en     km
en     km

លោក ប៉ែន បូណាស្នើបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា ដែលបំពានលើសិទ្ធិបុគ្គលឯកជនភាព

Share

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានស្នើឱ្យអ្នកសារព័ត៌មានបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា លើទំព័រសារព័ត៌មាន ឬបណ្ដាញសង្គមទៀតទេ ព្រោះមានផលប៉ះពាល់អវិជ្ជមានយ៉ាងច្រើន និងបំពានលើសិទ្ធិបុគ្គលឯកជនភាព។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានស្នើឱ្យអ្នកសារព័ត៌មានបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា លើទំព័រសារព័ត៌មាន ឬបណ្ដាញសង្គមតទៅទៀត ព្រោះវាមានផលប៉ះពាល់អវិជ្ជមានយ៉ាងច្រើន។ មន្ដ្រីនាំពាក្យរាជរដ្ឋាភិបាលរូបនេះបញ្ជាក់ថា ក្រមសីលធម៌នេះអ្នកណាក៏ដឹងដែរពិសេសអ្នករៀនសូត្រ និងអ្នកសារព័ត៌មាន។ លោកចោទសួរថា ចុះហេតុអ្វីបានជាសារព័ត៌មានខ្លះមិនយល់ពីរឿងនេះ?

ការលើកឡើងរបស់លោកនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បន្ទាប់ពីសារព័ត៌មាន The Cambodia daily បានយកបទសម្ភាសន៍លោកជាមួយសារព័ត៌មានកម្ពុជាថ្មីកាលពីថ្ងៃទី៤ ខែតុលាទៅវាយប្រហារ។ ស្ថាប័នអន្ដរជាតិនោះបានដាក់ចំណងជើងថា “សាធារណជន ​រិះគន់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថា​ រឿង​ចោរ​ឆក់​ប្លន់​ឃាតកម្ម ​និង​ក្មេង​ទំនើង ​ជា​រឿង​កំប៉ិក​កំប៉ុក”។

ឆ្លើយតបរឿងនេះលោក ប៉ែន បូណាថា នៅស្រុកគេពិសេសប្រទេសជឿនលឿន សារព័ត៌មានមិនយករឿងចោរលួច ចោរប្លន់ម៉ូតូ រឿងក្មេងទំនើងវាយគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍ ឬឃាតកម្ម ហិង្សាមកធ្វើជារឿងសំខាន់ហើយពង្រីកដាក់លើទំព័រមុខទេ។​ លោកបញ្ជាក់ថា គេច្រើនសរសេរជារឿងខ្លីៗដាក់នៅទំព័រខាងក្នុងតែប៉ុណ្ណោះ និងមិនប្រើរូបថតទេ លើកលែងតែករណីនោះជារឿងធំ ពាក់ព័ន្ធបុគ្គលល្បីៗទើបគេសរសេរវែង តែគេត្រូវគោរពក្រមសីលធម៌ខ្ពស់ ពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពអំពើហិង្សា ឬឃាតកម្មជាដើមពីព្រោះគេគិតពីផលប៉ះពាល់អវិជ្ជមានផ្សេងៗ និងការគោរពសិទ្ធិបុគ្គលឯកជន។

លោកអះអាងថា អ្នកសារព័ត៌មានដែលសរសេរអត្ថបទវាយប្រហារលោកនេះ មិនបានផ្ទៀងផ្ទាត់នូវសម្តីដើមរបស់លោក ថាចង់និយាយពីអ្វី និងក្នុងបរិបទអ្វីនោះឡើយ។ ការនេះបណ្ដាលឱ្យអ្នកកាសែតជើងចាស់ជាង៣០ឆ្នាំរូបនេះ វាយប្រហារវិញថាជាភាពខ្សត់ខ្សោយខាងវិជ្ជាជីវៈដោយគ្រាន់តែលឺគេថា ហើយបន្ថែមល្បោយខ្លួនឯង តុបតែងបានជាសាច់រឿងមួយវែងអន្លាយដើម្បីវាយប្រហារអ្នកដទៃ ឬវាយប្រហារលើរាជរដ្ឋាភិបាល។

គួរជម្រាបថា លោក ប៉ែន បូណាផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានកម្ពជាថ្មីក្នុងសម្ដីដើមពីថា ញ្ហាអសន្តិសុខសង្គមដូចជាករណីចោរលួចចោរប្លន់, ឃាតកម្ម, ក្មេងទំនើង ឬករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម គឺជារឿងធម្មតាដែលប្រទេសណាក៏កើតមានដែរ ដោយប្រទេសខ្លះកើតមានតិច និងប្រទេសខ្លះកើតមានច្រើន ហើយមិនអាចជៀសផុតឡើយ។ នេះបើតាមការចុះផ្សាយពីកម្ពុជាថ្មី។

ប្រភពនេះបញ្ជាក់ការលើកឡើងរបស់លោក ប៉ែន បូណាដូច្នេះ ព្រោះកាលពេលថ្មីៗនេះ មានមតិមួយចំនួន បានលើកឡើងថា សម្រាប់ហេតុការណ៍អសន្តិសុខនៅក្នុងសង្គមមួយចំនួនដូចជាករណីចោរកម្ម, ឃាតកម្ម, ក្មេងទំនើង, ឬករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម មិនគួរបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ឬបណ្ដាញសារព័ត៌មានច្រើននោះទេ ព្រោះវានឹងប៉ះពាល់ដល់វិស័យទេសចរណ៍របស់កម្ពុជា។

លោកអះអាងថា នៅប្រទេសដទៃជាពិសេសនៅប្រទេសជឿនលឿន ដែលលោកធ្លាប់បានទៅរៀនសូត្រអំពីវិស័យសារព័ត៌មាននោះ គឺពួកគេចាត់ទុកបញ្ហាអសន្តិសុខសង្គមខាងលើនេះ ជារឿងកំប៉ិចកំប៉ុកដែលគេមិនចាប់អារម្មណ៍ យកមកសរសេរលាតត្រដាងជារឿងធំ ដូចនៅប្រទេសកម្ពុជាឡើយ។ បើគេសរសេរយ៉ាងច្រើ ២ ទៅ ៣ ឬ ៥បន្ទាត់ ដោយមិនទាំងដាក់រូបភាពផង លើកលែងតែករណីធំៗ ដែលកើតឡើងម្ដងម្កាលតែប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មានកម្ពុជាថ្មីដដែល។

សម្រាប់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រកាសដា មិនគាំទ្រឲ្យមានការផ្សព្វផ្សាយ រឿងពាក់ព័ន្ធនឹងបញ្ហាអសន្តិសុខសង្គម នៅលើបណ្ដាញសារព័ត៌មាន ឬបណ្ដាញសង្គមនោះទេ ជាពិសេសការបង្ហាញរូបថតមិនគោរពសិទ្ធិបុគ្គលឯកជន។

ទោះយ៉ាងណា ជុំវិញប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនេះ សារព័ត៌មាន The Cambodia daily មិនទាន់បង្ហាញការឆ្លើយតបបែបណាឡើយ គិតថ្ងៃល្ងាចថ្ងៃទី០៩ ខែតុលា នេះ ប៉ុន្តែករណីរីះគន់ពីមន្ត្រីរដ្ឋាភិបាលស្រដៀងនេះ កន្លងមកសារព័ត៌មានឈរជើងនៅអាមេរិកមួយនេះ តែប្រតិកម្មតាមរយៈអត្ថបទរបស់ខ្លួន៕

Share

Image
Image
Image