en     km
en     km

ស្វែងយល់ដំណោះស្រាយនៃវិបត្តិដំណេក

Share

មនុស្សយើងចាប់ពីវ័យជំទង់ត្រូវការពេលវេលាសម្រាកជាមធ្យម ៨ម៉ោង ដែលថេរវេលានេះប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់ទៀតចន្លោះពី៣ម៉ោង ទៅ១០ម៉ោង។ ដំណេកមានសារៈសំខាន់ណាស់សម្រាប់សរីរាង្គ ដើម្បីស្តារភាពនឿយហត់របស់សាច់ដុំ និង ប្រព័ន្ធប្រសាទដែលបានដំណើរការអស់រយៈពេលពេញមួយថ្ងៃ។ ដំណេកជាពេលដែលខួរក្បាលសម្អាតជាតិពុល រៀបចំនិងរក្សាទុកការចងចាំ។ បន្ថែមពីនេះ ដំណេកធម្មតារបស់មនុស្សម្នាក់ៗប្រព្រឹត្តទៅដោយចែកជាច្រើនដំណាក់កាល ដែលអាចបែងចែកបានច្បាស់លាស់ដោយការវាស់រលកចរន្តអគ្គិសនីកោសិកាខួរក្បាល ដែលនឹងប្រែប្រួលទៅតាមកម្រិតសកម្មភាពរបស់កោសិកាទាំងនោះ។ នេះយោងតាមការលើកឡើងរបស់មន្ទីរពេទ្យកាល់ម៉ែត។

តាមមន្ទីរពេទ្យកាល់ម៉ែតដដែរបានបង្ហាញថា រចនាសម្ព័ន្ធខួរក្បាលមានភារកិច្ចក្នុងការសម្របសម្រួលការភ្ញាក់ដឹងខ្លួន និង ដំណេករបស់មនុស្សម្នាក់ៗក្នុងអ៊ីប៉ូតាលាម៉ុស (Hypothalamus) និងមានអរម៉ូនជាច្រើនរួមចំណែកក្នុងនោះ (មាន Vaso-intestinal peptide, cortical lobe intermediary peptide, growth hormone, somatostatine)។

តាមការសិក្សាពីបណ្តាប្រទេសផ្សេងៗលើសកលលោកបានស្រាវជ្រាវពីវិបត្តិដំណេកដែលមានការប្រែប្រួល ចន្លោះពី ២០% ទៅ ៣៥% ក្នុងចំណោមមនុស្សទូទៅ។

តើកត្តាអ្វីខ្លះដែលអាចធ្វើឱ្យដំណេកមានការប្រែប្រួល?

បើតាមមន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញនូវកត្តា ៣ យ៉ាងដែលអាចធ្វើឱ្យដំណេកមានការប្រែប្រួលដែលក្នុងនោះមាន កត្តាសេនេទិច (Genetic)ដែលប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់។ 

មួយវិញទៀតគឺ កត្តានៃសកម្មភាពប្រចាំថ្ងៃ (Circadian) រយៈពេល និង គុណភាពនៃដំណេក ដែលអាស្រ័យយ៉ាងជិតស្និទ្ធជាមួយនឹងពេលវេលានៃការភ្ញាក់ពីដំណេក និងមានទំនាក់ទំនងជាមួយនឹងពេលថ្ងៃ ពន្លឺ និងកម្រិតសីតុណ្ហភាពក្នុងរាង្គកាយ។

បន្ថែមពីនេះ គឺកត្តាអាយុ ដែលជាទូទៅទារកកើតមកចំណាយពេល ៧៥% នៃពេលវេលាទាំងអស់សម្រាប់ដំណេករបស់ពួកគេ រហូតដល់អាយុ១៦ឆ្នាំ។ ថេរវេលានេះនឹងថយនៅត្រឹមជាមធ្យម ៨ម៉ោង ហើយចាប់ពីអាយុ ៦០ឆ្នាំទៅគុណភាពនៃដំណេកមានការថយចុះ ទោះពេលខ្លះវេលាមិនថយក៏ដោយ។ សម្រាប់មនុស្សវ័យចំណាស់ការសម្រាកពេលថ្ងៃក៏មានឥទ្ធិពលអាចបន្ថយគុណភាពនៃដំណេកពេលយប់ផងដែរ។

យ៉ាងណាមិញ ការទទួលទានដំណេកមិនបានគ្រប់គ្រាន់មានផលវិបាកមួយចំនួនដូចជា ធ្វើឱ្យយើងងោក ប៉ះទង្គិចផ្លូវអារម្មណ៍ និងថយចុះគំនិតច្នៃប្រឌិត។

