រៀងសាសនាវិញ បើសិស្សច្រៀងបានល្អ អាចនឹងថែមពិន្ទុប្រចាំខែជាដើម។
ក្នុងនោះផងដែរ អ្នកគ្រូក៏បំផុសគំនិតសិស្សឱ្យចូលចិត្តសិល្បៈកំណាព្យ ការតែងនិពន្ធ ហើយក៏បានជំរុញឱ្យសិស្សអានសៀវភៅ ដោយលៃពេលមួយម៉ោងឱ្យសិស្សចូលបណ្ណាល័យផងដែរ។ អ្នកគ្រូថា បើសិស្សរៀនសុទ្ធពេកនឹងធ្វើឱ្យសិស្សធុញ ហើយការរៀនសូត្រគ្មានប្រសិទ្ធភាពនោះទេ។ «ការបង្រៀន ត្រូវមានសិល្បៈ ទើបសិស្សចង់រៀនជាមួយ ហើយក៏ត្រូវមានវិន័យល្អផងដែរ ពោលគឺវិន័យខ្លួនឯង គ្រួសារ និងសាលា។ ចុងក្រោយ អ្នកគ្រូបានផ្តាំផ្ញើដល់សិស្សានុសិស្សថា បើចង់រៀនចេះ ទាល់តែចេះរៀន។»
អ្នកគ្រូ យឹម សារិយានិងសិស្សរួមថ្នាក់។រូបភាពពី សាត ឌិច ។
ចំពោះការបង្រៀននិងការរៀបចំតាំងពិព័រណ៍ស្នាដៃនេះផងដែរ លោក សេង សុភា នាយកវិទ្យាល័យ ហ៊ុន សែន ឈូក បានកោតសរសើរពីការខិតខំប្រឹងប្រែងរបស់អ្នកគ្រូ ហើយស្នើឱ្យលោកគ្រូ អ្នកគ្រូ ផ្សេងទៀតយកគំរូតាមនិងបង្កើតសកម្មភាពប្លែកៗឱ្យបានកាន់តែច្រើននៅក្នុងសាលា។ លោកនាយកក៏ចង់ឱ្យសាលាផ្សេងៗទៀតបង្កើតសកម្មភាពប្លែកៗដល់សិស្សផងដែរ ដើម្បីឱ្យសិស្សកាន់តែមានបំណិនជីវិតនិងភាពក្លាហាន។
លោក សេង សុភា នាយកវិទ្យាល័យ ហ៊ុន សែន ឈូក។រូបភាពពី សាត ឌិច ។
ជាមួយគ្នានេះផងដែរ យុវសិស្ស ស៊ីម សុហង្ស បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖«ខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំអត់ដែលបានធ្វើផ្ទាល់ទេ គឺធ្លាប់តែមើលគេធ្វើប៉ុណ្ណោះ។ ក្រោយពីខ្ញុំបានធ្វើស្នាដៃនេះឡើង ខ្ញុំពិតជាត្រេកអរ ហើយក៏ចង់ឱ្យមានសកម្មភាពបែបនេះកើតឡើងបន្តៗទៀត»។
យុវសិស្ស ស៊ីម សុហង្ស ឈរនៅកណ្តាល។រូបភាពពី សាត ឌិច ។
ចំណែកយុវសិស្ស លី គឹមហួយ ក៏បានបង្ហាញអារម្មណ៍ស្រដៀងគ្នាដែរថា ប្អូនរំភើបដែលអ្នកគ្រូបង្កើតសកម្មភាពនេះឡើង ព្រោះធ្វើឱ្យខ្លួនក្លាហាននិងកាន់តែស្និទ្ធស្នាលគ្នាបន្ថែមទៀតជាមួយមិត្តរួមថ្នាក់។ យុវសិស្សរូបនេះ ចង់ស្នើរៀនជាមួយអ្នកគ្រូនៅឆ្នាំក្រោយៗទៀត ដើម្បីបានចូលរួមសកម្មភាពប្លែកៗ សប្បាយៗ និងផ្តល់ចំណេះដឹងបានជាច្រើន។
លី គឹមហួយ តែងចំណាយពេលទៅបណ្ណាល័យដើម្បីស្រាវជ្រាវបន្ថែមក្រោយទទួលបានការងារពីអ្នកគ្រូ។រូបភាពពី សាត ឌិច ។
គួរបញ្ជាក់ផងដែរថា ការតាំងពិព័រណ៍ស្នាដៃនេះគ្រាន់តែជាការតាំងស្នាដៃខ្នាតតូចមួយប៉ុណ្ណោះរបស់អ្នកគ្រូ យឹម សារិយា មានបំណងដើម្បីបំផុសគំនិតនិងលើកទឹកចិត្តសិស្ស។ ចំពោះសកម្មភាពនេះអាចរាប់ទុកថា ជាគំរូល្អមួយ ដែលជួយលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ព្រោះការបង្កើតសកម្មភាពប្លែកៗដល់សិស្សនឹងជួយឱ្យសិស្សរីកចម្រើនចំណេះដឹង សាមគ្គីភាព និងភាពក្លាហាន។
អត្ថបទខ្លីសរសេរដោយ សាត ឌិច សិក្ខាកាមគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)រៀបចំដោយ WMC ៕