ជាទូទៅការត្អូញត្អែរអំពីវិបត្តិនៃដំណេកមានពីរធំៗ គឺការសម្រាន្តមិនលក់ និង ការងងុយខ្លាំងនៅពេលថ្ងៃ។ ការសម្រាន្តមិនលក់អាចជាការលំបាកក្នុងការសម្រាន្ត សម្រាន្តមិនស្កប់ ឬជាការមានអារម្មណ៍ថាសម្រាន្តមិនគ្រប់គ្រាន់។ រីឯការងងុយគឺជាការដែលមានអារម្មណ៍ចង់តែសម្រាន្ត ពិសេសពេលស្ថិតនៅក្នុងស្ថានភាពដដែរៗ (Monotone) ។

តទៅនេះ យើងនឹងបង្ហាញពីវិធីសាស្រ្តដើម្បីកែលំអវិបត្តិដំណេកដូចតទៅ៖

ជាដំបូងអ្វីដែលសំខាន់បំផុត គឺការគោរពវដ្ដដំណេកឲ្យបានទៀងទាត់ ដោយព្យាយាមសម្រាន្ត និងភ្ញាក់ឲ្យបានទៀងពេលវេលា ដែលទម្លាប់នេះមានឥទ្ធិពលទៅលើសរីរាង្គកាយក្នុងការកំណត់គុណភាពពេលភ្ញាក់ និងពេលសម្រាកបានច្បាស់លាស់។ មួយវិញទៀត ត្រូវចំណាយពេលនៅលើគ្រែ តែពេលយប់ដើម្បីសម្រាន្តតែប៉ុណ្ណោះ។

មួយទៀតដែរដែលជាគន្លឹះពិសេសដើម្បីឱ្យរាង្គកាយងាយសម្រាន្តលក់សួ្រលបានឆាប់ គឺមុនពេលសម្រាន្តយ៉ាងតិច១ម៉ោងត្រូវបញ្ឃប់រាល់ការគិតស្មុគស្មាញ និងធ្វើការណែនាំឱ្យធ្វើកិច្ចការណាដែលប្រកបដោយភាពស្រមើស្រម៉ៃដូចជា អានសៀវភៅ ស្តាប់ភ្លេង ដែលមានលក្ខណៈស្រទន់ៗជាដើម ដើម្បីកុំឱ្យមានការភ្ញាក់ក្នុងពេលសម្រាន្ត ព្រោះដំណេកដូចជាការឆ្លងកាត់ពីពិភពពិតទៅពិភពសុបិន្ត។

ក្រៅពីនេះ ហាត់ប្រាណពេលរសៀលចន្លោះពី ៥ឬ៦ម៉ោងមុនពេលសម្រាន្ត និងងូតទឹក ១ឬ២ម៉ោងមុនសម្រាន្តដែលអាចជួយបន្ថយកំដៅខ្លួន ក៏អាចសម្រួលដល់ការលង់លក់ដែរ។ ក្នុងនោះបរិយាកាសជុំវិញខ្លួនក្នុងពេលសម្រាន្តទាក់ទងនឹងកម្តៅ សំឡេង ពន្លឺ ក៏មានសារៈសំខាន់ផងដែរ។

ចុងក្រោយគឺកត្តាចំណីអាហារពេលល្ងាច ដែលគួរទទួលទានអាហារណាដែលប្រព័ន្ធរំលាយអាហារងាយស្រួលកិនពេលជៀសវាងជាតិសុរា កាហ្វេ និងបារី ជាដើម។ ករណីប្រសិនបើវិធីសាស្រ្តខាងលើពុំសូវមានប្រសិទ្ធភាពចំពោះខ្លួនអ្នក អ្នកគួរទៅពិគ្រោះយោបល់ជាមួយគ្រួពេទ្យជំនាញ។

តើពេលណាដែលអ្នកគួរជួបពិគ្រោះជាមួយគ្រូពេទ្យ?

ចំពោះអ្នកដែលមានវិបត្តដំណេក ពេលដែលអ្នកគួរជួបពិគ្រោះជាមួយគ្រូពេទ្យ នៅពេលដែលការសម្រាន្តនោះកាន់តែរំខានទៅៗ អ្នកពុំគួរពិសារថ្នាំងងុយគេងទេដោយមិនបានជួបពិគ្រោះជាមួយគ្រូពេទ្យជាមុននោះទេ។ ការជួបពិគ្រោះជាមួយគ្រូពេទ្យមានសារៈសំខាន់ណាស់ ព្រោះគ្រូពេទ្យអាចវាយតម្លៃបានថា វិបត្តិនៃការសម្រាន្តនោះជាស្ថានភាពបណ្តោះអាសន្នមិនធ្ងន់ធ្ងរ ឬអាចជារោគសញ្ញានៃជំងឺណាមួយដែលតម្រូវឱ្យធ្វើការរុករកមូលហេតុវេជ្ជសាស្ត្រជាបន្តទៅទៀត៕

Share

Image
Image
Image